អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

លោកផៃ ស៊ីផាន៖ការធ្វើចត្តាឡីស័ករបស់នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីខ្លះមិនបង្អាក់ដំណើរការងាររបស់រដ្ឋាភិបាលទេ

ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ហុងគ្រី​ចំនួន​២១២​នាក់​បន្ថែម​ទៀត​ដែល​សរុប​ទៅ​មាន​ចំនួន​៨៤០​នាក់​។ ប៉ុន្តែ ​អ្នក​ទាំងអស់​នេះ​មិន​ត្រូវ​បាន​រក​ឃើញ​មាន​ឆ្លង​ជំងឺ​កូវីដ​១៩​ទេ។​ យ៉ាង​ណា​ក៏​ដោយ​ ថ្នាក់​ដឹកនាំ​កំពូល ​និង​រដ្ឋមន្រ្តី​សំខាន់ៗ​របស់​កម្ពុជា​មួយ​ចំនួន​បាន​ធ្វើ​ចត្តាឡីស័ក​ ដើម្បី​បន្ត​តាម​ដាន​សុខភាព​។ ប៉ុន្តែ ​បើ​ទោះ​ជា​បែប​នេះ​ក្តី​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ ការ​ធ្វើ​ចត្តាឡីស័ក​នេះ​មិន​បាន​បង្ក​ការ​ប៉ះពាល់​ដល់​ដំណើរ​ការងារ​របស់​រដ្ឋាភិបាល​នោះ​ឡើយ​។

លោកភីធើ ស៊ីចាតូ រដ្ឋមន្រ្តីការបទេសហុងគ្រី និងលោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន
លោកភីធើ ស៊ីចាតូ រដ្ឋមន្រ្តីការបទេសហុងគ្រី និងលោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន AP - Agence Kampuchea Press POOL
ផ្សាយពាណិជ្ជកម្ម

«ការងាររបស់រដ្ឋាភិបាលអត់មានស្ទះទេ គឺនៅតែមានប្រក្រត្រីភាពបន្តទៅមុខ» នេះគឺជាការគូសបញ្ជាក់របស់លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃសុក្រនេះ។ លោកបានសង្កត់ធ្ងន់បន្ថែមថា ការងារនៅតែធម្មតា គឺគ្រាន់តែអវត្តមានថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីខ្លះនៅក្នុងការិយាល័យតែប៉ុណ្ណោះ។ បើតាមលោកផៃ ស៊ីផាន ដំណើរការការងាររបស់រដ្ឋាភិបាលកម្ពុជាក្នុងពេលនេះ គឺពឹងអាស្រ័យច្រើនលើប្រព័ន្ធបច្ចេកវិទ្យា និងតាមទូរស័ព្ទ ដោយការស្នើសុំឆ្លងឯកសារនានាពីនាយករដ្ឋមន្រ្តី គឺធ្វើឡើងតាមការប្រើសារជាសំឡេងតាមទូរស័ព្ទ ជំនួសឱ្យការជួបដោយផ្ទាល់។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះ ក៏បានអះអាងឱ្យដឹងដែរថា នៅចំពោះមុខនេះ នាយករដ្ឋមន្រ្តី​ និង រដ្ឋមន្រ្តីមួយចំនួន គឺត្រូវធ្វើតាមវិធានសុខភាពរបស់ក្រសួងសុខាភិបាល ដោយមិនអាចចេញទៅចូលរួមកម្មវិធីផ្សេងៗបានឡើយ។

ចាប់តាំងពីថ្ងៃទី០៤ ខែវិច្ឆិកាមក នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីមួយចំនួនដូចជា រដ្ឋមន្រ្តីក្រសួងការបរទេស  ក្រសួងកសិកម្មក៏ដូចជារដ្ឋមន្រ្តីក្រសួងធនធានទឹក និងមន្រ្តីជាច្រើនរូបផ្សេងទៀតសុទ្ធតែបានដាក់ខ្លួននៅដាច់ដោយឡែកពីគេ ដើម្បីប​ន្ត​តាមដានរកជំងឺកូវីដ១៩។ ពួកគេទាំងនេះ គឺជាអ្នកដែលបានជួប និងប្រាស្រ័យទាក់ទងជាមួយនឹងរដ្ឋមន្រ្តីការបរទេ​ស​ហុងគ្រីដែលត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ១៩នៅក្នុងប្រទេសថៃក្រោយពីចាកចេញពីប្រទេសកម្ពុជា។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចេញមកបញ្ជាក់ពីស្ថានភាពសុខភាពជាប្រក្រតីរបស់លោកតាមទំព័រហ្វេសប៊ុក។ លោកបានគូសបញ្ជាក់ថា លោកគ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ គឺបរិភោគបាយបាន សម្រាកបាន ហើយបានពិនិត្យរបាយការណ៍ ពិនិត្យសម្រេចលើសំណើរបស់ក្រសួង ស្ថាប័ន និងចុះហត្ថលេខាលើឯកសារនានាដូចពេលមុនៗដដែល។ ចំណែក លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មនៅព្រឹកថ្ងៃសុក្រនេះ ក៏បានបង្ហាញពីស្ថានភាពសុខភាពល្អរបស់លោកតាមរយៈរូបភាពដើរហាត់ប្រាណជាមួយភរិយារបស់លោកផងដែរ។

បើទោះបីជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលកម្ពុជា បានតម្រូវឱ្យទាំងនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដានសុខភាព និងត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ចំនួនបីដងបន្ថែមទៀត។ ការធ្វើតេស្តលើកទី២ គឺនៅថ្ងៃទី០៩ ខែវិច្ឆិកា លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី០៦ ខែវិច្ឆិកានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ