អានតួអត្ថបទ
កម្ពុជា-សង្គម

តុលាការក្រុងភ្នំពេញបង្គាប់ឱ្យក្រុមកម្មករក្រុមហ៊ុនស៊ិនទ្រីបញ្ឈប់ការធ្វើកូដកម្ម និងចូលធ្វើការវិញឱ្យបានមុនថ្ងៃ១៦តុលា

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឱ្យ​ក្រុម​កម្មករ​នៃ​ក្រុមហ៊ុន​ស៊ិនទ្រី​ទាំងអស់​ដែល​ធ្វើ​កូដកម្ម​ ត្រូវ​បញ្ឈប់​សកម្មភាព​តវ៉ា​ និង​ ត្រូវ​ចូល​ធ្វើការ​វិញ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៦​ ខែ​តុលា​ខាង​មុខ​នេះ​។ ការ​បង្គាប់​នេះ​ធ្វើ​ឡើង​តាម​រយៈ​ដីកា​សម្រេច​ចាត់​ចែង​បណ្តោះ​អាសន្ន​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៣​ ខែ​តុលា​។ ដីកា​សម្រេច​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​កុ្រមហ៊ុន​ស៊ិនទ្រី​បាន​ស្នើ​ទាមទារ​ឱ្យ​កម្មករ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​ និង​ចូល​ធ្វើ​ការងារ​វិញ​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​។

ទិដ្ឋភាពគំនរសំរាមនៅក្នុងទីក្រុងភ្នំពេញ
ទិដ្ឋភាពគំនរសំរាមនៅក្នុងទីក្រុងភ្នំពេញ © RFI/IM Rachna
ផ្សាយពាណិជ្ជកម្ម

តាមរយៈដីកាសម្រេចចាត់ចែងបណ្តោះអាសន្ននៅថ្ងៃទី១៣ ខែតុលា សាលាដំបូងរាជធានីភ្នំពេញ បានកំណត់ថា ការធ្វើកូដកម្មរបស់កម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុនស៊ីនទ្រីខេមបូឌា គឺជាកូដកម្មខុសច្បាប់។ ដូច្នេះហើយ តុលាការបានបង្គាប់ឱ្យកម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុនស៊ីនទ្រីខេមបូឌាបញ្ឈប់ការធ្វើកូដកម្មនេះ និងត្រូវចូលបំពេញការងារវិញតាមវេន ពេលវេលា និងតួនាទីរបស់ខ្លួនឱ្យបានមុនថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ តុលាការក៏បានព្រមានថា ក្នុងករណីដែលកម្មករនិយោជិតទាំងអស់នេះ មិនព្រមចូលធ្វើការវិញហួសការកំណត់នេះ គឺចាត់ទុកថាមានកំហុងធ្ងន់។

ការសម្រេចរបស់តុលាការនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនស៊ីនទ្រីខេមបូឌាបានប្តឹងទាមទារទៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១២ ខែតុលា។ លោកកៅ សុខវ៉ាត ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនស៊ីនទ្រីខេមបូឌា បានអះអាងថា ដីកាសម្រេចចាត់ចែងបណ្តោះអាសន្នរបស់តុលាការក្រុងភ្នំពេញមិនមានសម្ពាធណាមួយលើក្រុមកម្មករក្រុមហ៊ុនស៊ិនទ្រីននោះទេ។ លោកគូសបញ្ជាក់ថា ក្រុមកម្មករទាំងអស់នេះ អាចនឹងចូលធ្វើការងារវិញក្នុងពេលឆាប់ៗនេះ នៅពេលដែលពួកគេទទួលបានដំណោះស្រាយដែលអាចទទួលយកបានពីសំណាក់ក្រុមហ៊ុនស៊ិនទ្រី និងសាលារាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីប្រមាណជាង១២០០នាក់ បានផ្ទុះការតវ៉ា កាលពីថ្ងៃទី ០២ តុលា បន្ទាប់ពីពួកគេបារម្ភបាត់បង់ការងារ និងអត្ថប្រយោជន៍មួយចំនួនក្រោយពីទទួលបានដំណឹងថា រដ្ឋាភិបាលកំពុងធ្វើកំ​ណែទម្រង់លើការគ្រប់គ្រងនិងប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ មានក្រុមហ៊ុនមួយចំនួននឹងដេញថ្លៃយកសេវាប្រមូលសំរាមនេះពីក្រុមហ៊ុនស៊ីនទ្រី។ ក្រុមកម្មករស៊ិនទ្រីបានទាមទារចំនួន៥ចំណុចគឺប្រាក់បំណាច់អតី​តភាព ប្រា​ក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹង ប្រាក់ខែចុងក្រោយ និងប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសេ​សសល់។

លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញមិនទាន់អាចបញ្ជាក់ឱ្យដឹងជាមុនបានឡើយថា នឹងមានដំណោះស្រាយបែបណាចំពោះក្រុមកម្មករក្រុមហ៊ុនស៊ិនទ្រីទាំងអស់នេះ។ ប៉ុន្តែ លោកបានលើកឡើងថា ការតវ៉ារបស់ពួកគេនេះ គឺមិនត្រូវកាលៈទេសៈនោះទេ ដោយហេតុថា នៅពេលនេះរាជធានីភ្នំពេញកំពុងមានការជន់លិចផ្នែកខ្លះដែលត្រូវដោះស្រាយបន្ទាន់ តែបែរមានបញ្ហាសំរាមនេះបន្ថែមទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ