អានតួអត្ថបទ
កូវីដ១៩-សិទ្ធិមនុស្ស

ទិវា១០ធ្នូ៖ សង្គមស៊ីវិលខ្លះរៀបចំតាមអនឡាញ និងខ្លះទៀតពន្យារពេល

អង្គការ​សង្គម​ស៊ីវិល​ខ្លះ នឹងប្រារព្ធខួប៧២ឆ្នាំនៃទិវាសិទ្ធិមនុស្ស១០ធ្នូនៅពេលខាងមុខ ​តាម​រយៈការ​ប្រជុំគ្នា​តាម​​​អនឡាញ ចំណែក​អង្គការ និងសមាគម​មួយ​ចំនួន​ទៀត ពន្យារ​ប្រារព្ធទិវានេះ។ ការ​បត់​បែន​យ៉ាងដូច្នេះ គឺដោយសារតែអាជ្ញាធរពាក់ព័ន្ធ​មិនអនុញ្ញាតឲ្យមានការ​ជួបជុំ​មនុស្ស​ច្រើនឡើយ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ១៩​នៅក្នុង​សហគមន៍បន្ថែមទៀត។

ទិវា១០ធ្នូ៖សង្គមស៊ីវិលខ្លះរៀបចំតាមអនឡាញ និងខ្លះទៀតពន្យារពេល
ទិវា១០ធ្នូ៖សង្គមស៊ីវិលខ្លះរៀបចំតាមអនឡាញ និងខ្លះទៀតពន្យារពេល © RFI
ផ្សាយពាណិជ្ជកម្ម

លោក ថេង សាវឿន ជាប្រធាន​បណ្តាញសហគមន៍កសិករ​បានប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នៅថ្ងៃ​អាទិត្យនេះថា ការប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​នៅតែ​ធ្វើ​ទៅបាន​តាមរយៈ​ការ​ប្រជុំ​គ្នា​តាម​អនឡាញ ដោយមានវាគ្មិន​ជជែកគ្នាតាមបណ្តាញសង្គម ព្រម​គ្នា​ជាមួយការផ្សាយផ្ទាល់ដោយ​មាន​ប្រធានបទ​ផ្សេងៗគ្នា។ ចំណែក​ប្រជាពលរដ្ឋនៅតាម​សហគមន៍ ពួកគេ​នឹងជួបជុំគ្នាក្រោម​២០នាក់ ដោយ​​អនុវត្តទៅតាម​វិធានសុខាភិបាល។ ហើយអ្វីដែលជាសារ ឬជាកង្វល់​របស់ប្រជាហគមន៍ ពួកគេនឹង​ត្រូវ​លើកឡើង​តាម​បដា​ផ្សេង​ៗ។

គួររំឭកថា នៅមុនមាន​ព្រឹត្តិការណ៍សហគមន៍២៨​វិច្ឆិកា​ ក្រុម​អង្គការ​សង្គមស៊ីវិល​បាន​ស្នើ​រៀបចំទិវាសិទ្ធិមនុស្ស​នៅទីលាន​ប្រជាធិបតេយ្យ​ដោយ​គ្រោង​មនុស្ស​ចូលរួម​១៥០០នាក់។​

​ជាមួយគ្នានេះ លោក វន់ ពៅ ប្រធានសមាគម​ប្រជាធិតេយ្យ​ឯក​រាជ្យ​នៃ​សដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​គ្រោង​ប្រារព្ធទិវា១០​ធ្នូ​នៅក្រុង​ប៉ោយ​ប៉ែត ក៏បានបញ្ជាក់ថា ​លោក​នឹង​ពន្យាពេល​រៀប​ចំពិធីនេះ​ទៅ​ថ្ងៃទី២០​ធ្នូវិញ។

ការ​ផ្លាស់ប្ដូរ​បត់​បែន​បែបនេះ គឺដោយសារតែ កាលពីថ្ងៃទី៣០វិច្ឆិកា អាជ្ញាធរខេត្តបន្ទាយមានជ័យនិងអាជ្ញាធរ​រាជធានីភ្នំពេញ​បានបញ្ជាក់​ជំហរដូចគ្នាថា​ មិនអនុញ្ញាតឲ្យមានការ​ជួបជុំ​មនុស្ស​ច្រើន​ក្នុង​ការរៀប​ចំ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូខួប​លើកទី៧២នៅពេល​ខាងមុខទេ។ ហេតុផលរបស់​អាជ្ញាធរ​គឺ​ដើម្បី​បង្កា​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ១៩​នៅក្នុង​សហគមន៍បន្ថែមទៀត ខណៈជំងឺនេះ​កំពុង​រាល​ដាល​ទៅក្នុងសហគមន៍មិន​ទាន់​អាច​គ្រប់​គ្រង​បាន។

ដោយ​ផ្អែកលើ​បញ្ហាកូវីដ១៩ អាជ្ញាធរ​រាជធានីភ្នំពេញ បានស្នើ​ឲ្យ​ខាងអង្គការ​សង្គមស៊ីវិល​ដែល​គ្រោង​ជួបជុំ​មនុស្ស​១៥០០នាក់​នៅទី​លាន​ប្រជាធិបតេយ្យ​នោះ ពន្យា​ពេល​ប្រា​រព្ធទិវានេះ។ បើតាមអាជ្ញាធរ​រាជធានីភ្នំពេញ នៅពេលដែល​ស្ថាន​ភាព​អាច​គ្រប់​គ្រងបាន​ អង្គការ​សង្គម​ស៊ីវិល​អាច​ដាក់​លិខិត​ស្នើ​សុំ​ប្រារព្ធទិវាសិទ្ធិ​មនុស្ស​១០ធ្នូ​នេះសារជាថ្មី​។

ដោយ​ឡែក​អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ​វិញ មិន​ត្រឹម​តែ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​លោក វន់ ពៅ លោក មឿន តុលា និង​លោក​ ឌិន ពុទ្ធី រៀប​ចំទិវា​សិទ្ធិមនុស្ស​នៅក្រុង​ប៉ោយ​ប៉ែត​ប៉ុណ្ណោះទេ គឺ​ថែម​ទាំងបានព្រមាន​ចាត់​វិធានការតាម​ផ្លូវ​ច្បាប់ ប្រសិន​បើមានការជួបជុំ។ នេះ​យោង​តាម​​លិខិត​របស់​អាជ្ញាធរ​​ខេត្ត​បន្ទាយ​មានជ័យ​នៅថ្ងៃទី៣០​វិច្ឆិកា២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ