អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនៅថ្ងៃនេះ

“សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១” ត្រូវ​បាន​គណៈរ​ដ្ឋមន្រ្តី​ប្រជុំ​អនុម័ត​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៣​ តុលា​នេះ​។ គម្រោង​ថវិការ​ជាតិ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២១​ នៅ​មិន​ទាន់​បង្ហាញ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​ ក៏​ប៉ុន្តែ​ដោយសារ​តែ​វិបត្តិ​ដែល​បណ្តាល​មក​ពី​ជំងឺ​កូវីដ​១៩​ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​កាត់​បន្ថយ​ថវិការ​ជាតិ​ជាង​ពាក់​កណ្តាល ​ចាប់​ពី​ឆ្នាំ​២០២១​ ដល់​ឆ្នាំ​២០២៣​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កន្លងមក
លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កន្លងមក © FB/SPMPage
ផ្សាយពាណិជ្ជកម្ម

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ-១៩បាននិងកំពុងយាយី ហើយនាំមកនូវផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមកចំពោះតំបន់និងពិភពលោក។ ចំណែកកម្ពុជា ក៏មិនអាចគេចរួចពីវិបាកអាក្រក់ទាំងនេះដែរ ហើយបាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺនេះ ដែលតម្រូវអោយរដ្ឋាភិបាលកម្ពុជាកាត់បន្ថយថវិការជាតិជាងពាក់កណ្តាល ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលត្រូវបានគណៈរដ្ឋមន្ត្រីប្រជុំអនុម័តនៅថ្ងៃទី ២៣ តុលានេះ។

លោក មាស សុខសេនសាន អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនអាចប្រាប់ពីគម្រោងថវិការជាតិដែលរដ្ឋាភិបាលកម្ពុជាត្រូវចំណាយនៅឆ្នាំ២០២១នៅឡើយទេ ដរាបណារដ្ឋសភាមិនទាន់អនុម័ត។ ប៉ុន្តែយ៉ាងណាក្តី ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងកាត់បន្ថយថវិការជាតិជាងពាក់កណ្តាល ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ នេះបើយោងតាមសារាចរណែនាំស្ដីពីការរៀបចំផែនការ យុទ្ធសាស្ត្រថវិកាឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ០៩ មិថុនា។ តាមរយៈសារាចរណែនាំនេះ ថវិកាដែលរដ្ឋាភិបាលគ្រោង​ចំណាយ​ក្នុង​ឆ្នាំ​២០២១ ឆ្នាំ​២០២២ និងឆ្នាំ​២០២៣ខាងមុខនេះ មាន​ទំហំ​ប្រហាក់ប្រហែលគ្នាគឺ​ប្រមាណ​ជាង​៣,៧​ពាន់​លាន​ដុល្លារសម្រាប់​ឆ្នាំ​នីមួយៗ​។ ហើយវិស័យដែលរងការកាត់បន្ថយចំណាយខ្លាំងជាងគេ រួមមាន វិស័យសង្គមកិច្ច វិស័យរដ្ឋបាលទូទៅ វិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជាដើម។

សូមបញ្ជាក់ថា ថវិកាជាតិសម្រាប់​ចំណាយនៅ​ក្នុង​ឆ្នាំ​២០២០ មាន​ជាង​៨,២​ពាន់លាន​ដុល្លារ ហើយ​ថវិកាជាតិសម្រាយ​ចាយ​ក្នុង​ឆ្នាំ​២០១៩ មាន​ជាង​៦,៧​ពាន់​លាន​ដុល្លារ​។ យ៉ាងណាក្តី តាមរយៈសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលត្រូវបានផ្សព្វផ្សាយដោយលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនៅថ្ងៃទី ២៣ តុលានេះ បានអះអាងថា រដ្ឋាភិបាលបានសន្សំថវិកាបានចំនួន៩១៨លានដុល្លារ ពីការកាត់បន្ថយចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២០ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ