អានតួអត្ថបទ

លោក អោ អាន អតីតតួអង្គស្នូលនៃសំណុំរឿង០០៤វគ្គ២ ស្លាប់ក្នុងវ័យ៨៧ឆ្នាំ

លោក អោ អាន អតីត​កម្មា​ភិបាល​ខ្មែរ​ក្រហម បាន​ស្លាប់​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ទី​៦​វិច្ឆិកា​ក្នុង​អាយុ៨៧ឆ្នាំ នៅខេត្តបាត់ដំបង។ រហូត​មក​ទល់​ខែ​សីហា​ឆ្នាំ​២០២០ អោ អាន ជា​តួ​អង្គស្នូល​នៃ​សំណុំ​រឿង​០០៤​វគ្គ​២ ប៉ុន្តែតុលាការកំពូល​នៃអង្គជំនុំជម្រះវិសាមញ្ញក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) សម្រេច​ផាត់​ចេញ​សំណុំ​រឿង​របស់គាត់ដោយមិន​បញ្ជូន​ទៅ​កាត់ទោស។

អោ អាន អតីតជនសង្ស័យក្នុងសំណុំរឿង០០៤
អោ អាន អតីតជនសង្ស័យក្នុងសំណុំរឿង០០៤ © RFI
ផ្សាយពាណិជ្ជកម្ម

លោក អោ អាន ដែលមានស្រុកកំណើតនៅ ភូមិតាំងស្វាយ ឃុំពាម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គឺជាអតីតកម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់​ដែលត្រូវបានសាលាក្តី​ខ្មែរ​ក្រហម​បើក​ការ​ស៊ើបអង្កេត​អស់​រយៈ​ពេល​១៣​ឆ្នាំ។

នៅ​ថ្ងៃ​ទី​១០​ខែ​សីហា​ឆ្នាំ​២០២០ អង្គជំនុំជម្រះ តុលាការកំពូល​នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បាន​បញ្ចប់​សំណុំរឿង ប្រឆាំង អោ អាន នៅចំពោះមុខ អង្គ​ជំនុំ​ជម្រះវិសាមញ្ញ។ អង្គជំនុំជម្រះតុលាការកំពូល បាន​ពិចារ​ណាឃើញថា៖ «បើទោះបីជាមានការ​ឯកភាព​គ្នា​ពាក់​ព័ន្ធនឹង​ចំនួនជនរងគ្រោះជាច្រើន នៅក្នុងភូមិភាគកណ្តាល» នៃកម្ពុជា​ប្រជាធិបតេយ្យក៏ដោយ «ក៏ពុំមានការឯកភាពគ្នាឡើយ បន្ទាប់ពី​រយៈពេ ល១៣ឆ្នាំនៃកិច្ចស៊ើបសួរ ដែលថា អោ អាន ស្ថិត ក្នុងយុត្តាធិការរបស់ អ.វ.ត.ក ឬយ៉ាងណា»។

អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចថា៖ «ក្នុងករណីដែល​ពុំមានដីកាបញ្ជូនរឿងទៅជំនុំជម្រះដែលជាក់លាក់ និងអាច អនុវត្តបាននោះ ដូចនេះរឿងក្តីប្រឆាំងនឹង អោ អាន ត្រូវ​បញ្ចប់​នៅចំពោះមុខ អ.វ.ត.ក»។ ទាំងនេះគឺជា​ការគូស​បញ្ជាក់​របស់​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ សហចៅក្រមស៊ើបអង្កេតបានចេញដីកាបង្គាប់រួមគ្នា ឲ្យបោះត្រា និងបញ្ចូលសំណុំរឿង ០០៤/២ ទៅក្នុងបណ្ណសារ បន្ទាប់ពីអង្គជំនុំជម្រះតុលាការកំពូលបានចេញសេចក្តីសម្រេច បញ្ចប់សំណុំរឿងនេះកាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០ រួច​មក​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តីខ្មែរក្រហម ដែល​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិ RFI នៅ​ថ្ងៃអាទិត្យទី​០៨​វិច្ឆិកានេះថា ការស្លាប់​របស់ លោក អោ​ អាន មិនស្ថិត​ក្នុង​ដែន​យុត្តាធិការ​របស់​សាលាក្តី​ខ្មែរ​ឡើយ។ ​សូមរំឮកថា ក្រោយ​របប​ខ្មែរ​ក្រហម​បិទ​បញ្ចប់​នៅ​ឆ្នាំ​១៩៧៩ អតីតមេដឹកនាំជាន់ខ្ពស់​ខ្មែរក្រហម​បានស្លាប់ជាបន្តបន្ទាប់គ្នា ក្នុង​នោះរួម​​មាន៖ លោក អៀង សារី និង​ប្រពន្ធគាត់ អៀង ធីឬទ្ធិ ស្លាប់មុនការកាត់ទោស។ ចំណែក​លោក នួន ជា និង កាំង ហ្គិចអ៊ាវ ហៅឌុច ស្លាប់នៅ​ពេល​កាត់​ទោសរួច។ រហូត​មក​ទល់​ពេល​នេះគឺនៅសល់តែ លោក ខៀវ សំផន ម្នាក់ទេ ​ដែលនៅរស់ ខណៈតុលា​ការ​បាន​កាត់​ទោស​អស់​មួយជីវិតរួច​ហើយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ