អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រុមមន្រ្តីអតីតបក្សប្រឆាំងស្នើសុំក្រសួងមហាផ្ទៃផ្តល់សុពលភាពលិខិតឆ្លងដែនដល់ពួកគេវិញ ដើម្បីចូលមកកម្ពុជា

ក្រុម​មន្រ្តី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្រ្គោះជាតិ​នឹង​ស្នើ​លិខិត​ស្នើសុំ​ទៅ​កាន់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​ ដើម្បី​ស្នើ​សុំ​ឱ្យ​ក្រសួង​មហាផ្ទៃ​ផ្តល់​សុពលភាព​លិខិត​ឆ្លងដែន​របស់​ពួកគេ​ឡើងវិញ​។ ការ​ដាក់​លិខិត​ស្នើសុំ​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០​ ខែ​វិច្ឆិកា​នេះ​ ត្រូវ​នឹង​វេលាយប់​នេះ​ម៉ោង​នៅ​កម្ពុជា​។ មន្រ្តី​អតីត​បក្ស​ប្រឆាំង​បាន​អះអាង​ថា​ ការ​ស្នើ​សុំ​នេះ​ គឺ​ដើម្បី​អាច​ឱ្យ​ពួកគេ​មាន​លទ្ធភាព​ចូល​មក​ប្រទេស​កម្ពុជា​វិញ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​កម្ពុជា​។

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងមន្រ្តី
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងមន្រ្តី AP - Vincent Thian
ផ្សាយពាណិជ្ជកម្ម

លោកអ៊ំ សំអាន មន្រ្តីជាន់ខ្ពស់នៃអតីតបក្សប្រឆាំងបានគូសបញ្ជាក់ថា គោលបំណងដែលក្រុមមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិស្នើសុំសុពលភាពលិខិតឆ្លងដែននេះ គឺដើម្បីអាចឱ្យពួកគេចូលរួមមាតុភូមិនិវត្តមកកម្ពុជាវិញជាមួយលោកសម រង្ស៊ីនាពេលខាងមុខ។ ម្យ៉ាងវិញទៀត ការស្នើសុំនេះ គឺដើម្បីអាចពួកគេមានលទ្ធភាពធ្វើដំណើរមកកាន់ប្រទេសកម្ពុជាតាមការកោះហៅរបស់តុលាការក្រុងភ្នំពេញ។ បើតាមលោកអ៊ំ សំអាន រដ្ឋាភិបាលកម្ពុជាគួរផ្តល់សុពលភាពលិខិតឆ្លងដល់មន្រ្តីជាន់ខ្ពស់នៃអតីតបក្សប្រឆាំងឡើងវិញ ដើម្បីចូលមកកម្ពុជាតតាំងជាមួយតុលាការ។

តាមគម្រោង ក្រុមមន្រ្តីនៃអតីតបក្សប្រឆាំងនឹងទៅដាក់លិខិតស្នើសុំនេះនៅស្ថានទូតកម្ពុជាប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោននៅយប់ថ្ងៃអង្គារនេះ ដោយលោកស្រីមួរ សុចខហួរ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ គឺជាអ្នកដឹកនាំមន្រ្តីដដៃទៀតទៅដាក់លិខិតស្នើសុំនេះ។ ចំពោះបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មិនអត្ថាធិប្បាយនោះទេដោយរុញឱ្យទាក់ទងទៅក្រសួងមហាផ្ទៃវិញ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការបញ្ជាក់ និងឆ្លើយតបទៅនឹងការស្នើសុំនេះបាននៅឡើយទេនៅព្រឹកថ្ងៃអង្គារនេះ។

សូមបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ បានសម្រេចបញ្ចប់សុពលភាពលិខិ​តឆ្លងដែនធម្មតារបស់មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំង១២រូប រួមមាន អ្នកស្រី មួរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក ឡុង រី លោក សោ ចាន់ដេត  លោក គង់ សភា ក៏ដូចជា លោក ម៉ន ផល្លា ជាដើម។ ក្រសួងការបរទេ​ស​បានអះអាងថា ការសម្រេចបញ្ចប់នេះ គឺដោយសារតែពួកគេ គឺជាអ្នកទោសដែលរត់គេចខ្លួន។​

ក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ទៀតថា នៅពេលដែលសុពលភាពលិខិតឆ្លងដែនរបស់ពួកគេត្រូវបានបញ្ចប់បែបនេះ គឺពួកគេអាចវិលត្រឡប់មកប្រទេសកម្ពុជាបាន ហើយប្រទេសដែលពួកគេកំពុងស្នាក់នៅនឹងមិនអនុញ្ញាតឱ្យពួកគេបន្តស្នាក់នៅទៀតទេ ដោយសារតែ វា គឺជាការស្នាក់នៅដែលខុសច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ