អានតួអត្ថបទ
កម្ពុជា-នយោបាយ

សំណុំរឿងរួមគំនិតក្បត់៖ថ្នាក់ដឹកនាំអតីតបក្សប្រឆាំងបដិសេធក្រុមមេធាវីដែលផ្តល់ដោយគណៈមេធាវីកម្ពុជា

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែកនេះ​ ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើកសវនាការ​លើ​សំណុំរឿង​រួមគំនិតក្បត់​ ​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​លើ​ម​ន្រ្តី ​និង​សកម្មជន​អតីត​គណបក្ស​ស​ង្រ្គោះ​ជាតិ​ជាង​១​០​០​នាក់​។​ ​ម្សិលមិញ​ ​គណៈ​មេធាវី​កម្ពុជា​បាន​សម្រេច​ផ្តល់​មេធាវី​ចំនួន​៦​រូប​ ​ដើម្បី​ចូលរួម​ការពារ​ក្តី​ដល់​ពួកគេ​។​ ​ប៉ុន្តែ​ ​ម​ន្រ្តី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​បដិសេធ​ក្រុម​មេធាវី​ទាំងនេះ​ ​ដោយ​អះអាង​ថា​ ​ពួកគេ​មានលទ្ធភាព​ក្នុង​ការ​ពឹងពាក់​មេធាវី​ដោយខ្លួនឯង​។

អតីតទីស្នាក់ការបក្សនៃអតីតគណបក្សសង្រ្គោះជាតិ
អតីតទីស្នាក់ការបក្សនៃអតីតគណបក្សសង្រ្គោះជាតិ © សហការី
ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុងលិខិតបដិសេធនៅថ្ងៃទី២៤ ខែវិច្ឆិកា ក្រុមមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិមានជាអាទិ៍ លោកស្រីជូឡុង សូមូរ៉ា លោកស្រីមួរ សុខហូរ លោកអេង ឆៃអ៊ាង និងលោកហូរ វណ្ណ ជាដើម បានបដិសេធមិនទទួលយកក្រុមមេធាវីដែលចាត់តាំងមកចូលរួមការពារក្តីដល់ពួកគេពីសំណាក់គណៈមេធាវីកម្ពុជានោះទេ។ បើតាមពួកគេ គឺពួកគេមានសិទ្ធិ និងមានលទ្ធភាពក្នុងការពឹងពាក់មេធាវីដោយខ្លួនឯងបាន ដើម្បីការពារនៅក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់ពួកគេ។

គណៈមេធាវីកម្ពុជាកាលពីថ្ងៃទី២៤ ខែវិច្ឆិកាតាមរយៈសេចក្តីប្រកាសព័ត៌មានបានសម្រេចផ្តល់មេធាវីចំនួន៦រូប ដើម្បីចូលរួមការពារក្តីដល់មន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិនៅក្នុងសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា។ គណៈមេធាវីកម្ពុជាបានអះអាងថា ការផ្តល់មេធាវីនេះ គឺធ្វើឡើងតាមការស្នើសុំរបស់សាលាដំបូងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែ ក្រុមមន្រ្តីជាន់ខ្ពស់នៃអតីតបក្សប្រឆាំងមិនពេញចិត្តនឹងការចាត់ចែងនេះឡើយ។ ពួកគេបានគូសបញ្ជាក់ថា ការយឺតយ៉ាវរកមេធាវីការពារក្តីរបស់ពួកគេ គឺបណ្តាលមកពីតុលាការមិនបានកោះហៅពួកគេតាមពេលវេលាដែលបានកំណត់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ហើយថា ពួកគេមិនបានដឹងពីបទចោទមកលើខ្លួនថែមទៀត។

លោកសំ សុគង់ មេធាវីការពារក្តីឱ្យមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ក្រុមមេធាវីរបស់គណៈមេធាវីកម្ពុជាគួរតែដកខ្លួនចេញពីសំណុំរឿងនេះ ព្រោះកូនក្តីបានបដិសេធមិនទទួលយកទៅហើយ។ លោកបន្តថា បើសិនពួកគេ នៅតែបន្តចូលរួមការពារក្តីទាំងដែលកូនក្តីមិនបានពឹងពាក់នោះ គឺនឹងនាំសវនាការប្រព្រឹត្តទៅដោយមិនត្រឹមត្រូវ ​និង​មិនអាចផ្តល់យុត្តិធម៌ដល់កូនក្តី។ យ៉ាងណាក៏ដោយ លោកមេធាវីសំ សុគង់ បានគូសបញ្ជាក់ថា បើសិនពួកគេនៅចូលរួមនៅក្នុងសវនាការនោះ គឺរូបលោកនឹងស្នើទៅកាន់តុលាការដោយផ្ទាល់ឱ្យពួកគេដកខ្លួនចេញតាមការចង់បានរបស់កូនក្តីរបស់លោក។

សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែវិច្ឆិកាស្អែក តុលាការសាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាកាសួរឆ្លើយលើមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិពាក់ព័ន្ធនឹងសំណុំរឿង«រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ។ គិតដល់ពេលនេះ គឺមន្រ្តី និងសកម្មជនអតីតបក្សប្រឆាំងប្រមាណ១៤០នាក់ហើយត្រូវបានតុលាការប្រកាសកោះហៅឱ្យចូលមកតុលាការ។ ពួកគេទាំងនេះ ខ្លះនៅក្រៅប្រទេស និងខ្លះនៅតាមខេត្តនានានៅក្នុងប្រទេសកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ