អានតួអត្ថបទ
កម្ពុជា-កូវីដ ១៩

កូវីដ ១៩៖ រកឃើញ ១០ករណីថ្មី ខណៈចំនួន​ឆ្លងក្នុង​សហគមន៍​កើន​ដល់ ២៩​នាក់​

ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នក​ឆ្លងជំងឺកូវីដ ១៩​ថ្មី ចំនួន ១០​នាក់​ទៀត នៅថ្ងៃទី ៤ខែធ្នូម្សិលមិញ ខណៈអ្នក​ជាសះស្បើយ បាន​កើន​ឡើង ១នាក់ដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹក​ថ្ងៃសៅរ៍ ទី ៥ខែធ្នូ ឆ្នាំ ២០២០ នេះ ដោយ​បញ្ជាក់ថា ក្នុងចំណោម​ទាំង ១០​នាក់ឆ្លងថ្មី មាន ៦នាក់ជាបុគ្គលិក​ក្នុងហាង Pedro ដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ខណៈ ៤នាក់ទៀត គឺជា​ករណីនាំចូលពីក្រៅប្រទេស។ យោង​តាម​លទ្ធផល​នេះ ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លងក្នុង​សហគមន៍ គិត​មក​ដល់​ពេលនេះ បាន​កើន​ឡើង​ដល់ ២៩​នាក់។​

ការ​វាស់​កម្ដៅ​ជា​វិធានការ​បង្ការ​មួយក្នុង​ចំណោម​វិធានការ​ដទៃ​ទៀត ​ដែល​កម្ពុជា​ដាក់​ចេញ​​ដើម្បី​បង្ការ​កូវីដ​១៩​។
ការ​វាស់​កម្ដៅ​ជា​វិធានការ​បង្ការ​មួយក្នុង​ចំណោម​វិធានការ​ដទៃ​ទៀត ​ដែល​កម្ពុជា​ដាក់​ចេញ​​ដើម្បី​បង្ការ​កូវីដ​១៩​។ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសៅរ៍នេះ បាន​ឲ្យ​ដឹង មនុស្ស ៤នាក់ថ្មី ដែលបាន​ឆ្លងជំងឺកូវីដ ១៩ គឺជាអ្នក​ដំណើរ​ចូលមក​កម្ពុជា ដែលមិន​ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នោះទេ។ អ្នក​ទាំង ៤នាក់ មានជនជាតិ​ខ្មែរ ១នាក់ ដែល​បានធ្វើដំណើរមក​ពីប្រទេសចិន និងមកដល់កម្ពុជា កាលពីថ្ងៃទី ២០ខែវិច្ឆិកា ដោយលទ្ធផល​ធ្វើតេស្ត​សំណាក​របស់គាត់ នៅថ្ងៃទី ១៣នៃការធ្វើចត្តាឡីស័ក ទើប​មានលទ្ធផល​វិជ្ជមាន​កូវីដ ១៩។ ចំណែក​ ៣នាក់​ទៀត គឺជា​បុរស​ជនជាតិ​អាមេរិក ដែល​មាន​ធ្វើដំណើរ​មក​ពីប្រទេសចិន និង​បន្ត​ជើងហោះ​ហើរ​ពីប្រទេសចិនជាដើម​។​

រីឯ​មនុស្ស​ ៦នាក់​ ដែល​បាន​ពាក់ព័ន្ធ​នឹង​ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» គឺជាបុគ្គលិក​ក្នុង​ហាង Pedro នៅផ្លូវ​ព្រះសីហនុ ដែល​ជាអ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយអ្នក​ជំងឺ ជា​ស្ត្រី​វ័យ ២១ឆ្នាំ ដែលបាន​រក​ឃើញ​មាន​ផ្ទុក​ជំងឺកូវីដ ១៩ កាលពីថ្ងៃទី ២ខែធុ្នូកន្លងទៅ។​

យ៉ាងណាមិញ ជាមួយនឹង​ដំណឹងអ្នក​ឆ្លងថ្មី ក៏មាន​ការកើន​ឡើង​នូវចំនួន​អ្នក​ជាសះ​ស្បើ​យ​ថ្មី ១នាក់​ទៀតដែរ! អ្នក​ជាសះស្បើយ​ថ្មី គឺជា​ស្ត្រី​ជនជាតិ​ខ្មែរ អាយុ ៤៩​ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​មក​ពីសហរដ្ឋអាមេរិក និង​បាន​មក​ដល់កម្ពុជា កាលពីថ្ងៃទី ១៦ខែវិច្ឆិកា។

ដូច្នេះ គិត​ត្រឹម​ថ្ងៃទី ៥ខែធ្នូ ឆ្នាំ ២០២០​នេះ ចំនួន​អ្នក​ឆ្លងកូវីដ ១៩ ជាសរុប នៅកម្ពុជា បាន​កើន​ឡើង​ដល់ ៣៤៥​នាក់ ដោយ​ក្នុងនោះ មានស្ត្រី ៨០​នាក់ និង​បុរស ២៦៥នាក់។ និយាយ​ដោយ​ឡែក តែសម្រាប់ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» គឺមាន​អ្នក​ឆ្លង​សរុប ២៩​នាក់ គិត​មក​ដល់ពេលនេះ ក្រោយ​ពេល​ក្រសួងសុខាភិបាល បាន​ធ្វើ​តេស្ត​លើ​អ្នក​ប៉ះពាល់ បាន​ចំនយន ១០,១៤៧នាក់ ចន្លោះពីថ្ងៃទី ២៩​ខែវិច្ឆិកា ដល់ ៣ធ្នូ ឆ្នាំ ២០២០។ រីឯ អ្នក​ជាសះស្បើយ​វិញ បាន​កើន​ឡើងដល់ ៣០៥នាក់ ដោយ​មាន​ស្រ្តី ៦២នាក់ និង​បុរស ២៤៣នាក់៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ