អានតួអត្ថបទ
កម្ពុជា-សង្គម

កម្មករស៊ីនទ្រីបន្តធ្វើកូដកម្មទាមទារអោយទូទាត់ប្រាក់អតីតភាពការងារជាមុន មុននឹងចូលធ្វើការងារឡើងវិញ

គិត​ត្រឹម​ថ្ងៃ​ទី​ ០៩​ តុលា​នេះ ​គឺ​មាន​រយៈពេល​ជាង​១​សប្តាហ៍​មក​ហើយ​ ដែល​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ីនទ្រី​បាន​ធ្វើ​កូដកម្ម​ មិន​ព្រម​ចេញ​ប្រមូល​សំរាម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ តំណាង​កម្មករ​បាន​លើក​ឡើង​ថា ​កូដកម្ម​នឹង​បន្ត​ធ្វើ​ដោយ​គ្មាន​ថ្ងៃ​កំណត់​ ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ​សម្រាប់​ពួកគេ​។ ដំណោះស្រាយ​សម្រាប់​ពួកគេ​ពេល​នេះ ​គឺ​ទាមទារ​អោយ​មាន​ការ​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ជាមុន​ មុន​នឹង​ចូល​ធ្វើ​ការងារ​ឡើង​វិញ​។ ប៉ុន្តែ​អាជ្ញាធរ​រាជធានីភ្នំពេញ​បាន​អះអាង​ថា ​គេ​មិនអាច​ធ្វើ​បាន​ទេ​ ដោយសារ​ការ​ទាមទារ​នេះ​ គឺ​ខុស​ពី​ច្បាប់​ការងារ​។

ក្រុមកម្មករស៊ីនទ្រីប្រមូលផ្តុំគ្នាធ្វើកូដកម្ម
ក្រុមកម្មករស៊ីនទ្រីប្រមូលផ្តុំគ្នាធ្វើកូដកម្ម © Central
ផ្សាយពាណិជ្ជកម្ម

«អ្វីដែលកម្មករចង់បាននៅពេលនេះ គឺការទូរទាត់ប្រាក់អតីតភាពការងាររបស់ពួកគេអោយបានមុនពេលពួកគេចូលធ្វើការងារឡើងវិញ»។ នេះបើតាមការបញ្ជាក់ពី លោក កៅ សុខវ៉ាត ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនស៊ីនទ្រីខេមបូឌា។ លោក កៅ សុខវ៉ាត ដែលបានថ្លែងដោយស្រង់សំដីបន្តពីកម្មករមកថា ជាជំហររបស់ពួកគេ នឹងបន្តធ្វើកូដកម្មបន្តទៀត ដោយគ្មានថ្ងៃកំណត់នោះឡើយ ប្រសិនបើពួកគេមិនទទួលបានដំណោះស្រាយខាងលើនេះទេនោះ។ ប៉ុន្តែអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអះអាងថា លោកមិនអាចដោះស្រាយតាមការទាមទារនេះបានទេ ដោយសារវាខុសពីច្បាប់ការងារ។ ច្បាប់ការងារដែលបានចែងថា ក្នុងករណីដែលក្រុមហ៊ុននៅបន្តធ្វើអាជីវកម្ម នោះការទូទាត់ប្រាក់អតីតភាពការងារ នឹងមិនអាចធ្វើទៅបាននោះទេ។ យ៉ាងណាក្តី ដើម្បីដោះស្រាយបញ្ហាសំរាមដែលស្អុយរលួយពេញទីក្រុងនៅពេលនេះ លោកបានបន្តបញ្ចេញកម្លាំងនិងរថយន្តរបស់ក្រុង ដើម្បីដឹកសំរាមចេញជាបន្តបន្ទាប់។

គួរជំរាបជូនថា កាលពីថ្ងៃទី ០៧ តុលា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីដែលផ្ទុះកូដកម្មតវ៉ាតាំងពីថ្ងៃទី ០២ តុលាមកនោះ បានស្ម័គ្រចិត្តចូលធ្វើការងារឡើងវិញ បន្ទាប់ពីមានការសន្យាដោះស្រាយពីអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ចំនួនពីរចំណុច។ ប៉ុន្តែលោក កៅ សុខវ៉ាត បានថ្លែងថា ភ្លាមៗនោះ កម្មករបានប្តូរចិត្តវិញ ដោយពួកគេយល់ថា ការសន្យារបស់អភិបាលរាជធានីភ្នំពេញ គឺមិនបានទូទាត់ប្រាក់អតីតភាពការងាររបស់ពួកគេជាមុននោះទេ។ ប្រាក់អតីតភាពការងាររបស់កម្មករខ្លះ អាចមានចំនួនដល់ម៉ឺនដុល្លារផង។ នេះបើតាមការបញ្ជាក់ពីលោក កៅ សុខវ៉ាត។

សូមជំរាបជូនថា  កម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីប្រមាណជាង១២០០នាក់ បានផ្ទុះការតវ៉ា កាលពីថ្ងៃទី ០២ តុលា បន្ទាប់ពីពួកគេបារម្ភបាត់បង់ការងារ និងអត្ថប្រយោជន៍មួយចំនួនក្រោយពីទទួលបានដំណឹងថា រដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់លើការគ្រប់គ្រងនិងប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ហើយក្នុងនោះមានក្រុមហ៊ុនមួយចំនួននឹងដេញថ្លៃយកសេវាប្រមូលសំរាមនេះ ពីក្រុមហ៊ុនស៊ីនទ្រី។ កូដកម្មដែលបានអូសបន្លាយអស់រយៈពេលជាង១សប្តាហ៍មកនេះ បានទាមទារចំនួន៥ចំណុច រួមមាន ប្រាក់បំណាច់អតីតភាព ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹង ប្រាក់ខែចុងក្រោយ និងប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់។ កូដកម្មរបស់កម្មករក្រុមហ៊ុនស៊ីនទ្រី ដែលនាំទៅដល់ការព្រមានប្រធានសហជីពចំនួនពីររូប គឺលោក ទួច កុសល និងលោក កៅ សុខវ៉ាត ថាជាអ្នកនៅពីក្រោយនៃការតវ៉ានេះ ប៉ុន្តែពួកគេបានបដិសេធ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ