អានតួអត្ថបទ
កម្ពុជា-សង្គម

កូវីដ១៩៖បង្ខំឲ្យគណបក្សប្រជាជនផ្អាករៀបចំអបអរទិវា៧មករាជាលើកដំបូងក្នុងរយៈ៤២ឆ្នាំមកនេះ

ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ នៅក្នុង​ពិភពលោក​ បង្ខំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​ផ្អាក​រៀប​ចំ​កម្មវិធី​សំខាន់​ប្រចាំ​ឆ្នាំ​ចំនួន​២​។  នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ទី​៦​តុលា​នេះ​។  ​អ្វី​ជា​ការ​កត់​សម្គាល់​ ក្នុង​ចំណោម​កម្មវិធី​សំខាន់​ចំនួន​ពីរ​នោះ​ គណបក្ស​ប្រជាជន​ផ្អាក​រៀប​ចំ​អបអរ​ទិវា​៧​មករា​ ជា​លើក​ដំបូង​ក្នុង​រយៈ​៤២​ឆ្នាំ​មក​នេះ​។

សន្និបាតរបស់គណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក
សន្និបាតរបស់គណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក © FB
ផ្សាយពាណិជ្ជកម្ម

ទិវាជ័យជម្នះ៧មករាដែលគណបក្សប្រជាជនកម្ពុជាចាត់ទុកជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ប្រចាំឆ្នាំត្រូវបានផ្អាករៀបចំជាលើកដំបូងនៅថ្ងៃទី៧មករាឆ្នាំ២០២១ខាងមុខ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ នេះក៏ដោយគណបក្សប្រជាជនកម្ពុជាមើលឃើញថា  នៅពាសពេញពិភពកំពុងរាតត្បាតដោយជំងឺកូវីដ១៩ ដែលតម្រូវឲ្យកម្ពុជាត្រូវតែបន្តប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់ជាប់ជានិច្ច។  ជំនួសឲ្យការរៀបចំនៅនឹងកន្លែងសាខាគណបក្សប្រជាជននៅបណ្ដាលខេត្តតម្រូវឲ្យរៀបចំLOGO ឬបដាពាក្យស្លោកអបអរថ្ងៃ៧មករា ដូចដែលធ្លាប់ធ្វើនាពេលកន្លងមក។

មែនទែនទៅនេះមិនមានជាលើកទី១ទេ ដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចផ្អាកឬលុបចោលកម្មវិធីជួបជុំសំខាន់ៗនិងលើពេលនៃពិធីបុណ្យជាតិដើម្បីបង្ការកូវីដ១៩ ដូចជាៈពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យអុំទូកជាដើម។   

បន្ទាប់ពីសម្រេចផ្អាករៀបចំទិវាជ័យជម្នះ៧មករា គណបក្សប្រជាជនក​ម្ពុជាក៏សម្រេចផ្អាករៀបចំសន្និបាតគណៈកម្មាធិការកណ្ដាល នៅដំណាច់ឆ្នាំ២០​​២​០នេះដែរ។​ ជំនួសឲ្យការជួបជុំគណៈអចិន្ទ្រៃយ៍នៃគណៈកម្មាធិការកណ្ដាល នឹងរៀបចំឯកសាររបាយការ​ណ៍​ផ្ញើជូនសាខាគណបក្សអនុវត្តភារកិច្ចបន្តទៀត ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សប្រចាំឆ្នាំ២០២០និងទិសដៅភារកិច្ចឆ្នាំ២០២១។​  

សូមជម្រាបជូនថា នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២អាណត្តិទី៥កាលពីខែកុម្ភៈឆ្នាំ២០២០ មានការចូលរួមពី សមាជិកគណៈកម្មាធិការកណ្ដាល សមាជិកាព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមការងារគណបក្សចុះមូលដ្ឋានសរុប៣៥២០រូប។ នៅក្នុងសន្និបាតកាលណោះ គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាប្រឆាំងដាច់ខាតមិនឲ្យចលនាបដិវត្តន៍ពណ៌កើតឡើងវិញបានឡើយ តាមរយៈការអនុវត្តវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ចំពោះបុគ្គលណាដែលបានប្រព្រឹត្តល្មើសច្បាប់។

អង្គសន្និបាតក៏ប្ដេជ្ញាដោះស្រាយបញ្ហាព្រំដែនឲ្យបានចប់សព្វគ្រប់ ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនប្រក​បដោយមិត្តភាព សន្តិភាព ស្ថេរភាព​ និងកិច្ច​សហប្រតិបត្តិការយូរអង្វែងជាមួយប្រទេសជិតខាង។ ក៏មានផងដែរសេចក្ដីសម្រេចរបស់អង្គសន្និបាតគណបក្សប្រជាជនកម្ពុជាពង្រឹងគោលនយោបាយជួយប្រជាកសិករដើម្បីរក្សាស្ថេរភាពតម្លៃកសិផលនិងពង្រីកទីផ្សារកសិផលជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ