អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

សេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ

​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ខាងត្បូង​ ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២​០​២​០​ ​ខណៈ​ភាគី​ទាំង​ពី​​​រ​កំពុង​បន្ត​ចរចា​ជុំ​ទី​៤​ ​នាស​ប្តាហ៍​នេះ​។​ ​នេះ​បើ​តាម​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែវិច្ឆិកា​នេះ​។​ ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ ​ដែល​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ ​ផ្តោត​សំខាន់​ទៅលើ​ការកំណត់​ទូទៅ​, ​បញ្ហា​ពន្ធ​, ​និង​ការ​ភ្ជាប់​ទៅកាន់​ទី​ផ្សារ​នៃ​ប្រទេស​ទាំងពីរ​ ​រួម​នឹង​បញ្ហា​មួយ​ចំនួន​ទៀត​។​

រូបភាពតំណាង
រូបភាពតំណាង © Internet
ផ្សាយពាណិជ្ជកម្ម

កម្ពុជា និងកូរ៉េខាងត្បូងចាប់ផ្តើមចរចាជាលើកទី៤ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលធ្វើឡើងរយៈពេល៣ថ្ងៃ គិតចាប់ថ្ងៃពុធ សប្តាហ៍នេះ។ នេះបើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េយ៉ុនហាប់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។

លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់វិទ្យុបារាំងនៅថ្ងៃទី១៩ ខែវិច្ឆិកា នេះថា កម្ពុជាព្យាយាមធ្វើយ៉ាងណាបញ្ចប់ការចរចានៅក្នុងឆ្នាំ២០២០ ប៉ុន្តែគឺអាស្រ័យលើបញ្ហានៅសេសសល់ ហើយបើការចរចានៅជុំទី៤អាចបញ្ចប់នូវបញ្ហា ដែលនៅសេសសល់ និងកំពុងពិភាក្សាបាន នោះការចរចានឹងបញ្ចប់។​

លោកបន្ថែមថា បើទោះបីជាបញ្ចប់ការចរចានៅក្នុងឆ្នាំនេះ ក៏ភាគីទាំងពីរមិនអាចចុះកិច្ចព្រមព្រៀងនៅក្នុងឆ្នាំនេះដែរ។ ប៉ុន្តែ កម្ពុជាសង្ឃឹមថានឹងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗ ប៉ុន្តែមិនអាចកំណត់ពីពេលវេលាជាក់នាពេលនេះបានទេ។ លោក ឡុង កែមវិចិត្រ បានអះអាងបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េ នឹងបើកទីផ្សារកម្ពុជាបន្ថែមទៀត ក៏ដូចជាជំរុញការនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជានឹងអនុញ្ញាតឲ្យក្រុមហ៊ុនរកស៊ីរបស់កូរ៉េខាងត្បូង​ អាចបង្កើនទំហំរបស់ខ្លួនបន្ថែមទៀត ក្នុងទីផ្សាររបស់ប្រទេសអាស៊ីអាគ្នេយ៍ ដែលកំពុងតែមានការលូតលាស់គួរឲ្យកត់សម្គាល់។

ជាការកត់សម្គាល់ កន្លងមកភាគីទាំងពីរបានចរចាជាមួយគ្នាចំនួន៣ដងរូចមកហើយក្នុងឆ្នាំនេះ ហើយភាគីទាំងពីរ គ្រោងនឹងបញ្ចប់សេចក្តីព្រាងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម នាដំណាច់ឆ្នាំនេះផងដែរ។  កម្ពុជា និងកូរ៉េខាងត្បូងបានផ្តើមសិក្សារួមគ្នា​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កាលពីដើមឆ្នាំ២០២០ រហូតដល់ពាក់កណ្តាលឆ្នាំ ហើយនៅខែកក្កដា ភាគីទាំងពីរបានប្រកាសចរចាកិច្ចព្រមព្រៀងនេះ។

គួរបញ្ជាក់ថានៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង គឺមានប្រមាណ ១.០៣ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើងប្រមាណ ៦%ធៀបនឹងឆ្នាំ២០១៨។ កម្ពុជាគឺជាទីផ្សារនាំចេញលំដាប់ទី៥៨របស់កូរ៉េខាងត្បូង។  

សូមជម្រាបជូនថា កាលពីថ្ងៃទី១២ ខែ តុលា កន្លងទៅ​ កម្ពុជា និង ចិន បានចុះ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​​ជា​ផ្លូវការ​​។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន​ គឺ​ជាកិច្ចព្រមព្រៀង​លើក​ទី​១​ហើយ​ដែល​កម្ពុជា​សម្រេច​បាន​ជាមួយ​បរទេស​។ រដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា​ ក្រោយ​មាន​កិច្ច​ព្រមព្រៀង​នេះ​ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ចិន​នឹង​មាន​ការ​កើន​ឡើង​២៥%​បន្ថែម​ទៀត​។

រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ក្រៅពីប្រទេសចិន និង កូរ៉េខាងត្បូងនេះ កម្ពុជាក៏គ្រោងនឹងធ្វើការចរចាយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀត តួយ៉ាង អង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា និង សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU)។ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាជាមួយប្រទេសគោលដៅទាំងអស់នេះរួចរាល់អស់ហើយដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ