អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

គណៈកម្មការសិទ្ធិមនុស្សកម្ពុជាបំភ្លឺជុំវិញការចោទប្រកាន់ពីសំណាក់អង្គការសង្គមស៊ីវិល

គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​ធ្វើការ​បំភ្លឺ​ជុំវិញ ​របាយការណ៍​របស់​ក្រុម​ និង​ អង្គការ​ស្ថាប័ន​មួយ​ចំនួន​ ដែល​បាន​ចោទ​ប្រកាន់​មក​លើ​រដ្ឋាភិបាល​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ មាន​និន្នាការ​នយោបាយ​ប្រឆាំង​ នឹង​រដ្ឋាភិបាល​ មាន​លំអៀង​ គ្មាន​មូលដ្ឋាន​ និង​ មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការ​ពិត​ជាក់ស្តែង​នៅ​កម្ពុជា​នោះ​ទេ​។ នេះ​បើ​យោង​តាម​លិខិត​បំភ្លឺ​ របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ស្តី​អំ​ពី​ បច្ចុប្បន្នភាព​នៃ​ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់ ក្នុងការ​លើកស្ទួយ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៧ ​ខែ​តុលា​នេះ​។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តី​ជូន​ព័ត៌មានដែលបានផ្សព្វផ្សាយជាភាសារខ្មែរចំនួន៧​ទំព័រ បានសង្កត់ធ្ងន់ទាក់ទងទៅនឹង ការវាយតម្លៃអំពីស្ថានភាពសិទ្ធមនុស្សនៅកម្ពុជាដែលលំអៀងនិងគ្មានមូលដ្ឋាន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា របាយការណ៍ចោទប្រកាន់ទាំងនោះ គ្រាន់តែធ្វើការប្រមូល បុកសរុបនូវព្រឹត្តិការណ៍ និង ធ្វើការសន្និដា្ននតែលើរូបភាពខាងក្រៅប៉ុណ្ណោះ  ពោលគឺមិនបានសិក្សាលើមូលហេតុលំអិតដែលនាំឱ្យមានព្រឹត្តិការណ៍នីមួយៗ ទាំងទិដ្ឋភាព និងនិតិវិធីច្បាប់ អង្គហេតុនៃបទល្មើស និង អំពើដែលជាធាតុផ្សំនៃបទល្មើសដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ។​

បន្ថែមពីនេះ វាជាទម្លាប់របស់អង្គការទាំងនេះ កាលណាអាជ្ងាធរអនុវត្តច្បាប់លើក្រុមគោលដៅដែលគេមានរបៀបវារៈច្បាស់លាស់ក្នុងការការពារ ដូចជាសកម្មជនបក្សប្រឆាំង សកម្មជនសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំង  គឺពួកគេតែងតែធ្វើការសន្និដា្នន និងចោទប្រកាន់ថាជាការរំលោភសិទ្ធមនុស្សដោយមិនខ្ចីអើពើនឹងពិចារណា ទៅលើទិដ្ឋភាព និងនិតិវិធីច្បាប់អង្គហេតុនៃបទល្មើស និង អំពើដែលជាធាតុផ្សំនៃបទល្មើសដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ។​

ទន្ទឹមនឹងនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា វិធានការច្បាប់របស់សមត្ថកិច្ចនាពេលកន្លងមក មិនបានផ្តោតជាក់លាក់ទៅលើក្រុមគោលដៅណាមួយនោះទេ ពោលគឺអនុវត្តជាទូទៅ មិនថាអ្នកទាំងនោះជាសកម្មជនសិទ្ធិមនុស្ស សង្គមស៊ីវិល នយោបាយ ឬបរិស្ថាននោះទេ  ឱ្យតែប្រព្រឹត្តិល្មើសនឹងច្បាប់ ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់នានាដូចគ្នា ដោយមិនមានការលើកលែងឬអភ័យឯកសិទ្ធិពិសេសដោយឡែកណាមួយនោះទេ។

គួរជម្រាបជូនថា ការបំភ្លឺ និង  ផ្សព្វផ្សាយ អំពីបច្ចុប្បន្នភាព​នៃ​ស្ថានភាព​សិទ្ធិមនុស្សនេះផងដែរធ្វើឡើង បន្ទាប់ពី កាលពីពេលថ្មីៗនេះ  អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត (Rohna Smith​) បាន​និយាយថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​បន្ត​ធ្លាក់ចុះ ខណៈ​ដែល​សិទ្ធិ​នយោបាយមានការ​រីកចម្រើន​តិចតួច​ប៉ុណ្ណោះ។ អ្នកស្រីលើកបែបនេះ​នៅពេលដែល​អ្នកស្រី​បង្ហាញ​របាយការណ៍​ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា ​ទៅកាន់​អង្គប្រជុំ​ដាច់ដោយឡែក​មួយ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​ កាលពីថ្ងៃទី ២ ខែតុលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ