អានតួអត្ថបទ
កម្ពុជា

អូស្ដ្រាលី​ប្រកាស​ផ្ដល់ជំនួយ​វ៉ាក់សាំងកូវីដ​១៩​ដល់​កម្ពុជា ​នៅពេល​ WHO​ ប្រកាស​ដាក់​អោយ​ប្រើប្រាស់​ជាផ្លូវ​ការ

អូស្រ្តាលី​ថា ​នឹង​ផ្ដល់​ជំនួយ​វ៉ាក់សាំង ​COVID-19 ​ដល់​កម្ពុជា ​ក្រោយអង្គការ​សុខភាពពិភពលោក​ (WHO) ​ប្រកាស​ដាក់​ឱ្យប្រើប្រាស់​ COVAX ​ជាផ្លូវការ​នៅពេល​ខាង​មុខនេះ​។ ​គួរជំរាបជូនថា ​ចាប់ពី​ឆ្នាំ​២០០៧​មក ​ប្រទេស​អូស្រ្តាលី ​បានផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ដល់​កម្ពុជា​លើ​វិស័យ​សុខាភិបាល​ ដែល​មានទឹកប្រាក់​ប្រមាណ​១៤៥​លាន​ដុល្លារអូស្រ្តាលី ​ហើយនឹងបន្ត​ផ្តល់​បន្ថែមទៀត​រហូតដល់​ឆ្នាំ២០២១។​ 

ប្រជាជនកម្ពុជាក្នុងអំឡុងពេលវត្តមាននៃវីរុសកូរ៉ូណា ឬហៅថា កូវីដ១៩
ប្រជាជនកម្ពុជាក្នុងអំឡុងពេលវត្តមាននៃវីរុសកូរ៉ូណា ឬហៅថា កូវីដ១៩ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

ការប្រកាស​ផ្តល់ជំនួយ​វ៉ាក់សាំង​កូវីដ​១៩​ដល់​កម្ពុជា​នេះ ​បានធ្វើឡើង​នៅក្នុង​ជំនួប​រវាង​ឯកអគ្គ​រដ្ឋទូត​ប្រទេស​អូស្រ្តាលី​ប្រចាំកម្ពុជា ​លោក​ Pablo Kang ​ជាមួយ​រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​កម្ពុជា​ លោក ម៉ម ប៊ុនហេង ​កាលពី​រសៀល​ ថ្ងៃទី ​២០ ​វិចិ្ឆកា​។

​នៅក្នុង​ជំនួប​ដែលធ្វើឡើង​នៅឯទីស្តីការ​ក្រសួង​សុខាភិបាល​នោះ ​ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្រ្តាលី​ប្រចាំកម្ពុជា ​លោក Pablo Kang ​បានថ្លែងថា​ ប្រទេស​របស់ខ្លួន ​នឹង​ផ្ដល់​ជំនួយវ៉ាក់សាំង ​COVID-19​ ដល់​កម្ពុជា ​នៅពេល​ដែល​អង្គការ​សុខភាពពិភពលោក​ (WHO) ​ប្រកាស​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​នៅពេល​ខាងមុខ​។

​បើតាម​ឯកអគ្គរដ្ឋទូត​រូបនេះ ​រដ្ឋាភិបាល​អូស្ត្រាលី ​បាន​ប្រកាស​ផ្ដល់ជំនួយ​ជាថវិកា​ចំនួន​៥០០​លាន​ដុល្លារ​អូស្ដ្រាលី ​ដល់កម្មវិធីកូវ៉ាក់ ​(COVAX) ​ដែលជា​គម្រោង​នៃកិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​និង​ចែកចាយ​វ៉ាក់សាំង​ COVID-19​ ដែល​ផ្ដួចផ្ដើមឡើង​ដោយ​អង្គការ​សុខភាពពិភពលោក ​(WHO) ​នៅពេល​ដែលវ៉ាក់សំាង​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩​ មាន​ប្រសិទ្ធភាព​អាចប្រើ​ប្រាស់​បាន​ និង​អាចទទួលបាន ​ដើម្បីយកមក​ផ្ដល់ជូន​ដល់ប្រទេស​ក្នុងតំបន់​អាស៊ីអាគេ្នយ៍ ​និង​ប៉ាស៊ីហ្វិច ​ដែលក្នុងនោះ ​ក៏មាន​កម្ពុជា​ផងដែរ​។

គួរជំរាប​ជូនថា ​ចាប់ពី​ឆ្នាំ​២០០៧​មក​ រដ្ឋាភិបាល​អូស្ត្រាលី ​បានផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​លើ ​វិស័យ​សុខាភិបាល​ដល់​កម្ពុជា​ ក្នុងទំហំទឹកប្រាក់​ប្រមាណ​១៤៥​លាន​ដុល្លារ​អូស្រ្តាលី ​ក្នុងក្របខណ្ឌ​ទ្វេភាគី ​ហើយ​នឹង​បន្តផ្តល់​ចំនួន ​២៨.៩លាន​ដុល្លារ​អូស្រ្តាលី​បន្ថែមទៀត​ក្នុងរយៈពេល​៥​ឆ្នាំ ​ពោលគឺ​រហូតដល់​ឆ្នាំ២០២១​។​

ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្រ្តាលី​ប្រចាំកម្ពុជា ​បានថ្លែង​បញ្ជាក់ថា​ វ៉ាក់សាំង​បច្ចុប្បន្ននេះ ​គេកំពុង​ពិនិត្យ​មើល​ប្រសិទ្ធិភាព​និង​សមត្ថភាព​ នូវប្រភេទ​វ៉ាក់សាំង​សម្រាប់ការ​ប្រើប្រាស់​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​មានការ​វាយតម្លៃ​ពីអង្គការ​សុខភាព​ពិភពលោក​។

គួរជំរាបជូនដែរថា​ ក្រៅពីប្រទេស​អូស្ត្រាលី ​កម្ពុជាក៏​ទទួលបាន​ការសន្យាជួយ​ពីប្រទេស​រុស្ស៊ី​ ក្នុងការ​ផ្តល់វ៉ាក់​សាំងការពារ​ជំងឺកូវីដ​១៩នេះ​ដែរ​ កាលពីដើម​ខែតុលា​កន្លង​ទៅ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ