អានតួអត្ថបទ
កម្ពុជា-សង្គម

HRW ស្នើអោយកម្ពុជា ទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ឬ Cyber Crime Law

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​Human Right Watch ​នៅ​ថ្ងៃ​ទី​ ១៣​ វិច្ឆិកា​ នេះ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដោយ​អំពាវនាវ​អោយ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​ ឬ​ Cyber Crime Law​។ បើតាម​ Human Right Watch ​សេចក្តី​ព្រាង​ច្បាប់​នេះ​ នឹង​រំលោភ​លើ​ឯកជនភាព​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណែត​ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​ Online​។

បទល្មើសបច្ចេកវិទ្យាព័ត៌មាន (រូបភាពតំណាង)
បទល្មើសបច្ចេកវិទ្យាព័ត៌មាន (រូបភាពតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា គួរតែទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ឬ Cyber Crime Law ដោយសារតែច្បាប់នេះនឹងរំលោភលើឯកជនភាពរបស់អ្នកប្រើប្រាស់អ៊ីនធឺណែត ការកើនឡើងនៃការឈ្លបមើលព័ត៌មានរបស់បុគ្គល និងសេរីភាពនៃការបញ្ចេញមតិតាម Online ជាដើម។ តាមរយៈសេចក្តីថ្លែងការណ៍នេះ លោក ប៊្រេដ អា​ដាម (Brad Adams​) នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សអន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ បានចោទប្រកាន់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានគេដឹងជាយូមកហើយថា បាន​លួចស្ដាប់​នូវការសន្ទនាតាមខ្សែទូរសព្ទនិង​ការជ្រៀតចូលទៅ​ក្នុង​សារ​អ៊ីម៉ែលនោះ នឹង​ផ្ដល់​ភាព​ស្របច្បាប់​បន្ថែម​ទៀត ដើម្បី​បន្ត​តាមដាន​កិច្ច​សន្ទនា​ឯកជន​របស់​អ្នកដទៃ។

គួរជំរាបជូនថា សេចក្តីព្រាងច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ឬ Cyber Crime Law ដែលរួមមាន៨ជំពូកនិង៥០មាត្រា ត្រូវបានក្រសួងមហាផ្ទៃតាក់តែងឡើងនៅក្នុងឆ្នាំ២០១៦ ហើយបានជួបប្រជុំពិភាក្សាជាបន្តបន្ទាប់ចំនួន៦៨លើករួចមកហើយ។ ដោយកិច្ចប្រជុំទាំងនោះរួមមានទាំងកិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជាមួយនាយកដ្ឋានជំនាញរបស់ក្រសួងមហាផ្ទៃ ព្រមទាំងមានជំនួយឧបត្ថមបច្ចេកទេសពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកផងដែរ។ លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម បានថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាទៅលើសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី ២៥ កញ្ញាថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានបង្កើតឡើង ដោយសារតែមានការព្រួយបារម្ភពីបទល្មើសបច្ចេកវិទ្យាកើនឡើង ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈ និងប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។ បើតាមខ្លឹមសារនៃកិច្ចប្រជុំកាលនោះ ការផ្តួចផ្តើមបង្កើតសេចក្តីព្រាងច្បាប់នេះឡើង គឺក្នុងគោលបំណងធានាសុច្ចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាប បទល្មើស បច្ចេកវិទ្យាព័ត៌មាន។ ជាងនេះទៅទៀត ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសបច្ចេកវិទ្យាព័ត៌មានដែលប្រព្រឹត្តនៅក្នុងឬក្រៅប្រទេសកម្ពុជា ហើយដែលអំពើនោះធ្វើឲ្យប៉ះពាល់ដល់រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា។

ទោះជាយ៉ាងនេះក្តី អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានទទួលយោបល់ពីសហរដ្ឋអាមេរិកក្នុងការបង្កើតច្បាប់នេះតាំងពីឆ្នាំ២០១៦មែន ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនដែលបង្ហាញសេចក្តីព្រាងច្បាប់នេះជាសាធារណៈ ឬ ការប្រឹក្សាយោបល់ពីអង្គការសង្គមស៊ីវិល និងអ្នកជំនាញនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ