អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

ក្រសួង​​សុខា​ភិបាល​​រក​ឃើញ​ករណី​​កូវីដ​១៩​​លើ​មន្ដ្រី​​៣រូប​​ ពាក់ព័ន្ធ​នឹង​​​ប្រតិភូ​​ហុងគ្រី

ក្រសួង​សុខាភិបាល​កម្ពុជា នៅ​ព្រលប់​ថ្ងៃ​ចន្ទ​ទី​៩​វិច្ឆិកា បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​​វិជ្ជមាន​កូវីដ​១៩ ចំនួន​៣​ករណី​ថ្មី​បន្ថែម​ទៀត​។ ករណី​ទាំង​៣​ចុង​ក្រោយ​នេះ រក​ឃើញ​លើ​មន្ដ្រី​កម្ពុជា ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រតិភូ​រដ្ឋមន្ដ្រី​ហុងគ្រី​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​០៣​វិច្ឆិកា​សប្ដាហ៍​មុន​។ 

លោកភីធើ ស៊ីចាតូ រដ្ឋមន្រ្តីការបទេសហុងគ្រី និងលោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន
លោកភីធើ ស៊ីចាតូ រដ្ឋមន្រ្តីការបទេសហុងគ្រី និងលោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន AP - Agence Kampuchea Press POOL
ផ្សាយពាណិជ្ជកម្ម

ករណី​កូវីដ​១៩​ដែល​រក​ឃើញ​ថ្មី​ទាំង​៣​ករណី កើត​លើ​មន្ដ្រី​របស់​កម្ពុជា​ចំនួន​ពីរ​រូប៖ ទី​១​គឺ​លោក សួស យ៉ារ៉ា តំណាង​រាស្ត្រ​ និងទី​២ គឺ​​លោក ស ចិត្រា ដែល​ជា​អគ្គលេខាធិការ​រង​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។ ចំណែក​១​ករណី​ទៀត កើត​លើ​​បុរស​ជនជាតិ​ហុងគ្រី​មួយ​រូប​ ដែល​ជា​អគ្គរដ្ឋទូត​ហុងគ្រី​សម្រាប់​កម្ពុជា​និង​វៀតណាម​។

បើ​តាមក្រសួង​សុខាភិបាល អ្នក​ជំងឺ​ដែល​រក​ឃើញ​ថ្មី​នេះ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​រួច​រាល់​ហើយ​។ ក្រសួង​ដដែល​បញ្ជាក់​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា ក្រសួង​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ​១៩​ចំនួន​៤​ករណី​ ក្នុង​ពេល​ដែល​ការ​យក​សំណាកអ្នក​ប៉ះពាល់​​ទៅ​ធ្វើ​តេស្ត​លើក​ទី​២​កំពុង​តែ​រង់​ចាំ​លទ្ធផល​។

សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ហុងគ្រី​ដែល​មាន​ជំងឺ​កូវីដ​១៩​នេះ កម្ពុជា​បាន​ដាក់​មនុស្ស​រាប់​រយ​នាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ដោយ​សារ​តែ​បាន​ប្រាស្រ័យ​ដោយ​ផ្ទាល់ និង​មិន​ផ្ទាល់​ជាមួយ​ប្រតិភូ​ប្រទេស​ហុងគ្រី​ដែល​មក​បំពេញ​ទស្សកិច្ច​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​០៣​វិច្ឆិកា​។

ជា​ការ​កត់​សម្គាល់ មុន​ករណី​ថ្មី​ទាំង​៣​នេះ កម្ពុជា​បាន​រក​ឃើញ​អង្គរក្ស​ខ្មែរម្នាក់​ដែល​ការពារ​ឲ្យ​ប្រតិភូ​ហុងគ្រី​ មាន​ផ្ទុក​កូវីដ​១៩​។ លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​ករណី​នេះ និង​ទទូច​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ប្រុង​ប្រយ័ត្ន ដើម្បី​ធានា​ថា មិន​មាន​ការ​ឆ្លង​កូវីដ​១៩​ក្នុង​សហគមន៍​។ ដោយ​ក្ដី​បារម្ភ​ដែរ អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​កម្ពុជានា​ថ្ងៃ​អាទិត្យ​ទី​០៨​វិច្ឆិកា បាន​បញ្ជា​ឲ្យ​បិទ KTV ក្លឹប​កម្សាន្ត រោង​ភាព​យន្ត និង​សារមន្ទីរ​នៅទូទាំង​ប្រទេស ដើម្បី​បង្ការ​កូវីដ​១៩​។ ការ​បិទ​ដំណើរ​ការ​ក៏​មាន​ផង​ដែរ​សម្រាប់​សាលារៀន​នៅ​ទីក្រុង​ភ្នំពេញ​​និង​ទី​រួម​ខេត្ត​កណ្ដាល​ក្នុង​រយៈពេល​២​សប្ដាហ៍​។ ចំណែក​កន្លែង​ហាត់​កីឡា​ដែល​មាន​លក្ខណៈ​ប្រមូល​ផ្ដុំក៏​ដូច​គ្នា ជា​ពិសេស​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នា​ពេល​នេះ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ