អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

មន្ត្រី អ.ស.ប ស្នើជាថ្មីឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុកបុកម្នេញដល់អ្នកការពារសិទ្ធមនុស្ស

ជា​ថ្មី​ម្តង​ទៀត​ អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​(អ.ស.ប)​ ស្តី​ពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិមនុស្ស​ នៅ​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​នេះ​ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ ចំពោះ​ការ​បង្ក្រាប​ទៅ​លើ​សង្គម​ស៊ីវិល​ និង​ការ​វាយ​ប្រហារ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​ ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​។ ការ​លើកឡើង​របស់​មន្ត្រី​ អ.ស.ប ​ដូច្នេះ​ ធ្វើឡើង​បន្ទាប់​ពី​លោក​ រ៉ុង ឈុន ​និង​សកម្មជន​ដទៃ​ទៀត​កំពុង​រង​ការ​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​នៅ​ឡើយ​ ខណៈ​ដែល​សកម្មជន​ទាំង​អស់​នោះ​ បាន​ធ្វើ​សកម្មភាព​ផ្សេងៗ​គ្នា​ ដែល​អាជ្ញាធរ​យល់​ថា​មិន​ស្រប​តាម​ច្បាប់​។

ស្រ្តីម្នាក់ត្រូវបានអាជ្ញាធរច្រានដួលទៅលើដី អំឡុងពេលធ្វើបាតុកម្មស្នើឲ្យដោះលែងលោក រ៉ុង ឈុន
ស្រ្តីម្នាក់ត្រូវបានអាជ្ញាធរច្រានដួលទៅលើដី អំឡុងពេលធ្វើបាតុកម្មស្នើឲ្យដោះលែងលោក រ៉ុង ឈុន © Special Rapporteur Cambodia
ផ្សាយពាណិជ្ជកម្ម

«ខ្ញុំមានការព្រួយបារម្ភចំពោះរបាយការណ៍ ដែលអាចជឿទុកចិត្តបានថា មានអ្នកការពារសិទ្ធិមនុស្សយ៉ាងហោចណាស់២១នាក់ បានទទួលរងនូវការគំរាមកំហែង ការចាប់ខ្លួន និងការឃុំខ្លួនដោយបំពាន ក្នុងរយៈពេល៣ខែកន្លងមកនេះ»។ នេះគឺជាការលើកឡើងរបស់លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស។

ការថ្លែងរបស់លោកស្រី Mary Lawlor ដូច្នេះគឺបន្ទាប់ពីលោកស្រី បានពិនិត្យមើលវីដេអូ ដែលអាចរកបានជាសាធារណៈ ដែលកម្លាំងសន្តិសុខ បានប្រើប្រាស់កម្លាំងហួសប្រមាណ ដើម្បីហាមឃាត់អ្នកការពារសិទ្ធិមនុស្ស ភាគច្រើនជាស្ត្រី មិនឲ្យប្រើប្រាស់សិទ្ធិរបស់ពួកគេដោយសន្តិវិធី ដែលនេះមិនមែនជាបទល្មើស។

របាយការណ៍ដែលចេញផ្សាយពីទីក្រុងហ្សឺណឺវ ប្រទេសស្វីសនៅថ្ងៃនេះ បានលើកយកករណីមួយចំនួនមកបរិយាយ ដូចជាករណីមេដឹកនាំសហជីពលោក រ៉ុង ឈុន ដែលត្រូវបានចោទប្រកាន់លើសំណុំរឿងព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី៣១ខែកក្កដាកន្លងទៅ អ្នកពាក់ព័ន្ធនឹងការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ចំនួន១២នាក់ត្រូវអាជ្ញាធរចាប់ឃុំខ្លួន។

ក្រៅពីនេះ មន្ត្រី អ.ស.ប ក៏បានរាប់បញ្ជូលដែរ នូវអ្នកការពារបរិស្ថាន ដែលជាព្រះសង្ឃមួយអង្គ ត្រូវបានអាជ្ញាធរចាប់ផ្សឹក និងការរារាំងមន្រ្តីការពារសិទ្ធិមនុស្សមិនឲ្យមានការថតរូប ខណៈពេលដែលពួកគេឃ្លាំមើលការចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធីជាដើម។ ទោះជាមន្ត្រីរដ្ឋាភិបាលបដិសេធ ហើយយល់ថា ការលើកឡើងរបស់មន្ត្រី អ.ស.ប មិនគ្រប់ជ្រុងជ្រោយយ៉ាងណាក៏ដោយ ក៏លោកស្រី Mary Lawlor បញ្ជាក់ថាការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរទាំងអស់នេះមកលើសកម្មជន គឺជាលំនាំដដែលៗជាប្រព័ន្ធ ដែលរំលោភបំពានមកលើអ្នកការពារសិទ្ធិមនុស្ស ដោយលោកស្រីអំពាវនាវឲ្យបញ្ឈប់នូវលំនាំនេះផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ