អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

កូវីដ១៩ក្នុងសហគមន៍៖ សមាជិករដ្ឋសភា និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មួយចំនួនបន្តធ្វើចត្តាឡីស័ក

ករណី​ឆ្លង​នៅ​ក្នុង​សហគមន៍​ដំបូង​របស់​កម្ពុជា​ បាន​ធ្វើ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​មួយ​ចំនួន​ រួម​និង​ប្រធាន​រដ្ឋសភា​ ​និង​សមាជិក​សភា​ផង​ ត្រូវ​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​។ ប៉ុន្តែ​ការ​ធ្វើ​ចត្តាឡីស័ក​នេះ​ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ការងារ​នោះ​ទេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នាំ​ពាក្យ​នា​ថ្ងៃ​ទី​២​ ខែ​ធ្នូ​នេះ​។

ទិដ្ឋភាពប្រជុំនៅរដ្ឋសភា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងទៅ
ទិដ្ឋភាពប្រជុំនៅរដ្ឋសភា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងទៅ © FB
ផ្សាយពាណិជ្ជកម្ម

ប្រធានរដ្ឋសភា លោក ហេង សំរិន រួមនឹងតំណាងរាស្ត្រ និងមន្ត្រីរដ្ឋសភាមួយចំនួនទៀត បានធ្វើចត្តាឡីស័ក និងធ្វើតេស្តរកកូវីដ១៩ បន្ទាប់ពីតំណាងរាស្ត្រម្នាក់ គឺ លោក ឡួយ សុផាត បានប្រស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ និងបានចូលរួមសម័យប្រជុំពេញអង្គ ដែលមានអ្នកចូលរួមចំនួន ១១៦នាក់ និងមន្ត្រីរាជការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល មកការពារច្បាប់មួយចំនួនទៀត កាលពីថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅ។

លោក ឡូយ សុផាត ជាតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថាលទ្ធផលតេស្តកូវីដ១៩ របស់លោក គឺអវិជ្ជមាន ប៉ុន្តែពេលនេះ លោកបានធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខភិបាលនៅឯគេហដ្ឋានរបស់លោកក្នុងក្រុងភ្នំពេញ។

លោក ឡេង ប៉េងឡុង ​អគ្គ​លេខា ​និង​ជាអ្នក​នាំ​ពាក្យ​រដ្ឋសភា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនាថ្ងៃទី២ ខែធ្នូនេះថា ការធ្វើចត្តាឡីស័ករបស់ប្រធានរដ្ឋសភា និងតំណាងរាស្ត្រ មិនបានធ្វើឲ្យប៉ះពាល់ដល់ការងាររបស់សភានោះទេ ដោយសារតែមានអ្នកប្រចាំការ និងធ្វើការងារតាមអនឡាញ។ លោកបញ្ជាក់ថា មន្ត្រីដែលមិនធ្វើចត្តាឡីស័ក ឬមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨ វិច្ឆិកា ត្រូវមករដ្ឋសភាបំពេញការងារ តែត្រូវអនុវត្តតាមវិធានសុខាភិបាល ដើម្បីបង្ការកូវីដ១៩។ បើតាមលោក ឡេង ប៉េងឡុង ក៏មានកិច្ចប្រជុំមួយចំនួនរបស់រដ្ឋសភាត្រូវលើកពេលផងដែរ។

ក្រៅពីសមាជិកសភា រដ្ឋមន្ត្រីមួយចំនួន ដែលរួមមានលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមនិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត ត្រូវធ្វើចត្តាឡីស័ក បន្ទាប់ពីកម្ពុជាផ្ទុះឡើងករណីឆ្លងកូវីដ១៩ នៅក្នុងសហគមន៍ដំបូង។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានប្រាប់វិទ្យុបារាំង ថាពេលនេះលោកមិនមានតួលេខពីមន្ត្រីរដ្ឋាភិបាល​ ដែលបានធ្វើចត្តាឡីស័កទេ។ ប៉ុន្តែលោកបានបញ្ជាក់ថា ការធ្វើចត្តាឡីស័ករបស់មន្ត្រីរដ្ឋាភិបាលនឹងមិនប៉ះពាល់ដល់ការងារ​របស់រដ្ឋាភិបាលខ្លាំងនោះទេ ដោយសារការបំពេញការងារត្រូវធ្វើតាមអនឡាញ។ ដោយឡែក ការងារ ដែលមានការជួបជុំមនុស្សចាប់ពី២០នាក់ឡើងទៅ គឺមិនត្រូវបានអនុញ្ញាតឲ្យធ្វើនៅតាមស្ថាប័នរដ្ឋឡើយ ដើម្បីជៀសវាងហានិភ័យ។

គិត​ត្រឹម​ថ្ងៃ​ទី​០២ ខែ​ធ្នូ​នេះ​ ព្រឹត្តិការណ៍​កូវីដ១៩​ ក្នុង​សហគមន៍​ដំបូង​របស់​កម្ពុជា​បាន​បណ្តាល​ឲ្យ​មនុស្ស​ ១៧​នាក់​វិជ្ជមាន​កូវីដ១៩​។ ​បើ​តាម​ក្រសួង​សុខាភិបាល​ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងចំនួន ៨,២១២នាក់។

សូមជម្រាបជូនថាកម្ពុជាបានរកឃើញករណីកូវីដ១៩សរុបចំនួន៣២៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀង និងមណ្ឌលសុខភាពចាក់អង្រែ សរុប ចំនួន២៥នាក់៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ