អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លោកហ៊ុន សែនថា កម្ពុជាមិនបានស្នើម្ចាស់បំណុលឱ្យពន្យាការបង់ប្រាក់កម្ចីទេ ទោះកំពុងប្រឈមនឹងជំងឺកូវីដ១៩

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​អះអាង​ថា​ បើទោះ​បី​កម្ពុជា​កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ​១៩​ក៏​ដោយ​ ក៏រ​ដ្ឋាភិបាល​របស់​លោក​មិន​បាន​ស្នើសុំ​ម្ចាស់​បំណុល​បរទេស​ឱ្យ​ពន្យា​ការ​បង់​ប្រាក់​កម្ចី​នោះ​ទេ​។ លោក​ហ៊ុន សែន បាន​អះអាង​ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​តុលា​នេះ​។ ការ​គូស​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នេះ​ ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា​បាន​ប្រកាស​ពី​ការ​បង្កើន​ការ​ខ្ចី​បុល​បរទេស​បន្ថែម​ទៀត​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន © FB
ផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងប្រទេសដទៃមួយចំនួនលើវិស័យហិរញ្ញវត្ថុនៅសម័យលុកលុយដោយជំងឺកូវីដ១៩។ មិនតែប៉ុណ្ណោះ លោកគូសបញ្ជាក់ទៀតថា កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុលឱ្យពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននេះ ត្រូវបានបញ្ចេញឱ្យដឹងដោយលោកផៃ ស៊ីផាន ដែលអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាពីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃសុក្រនេះ។

បើតាមលោកផៃ ស៊ីផាន លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងដែរថា ថ្វីបើកំពុងប្រឈមនឹងបញ្ហាកូវីដ១៩ ក៏កម្ពុជានៅតែមានសកម្មភាពដ៏សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើម។ ជាមួយគ្នានេះ នៅក្នុងវិស័យហិរញ្ញប្បទានក៏មានស​កម្ម​ភាពរស់រវើក ដូចជាការសង្រ្គោះជនក្រីក្រ និងងាយរងគ្រោះ និងការបណ្ដាក់ទុនសាធារណៈក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាមមូលដ្ឋាន។ ចំណែក ការចំណាយចរន្តដូចជាប្រាក់បៀវត្សមន្រ្តីរាជការ នៅតែរក្សាបានប្រក្រតីភាព។ នេះបើតាមលោកនាយករដ្ឋមន្រ្តីដដែល។

បើទោះលោកនាយករដ្ឋមន្រ្តីហ៊ុន សែន លើកឡើងពីស្ថានភាពល្អប្រសើរនៃវិស័យហិរញ្ញវត្ថុក្នុងសម័យកូវីដ១៩នេះក៏ពិតមែន ប៉ុន្តែកម្ពុជាក៏ត្រូវការកញ្ចប់ថវិកាបន្ថែមទៀត។ កាលពីដើមខែតុលានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសពីបង្កើនការខ្ចីបុលបរទេសបន្ថែមពីឆ្នាំ២០២០នេះដល់ឆ្នាំ២០២៤។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺនៅក្នុងឆ្នាំ២០២០នេះ កម្ពុជានឹងបង្កើនកម្ចីពីបរទេសដល់ទៅជាង៨,៦ពាន់លានដុល្លារ ខណៈឆ្នាំ២០២១បង្កើនដល់ជាង១០ពាន់លានដុល្លារ។

រីឯ នៅក្នុងឆ្នាំ២០២២គ្រោងបង្កើនកម្ចីដល់ជាង១១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៣ គ្រោងបង្កើនដល់ជាង១២ពាន់លានដុល្លារ និងឆ្នាំ២០២៤គ្រោងបង្កើនកម្ចីជាង១៣,៩ពាន់លនាដុល្លារអាមេរិក។ ក្រសួងសេដ្ឋកិច្ចកម្ពុជា បានគូសបញ្ជាក់ថា ការបង្កើនកម្ចីពីបរទេសនេះ គឺដើម្បីយកមកស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញដែលរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ