អានតួអត្ថបទ

អ្នកសេដ្ឋកិច្ច៖លុយចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចមានតិច ខណៈពលរដ្ឋកាត់បន្ថយដើរលេងនៅអំឡុងបុណ្យអុំទូក

នៅ​អំឡុង​ពេល​វិស្ស​កាល​នៃ​បុណ្យ​អុំទូក​ឆ្នាំ ​អ្នក​សេដ្ឋកិច្ច​កត់​សំគាល់​ថា ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កំសាន្ត​ឬទៅកាន់​ស្រុក​កំណើត​មាន​ចំនួន​តិច បើ​ប្រៀប​ធៀប​នឹង​ពេល​ឈប់​សម្រាក​កាលពី​អំឡុង​ពេល​បុណ្យភ្ជុំបិណ្ឌ​។​ តែ​សម្រាប់​ពលរដ្ឋ​ដែល​មាន​ប្រាក់​សន្សំ​នៅ​សល់​ឬ​ប្រជា​ពល​រដ្ឋ​មួយចំនួន​តូច​ដែល​ជា​អ្នក​មាន​ទ្រព្យ​ច្រើន ​ពួកគេ​នៅ​តែ​ធ្វើ​ដំណើរ​ច្រើន​នៅ​ក្នុង​ស្រុក ក្នុង​ឱកាស​ឈប់​សម្រាក​នេះ ដោយ​សារ​តែ​មិន​អាច​ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​។​

ប្រជា​ពលរដ្ឋ​ដើរ​កម្សាន្ត​នៅ​ក្នុង​ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ
ប្រជា​ពលរដ្ឋ​ដើរ​កម្សាន្ត​នៅ​ក្នុង​ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ FB: Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

លោក ង៉ែត ជូ អ្នកវិភាគ​សេដ្ឋកិច្ច​ បានធ្វើ​ការ​កត់សំគាល់ថា ការដែល​ប្រជាពលរដ្ឋ​មិនសូវ​ចេញដំណើរ​ច្រើន​នៅក្នុងអំឡុងពេល​បុណ្យអុំទូកនេះគឺអាចមកពីពួកគេ​ត្រូវការ​ពេល​សម្រាក​នៅផ្ទះជាជាង​ចេញទៅ​កំសាន្ត​នៅតំបន់​ផ្សេងៗ។ នេះជាហេតុផលសំខាន់ ពោលមិនមែនមកពីពួកគេបារម្ភខ្លាំងពីការ​ឆ្លង​ជំងឺ​កូវីដ​១៩ និង​មកពីបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ​ខ្លាំងនោះឡើយ។

បើតាម លោក ង៉ែត ជូ តំបន់ទេសចរណ៍ក្នុង​ស្រុក ​នៅកម្ពុជាមិនទាន់​សម្បូរបែប និង​ឱកាស​ធ្វើ​ដំណើរទេសចរណ៍​ទៅ​ក្រៅប្រទេស​ត្រូវបានផ្អាកទៀតនោះ​ ការចំណាយលុយ​ចាក់​ចូល​ចរន្ត​សេដ្ឋកិច្ច​ក៏នៅមានកម្រិតនោះដែរ។

សម្រាប់ លោក ចាន់ សុផល អ្នកវិភាគ​សេដ្ឋកិច្ចមួយរូប ទៀត​យល់ថា ការចំណាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរជាទូទៅទំនងថយចុះបើធៀបនឹងឆ្នាំមុនៗ។ តែសម្រាប់ពលរដ្ឋដែលមានប្រាក់​សន្សំនៅសល់ឬប្រជាពល​រដ្ឋមួយចំនួនតូចដែលជាអ្នកមានទ្រព្យច្រើន ពួកគេនៅតែ​ធ្វើ​ដំណើរ​ច្រើននៅ​ក្នុងស្រុកដូចជា ខេត្ត​សៀមរាប តំបន់មាត់​សមុទ្រ និង​តំបន់ធម្មជាតិនានា ក្នុង​ឱកាស​ឈប់​សម្រាកនេះ ដោយសារតែ​មិនអាចចេញដំណើរទៅក្រៅប្រទេស។

បើតាម​អ្នក​សេដ្ឋកិច្ច នៅពេល​ដែល​ប្រជាពលរដ្ឋ​កាត់​បន្ថយ​ការ​ចំណាយ នោះ​ការរីកចម្រើន​នៃ​រចន្តសេដ្ឋកិ​ច្ចទាំងមូល​ក៏ត្រូវថមថយទៅតាមនោះដែរ។

សូមបញ្ជាក់ថា ​ថ្វីត្បិតតែការរៀបចំប្រណាំងទូកនៅមុខព្រះបរមរាជវាំងត្រូវបានផ្អាក ប៉ុន្ដែពិធី អកអំបុក និងសំពះ ព្រះខែ នៅតាមផ្ទះ និងនៅវត្តអារាមនៅតែធ្វើដដែល ខណៈ​ការ​ប្រណាំង​ទូក​ជាលក្ខណៈតូចៗនៅតាមតំបន់​និង​ខេត្តមួយចំនួននៅតែ​ត្រូវបានរៀបចំ ក្រោម​ការ​ប្រុង​ប្រយ័ត្ន​ពីការ​ឆ្លង​ជំងឺកូវីដ១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ