អានតួអត្ថបទ
កម្ពុជា-នយោបាយ

ខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៖ អតីតបក្សប្រឆាំងលើកយកបញ្ហាវត្តមានយោធាចិនមករំលេច

អតីត​គណបក្ស​សង្គ្រោះជាតិ​ នៅថ្ងៃ​ទី​២២ ​ខែ​តុលា​នេះ ​បាន​សរសេរ​សារ​មួយច្បាប់​ទៅកាន់​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​ឆ្នាំ​១៩៩១ ​ដើម្បី​ស្នើសុំ​ឲ្យ​ប្រទេស​ហត្ថលេខី​ទាំងអស់​ច្រានចោល​វត្តមាន​យោធា​ចិន​ នៅលើ​ទឹកដី​កម្ពុជា ​និង​ស្នើ​ឲ្យមាន​ការ​កោះប្រជុំ​ជាបន្ទាន់ ​ដើម្បី​ពង្រឹង​ឲ្យបាន​ខ្ជាប់ខ្ជួន​ នូវ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ​។ ​សារ​សុំ​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​ហត្ថលេខី​នេះ​ ធ្វើឡើង​ស្របពេល​ដែល​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣​តុលា ​បាន​ឈានចូល​ខួប​២៩​ឆ្នាំ ​នៅ​ថ្ងៃ​សុក្រ​ស្អែក​។

ភាគីជម្លោះ​ខ្មែរ ក្នុង​សន្និសីទ​ក្រុងប៉ារីស ឆ្នាំ​១៩៩១ (រូបថតឯកសារ)
ភាគីជម្លោះ​ខ្មែរ ក្នុង​សន្និសីទ​ក្រុងប៉ារីស ឆ្នាំ​១៩៩១ (រូបថតឯកសារ) © RFI
ផ្សាយពាណិជ្ជកម្ម

នៅក្នុងរបៀបវារៈនៃសារនយោបាយនេះ អតីតគណបក្សសង្គ្រោះជាតិ បានលើកយកបញ្ហាយោធាចិនមកបង្ហាញ នៅក្នុងឱកាសនៃខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសម្រាប់កម្ពុជា។ អតីតបក្សប្រឆាំងដែលជាគូប្រជែងដ៏ធំរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានចង្អុលប្រាប់ទៅប្រទេសហត្ថលេខីថា កិច្ចសន្យាដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលចិន គឺជាកិច្ចព្រមព្រៀងដែលខុសច្បាប់ រំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញកម្ពុជា។

ក្រោមប្រធានបទ«ជួយសង្គ្រោះកម្ពុជានាពេលនេះ ឬត្រូវបាត់បង់កម្ពុជាជារៀងរហូត» អតីគណបក្សសង្គ្រោះជាតិ បានរៀបរាប់ពីកិច្ចព្រមព្រៀងផ្តាច់មុខរបស់កម្ពុជា ដើម្បីអនុញ្ញាតឲ្យយោធាចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ សម្រាប់ធ្វើជាមូលដ្ឋានយោធាចិន។ ការវាយកម្ទេចអគារមួយ ដែលអាមេរិកបានជួយសាងសង់នៅមូលដ្ឋានទ័ពជើងទឹករាម ការព្រួយបារម្ភពីការសាងសង់កំពង់ផែ ព្រលានយន្តហោះ និងឧទ្យានកំសាន្តនៅខេត្តកោះកុង ការពង្រឹងឥទ្ធិពលរបស់ចិនតាមរយៈការប្រើប្រាស់ប្រទេសកម្ពុជាជាភូមិសាស្ត្រនយោបាយ និងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុនចិន Union Development Group (UDG)។ល។ ទាំងអស់នេះសុទ្ធតែបានលើកឡើងនៅក្នុងខ្លឹមសារនៃលិខិតរបស់អតីតគណបក្សសង្គ្រោះជាតិ។

ខ្លឹមសារដែលបានលើកឡើងតាមរយៈសាររបស់អតីតគណបក្សប្រឆាំងពេលនេះ គឺមិនមែនជារឿងថ្មីនោះទេ។ មន្ត្រីជាន់ខ្ពស់ស៊ីវិល និងយោធារបស់គណបក្សកាន់អំណាច រហូតដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ តែងបដិសេធជាច្រើនដងមកហើយ ថាមិនមានមូលដ្ឋានយោធាចិននៅប្រទេសកម្ពុជានោះទេ ព្រោះថាវាផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា ដែលប្រកាន់ជំហរអព្យាក្រឹត្យ ហើយប្រឈមនឹងការតវ៉ារបស់សមាជិកអាស៊ានផ្សេងទៀត ប្រសិនបើមានដូច្នោះមែន។

ទោះយ៉ាងណា បញ្ហានេះក៏ត្រូវបានលើកឡើងបន្ថែមតាមសារតេឡេក្រាម ដោយលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជននៅថ្ងៃនេះដែរថា ការចោទប្រកាន់ថាមានមូលដ្ឋានយោធាចិននៅក្នុងទឹកដីកម្ពុជាគឺគ្រាន់តែជាការសង្ស័យតាមការផ្សាយរបស់កាសែតបរទេសប៉ុណ្ណោះ តែគ្មានការពិតឡើយ។

សូមបញ្ជាក់ថា ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ីបានប្រកាសតាមហ្វេសប៊ុករបស់លោក នៅដើមសប្តាហ៍នេះថា ប្រជាជនខ្មែរនៅទូទាំងពិភពលោកនឹងធ្វើបាតុកម្មប្រឆាំងវត្តមានយោធាចិននៅកម្ពុជានៅថ្ងៃខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសតែម្តង។ ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យកាលពីម្សិលមិញបានព្រមាន មិនឲ្យមានភាពរញ៉េរញ៉ៃ ខណៈដែលកម្ពុជាកំពុងជាប់ដៃប្រយុទ្ធនឹងគ្រោះទឹកជំនន់ផង និងកូវីដផងនាពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ