អានតួអត្ថបទ
កម្ពុជា-ទឹកជំនន់

របាយការណ៍៖ ទឹកជំនន់បណ្តាលអោយមនុស្ស១៣នាក់ស្លាប់ ខណៈប្រជាជនជិត២០ម៉ឺននាក់បានរងផលប៉ះពាល់

​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១​៥​ ​តុលា​នេះ​ ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​បង្ក​អោយ​លិចលង់​ចំនួន​១​៩​ ​រាជធានី​-​ខេត្ត​ ​និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២​០​ម៉ឺន​នាក់​។​ ​ជំនន់​ទឹកភ្លៀង​ក្នុងរយៈពេល​ជិត​មួយ​ស​ប្តាហ៍​មកនេះ​ ​ក៏បាន​បណ្តាល​អោយ​មនុស្ស​ចំនួន​១​៣​នាក់​ស្លាប់​ ​និង​ប៉ះពាល់​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួនជា​ង​៤​ម៉ឺន​ខ្នង​។​ ​ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ​ ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​ ​១​៥​ ​តុលា​នេះ​ ​ទឹកជំនន់​បាន​បណ្តាល​អោយ​លិចលង់​សង្កាត់​ចំនួន​៦​ ​ស្ថិតនៅ​ក្នុង​ខណ្ឌ​ដង្កោ​ ​ខណៈ​ប្រជាជន​ជិត​៣​ពាន់​នាក់​ ​ត្រូវ​បាន​ជម្លៀស​ចេញ​។

អាជ្ញាធរព្យាយាមជួសជុលការខូចខាតជិតទំនប់ស្ទឹងព្រែកត្នោត បន្ទាប់ពីតំបន់នេះត្រូវបានជន់លិច ដោយសារភ្លៀងជាប់ៗគ្នាប៉ុន្មានថ្ងៃ
អាជ្ញាធរព្យាយាមជួសជុលការខូចខាតជិតទំនប់ស្ទឹងព្រែកត្នោត បន្ទាប់ពីតំបន់នេះត្រូវបានជន់លិច ដោយសារភ្លៀងជាប់ៗគ្នាប៉ុន្មានថ្ងៃ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោចណាស់មានរាជធានី-ខេត្តចំនួន១៩នៃប្រទេសកម្ពុជា បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ហើយខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និងរាជធានីភ្នំពេញ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី ០១ កញ្ញា ដល់ព្រឹកថ្ងៃទី១៥ ខែតុលានេះ។

របាយការណ៍ដដែលបន្តថា ជំនន់ទឹកភ្លៀងនៅឆ្នាំ២០២០នេះ បានធ្វើអោយប៉ះពាល់ដល់រាជធានី-ខេត្តចំនួន១៩ ស្មើនឹង៦៩ ក្រុង ស្រុក ខណ្ឌ និងឃុំចំនួន២៥៨ឃុំសង្កាត់នៅទូទាំងប្រទេស។ ក្នុងនោះប្រជាជនរងគ្រោះមានចំនួន៤៨,៣១៧គ្រួសារ ស្មើប្រមាណ១៩៣,២៦៨នាក់ ហើយប្រជាជន៣,០៩៤គ្រួសារស្មើប្រមាណ១២,៣៧៦នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ ហើយខេត្តដែលកំពុងរងផលប៉ះពាល់ពីទឹកជំនន់នេះ រួមមាន ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំជាដើម។ ទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀងនៅកម្ពុជាពេលនេះ បានបណ្តាលអោយប្រជាជនចំនួន១៣នាក់ស្លាប់ក្នុងនោះមានក្មេងចំនួន៥នាក់។ ចំនួនអ្នកស្លាប់បានកើនឡើងម្នាក់ បើប្រៀបធៀបនឹងរបាយការណ៍កាលពីថ្ងៃទី ១៤ តុលា ដែលមានត្រឹមតែ១២នាក់។

ដោយឡែកសម្រាប់រាជធានីភ្នំពេញ គិតត្រឹមព្រឹកថ្ងៃទី ១៥ តុលានេះ អាជ្ញាធរបាននិងកំពុងជម្លៀសប្រជាជនប្រមាណជិត៣ពាន់នាក់ចេញពីបុរីចំនួនពីរ ស្ថិតនៅក្នុងខណ្ឌដង្កោ ខណៈទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀងនិងជំនន់ស្ទឹងព្រែកត្នោតនេះបានហក់ឡើងខ្ពស់ ដែលបង្កអោយលិចលង់ដល់សង្កាត់ចំនួន៦ គឺសង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់គងនយ សង្កាត់រលួស សង្កាត់សាក់សំពៅ និងចុងក្រោយនេះ គឺសង្កាត់ព្រែកកំពិស។ ភ្លាមៗនេះ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចុះទៅបញ្ជាដោយផ្ទាល់អោយបិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅកំណាត់ផ្លូវចំការដូងលេខ២១៧ ស្ថិតនៅក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងកំពុងត្រៀមជម្លៀសមនុស្សបន្ថែមទៀត។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមព្រឹកថ្ងៃទី ១៥ តុលានេះ ទឹកជំនន់ក៏បានបណ្តាលអោយប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៤៧,៩២៣ខ្នង (ខូចខាត ៥០ខ្នង) សាលារៀនចំនួន៤២៥កន្លែង ស្រូវប្រមាណ១៣១,៣២៩ហិកតា (ខូចខាតប្រមាណ៦,៦៥៧ហិកតា) ខូចខាតដល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវគ្រួសក្រហមប្រមាណ២០២គីឡូម៉ែត្រ ស្ពានចំនួន២៤កន្លែង និងប៉ះពាល់ដល់ប្រឡាយមេ ប្រឡាយរង និងប្រឡាយស្រោចស្រព ប្រមាណ៣៥២.៤ គីឡូម៉ែត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ