អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

លោកហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់ដទៃទៀតធ្វើតេស្តរកជំងឺកូវីដ១៩ជាលើកទី២ ក្រោយអវិជ្ជមានលើកទី១

នៅ​ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា​នេះ ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ជា​លើក​ទី​២​លើ​អ្នក​ដែល​បាន​ជួប​ និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ហុងគ្រី​ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ១៩​។ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​និង​ រដ្ឋមន្រ្តី​ដទៃ​ទៀត​ត្រូវ​បាន​ធ្វើ​តេស្ត​នៅ​គេហដ្ឋាន​។ ចំណែក ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ត្រូវ​បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ និង​សណ្ឋាគារ​សុខា ​។ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​នេះ​ អាច​នឹង​ដឹង​នៅ​យប់​នេះ​ ឫ​ ព្រឹក​ថ្ងៃ​ស្អែក​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ © FB/SPMPage
ផ្សាយពាណិជ្ជកម្ម

ដូចការកំណត់ នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងអ្នកពាក់ព័ន្ធជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីទាំងអស់ ត្រូវបានក្រុមគ្រូពេទ្យជំនាញកម្ពុជាយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩ជាលើកទី២។ ការធ្វើតេស្តជាលើកទី២នេះ ធ្វើឡើងស្របពេលដែលេពួកគេកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព និង ពិនិត្យរកជំងឺកូវីដ១៩។ ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ឱ្យដឹងថា ដើម្បីឱ្យប្រាកដថា មិនមានឆ្លងជំងឺកូវីដ ១៩ អ្នកពាក់ព័ន្ធនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រីទាំងអស់ ត្រូវធ្វើតេស្តចំនួន៤លើកតាមកាលកំណត់។ លើកទី៣ នឹងធ្វើឡើងនៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា។

កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ម្សិលមិញ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើតេស្តលើកទី១លើមនុស្សចំនួន៥២នាក់បន្ថែមទៀតដែលទើបស្រាវជ្រាវរកឃើញថាបានជាប់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីកាបរទេសហុងគ្រីនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ ពួកគេទាំងនេះ ត្រូវបានធ្វើតេស្តចេញលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ បើតាមក្រសួងសុខាភិបាលកម្ពុជា ចំនួនអ្នកពាក់ព័ន្ធនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រីសរុបមាន ៩៤៤នាក់ គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ប៉ុន្តែ នៅក្នុងចំណោមពួកគេទាំងនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ម្នាក់ពីរដ្ឋមន្រ្តីការបរទេសហុងគ្រីដែលជាអង្គរក្សការពារគណៈប្រតិភូហុងគ្រីដោយផ្ទាល់។ អង្គរក្សរូបនេះ  កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី។ អ្នកដែលប៉ះពាល់ផ្ទាល់បន្តពីអង្គរក្សរូបនេះ ក៏ត្រូវបានក្រសួងសុខាភិបាលកម្ពុជានាំយកមកតេស្ត និងធ្វើចត្តាឡីស័ក១៤ថ្ងៃផងដែរ។

ក្រៅពីអ្នកដែលពាក់ព័ន្ធនឹងរដ្ឋមន្រ្តីការទេសហុងគ្រី នៅថ្ងៃទី០៩ វិច្ឆិកានេះ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញបុរសជនជាតិខ្មែរពីរនាក់បន្ថែមទៀតមានផ្ទុកជំងឺកូវីដ១៩។ ពួកគេទាំងពីរនាក់នេះ ទើបតែធ្វើដំណើរមកពីប្រទេសជប៉ុន។ គិតមកដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបកើនចំនួន ២៩៧នាក់​ ប៉ុន្តែ បានព្យាបាលជាសះស្បើយចំនួន២៨៨នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកើនចំនួន៩នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ