អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

លោក ហ៊ុន សែន៖ នៅសម័យកូវីដនេះ អាចធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាស្គាល់ប្រទេសរបស់ខ្លួនឯង

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជា​ថ្មី​ម្តង​ទៀត​ បាន​លើក​សរសើរ​ដល់​វិស័យ​ឯកជន​ ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​កូវីដ​១៩​នេះ​ តាម​រយៈ​ការ​បន្ត​ដំណើរ​ការ​ផលិតកម្ម​ដែល​មាន​ស្រាប់​ និង​ការ​វិនិយោគ​ថ្មីៗ​បន្ថែម​ទៀត​ជា​ពិសេស​លើ​វិស័យ​ទេសចរណ៍។​ ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន ​ដូច្នេះ​គឺ​ធ្វើ​ឡើង​ខណៈ​ដែល​លោក​ជា​អធិបតី​នៃ​ការ​សម្ពោធ​ ដាក់​ឲ្យ​ដំណើរ​ការ​មណ្ឌល​កំសាន្ត​ខ្នាត​អន្តរជាតិ​ថ្មី​មួយ​ទៀត​ឈ្មោះ ​ព្រីនស៍ ម៉ាណ័រ(Prince Manor)នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ស្ថិត​នៅ​ក្នុង​ទឹក​ដី​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន © FB/SPMPage
ផ្សាយពាណិជ្ជកម្ម

«ហេតុអ្វីបានជានៅសម័យកូវីដ ដែលទេសចរកំពុងតែធ្លាក់ចុះ ហើយបែរជានាំគ្នាសម្ពោធដាក់ឲ្យប្រើប្រាស់ នូវមជ្ឈមណ្ឌលកំសាន្តទៅវិញ?» គឺជាសំណួរដែលត្រូវបានចោទឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលដែលលោក សម្ពោធដាក់ឲ្យដំណើរការមណ្ឌលកំសាន្តខ្នាតយក្សព្រីនស៍ ម៉ាណ័រ នៅស្រុកកៀនស្វាយ។ គឺជាការសម្ពោធមណ្ឌលកម្សាន្តលំដាប់អន្តរជាតិលើកទី២ ឃ្លាតគ្នាតែ២ខែប៉ុណ្ណោះ ពីការសម្ពោធដាក់ឲ្យដំណើរការនូវសួនទឹកកម្សាន្ត(Garden City Water Park) នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩។

ចំណុចនេះ លោក ហ៊ុន សែន បានបកស្រាយថា «ទោះបីកូវីដ បានបំផ្លិចបំផ្លាញយើង តែវាមិនអាចសម្លាប់យើងបានទេ»។ 

ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៩ ធ្លាប់បានទទួលភ្ញៀវទេចរបរទេសចំនួន ៦,៦លាននាក់ តែនៅឆ្នាំ២០២០នេះ កម្ពុជាទទួលបានទេសចរបរទេសតែ១,៦លាននាក់ប៉ុណ្ណោះ។ ការធ្លាក់ចុះនៃទេសចរបរទេសដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឲ្យលោកនាយករដ្ឋមន្ត្រី មិនរំពឹងថានឹងមានភ្ញៀវទេសចរអន្តរជាតិ ងើបឡើងវិញយ៉ាងឆាប់រហ័សនោះទេ ដោយសារតែស្ថានភាពនៃកូវីដ១៩នៅមិនទាន់ស្រាកស្រាន្ត។

តាមលោក ហ៊ុន សែន ការបង្កើតឲ្យមានមណ្ឌលកំសាន្តក្នុងស្រុកធំៗគឺជាជំរើសដែលត្រឹមត្រូវ ដែលអាចទាក់ទាញដល់តម្រូវការទេសចរក្នុងស្រុក ខណៈដែលប្រទេសនេះលែងរំពឹងលើទេសចរបរទេសនៅក្នុងអន្តរកាលនេះ។ លោកថា កាលពីមុនប្រជាជនកម្ពុជាជិត២លាននាក់ បានចេញទៅខាងក្រៅ តែសម័យកូវីដនេះ ប្រជាជនកម្ពុជាមានឱកាសច្រើនដើរលេងនៅក្នុងប្រទេស ដែលនេះជាការបង្វែទិសជាសត្យានុម័ត ដែលចាំបាច់ត្រូវតែមានការបង្វែទិសជាអត្តនោម័យ តាមរយៈការអភិវឌ្ឍទេសចរណ៍ក្នុងប្រទេស។

សូមរំលឹកថានៅក្នុងឱកាសនៃការឈប់សម្រាករយៈពេល៥ថ្ងៃ ដើម្បីសងថ្ងៃចូលឆ្នាំខ្មែរកន្លងទៅ មានពលរដ្ឋខ្មែរដើរលេងក្នុងស្រុកប្រមាណ១,៦លាននាក់ ហើយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះដែរ មានភ្ញៀវទេសចរក្នុងស្រុក១,១លាននាក់ផងដែរ ដើរកំសាន្តក្នុងស្រុក។

សម្រាប់សម័យកូវីដនេះ គឺជាឱកាសដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរបានស្គាល់ប្រទេសខ្លួនឯង ខណៈមុនកូវីដ ពួកគេសម្រុកកក់សំបុត្រយន្តហោះ ទៅកំសាន្តនៅប្រទេសផ្សេង នៅពេលឈប់សម្រាកម្តងៗ។ នេះបើតាមលោកនាយករដ្ឋមន្ត្រី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ