អានតួអត្ថបទ
កម្ពុជា-សង្គមស៊ីវិល

សង្គមស៊ីវិលស្នើសុំអន្តរាគមន៍ពីលោក ស ខេង ករណីប៉ូលីសមូលដ្ឋានចុះស្រង់ស្ថិតិបុគ្គលិកពួកគេ

ក្រុម​សហជីព​ និង​សមាគម​ចំនួន​៦ ​នៅថ្ងៃ​អង្គារ​នេះ ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ដើម្បី​ស្នើសុំ​ឲ្យ​លោក​ធ្វើ​អន្តរាគមន៍​ បញ្ឈប់​ការ​ចុះ​ស្រង់​បច្ចុប្បន្នភាព​ស្ថិតិ​បុគ្គលិក​ និយោជក​ខ្មែរ​ និង​បរទេស​ ដែល​កំពុង​បំរើ​ការងារ​ក្នុង​ស្ថាប័ន​របស់​ពួកគេ​។​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ ​បាន​ហៅ​សកម្មភាព​របស់​អាជ្ញាធរ​ប៉ូលីស​មូលដ្ឋាន​ថា​ មិន​ស្រប​នឹង​គោលការណ៍​ច្បាប់​។

រូបភាពតំណាង
រូបភាពតំណាង © RFI
ផ្សាយពាណិជ្ជកម្ម

អង្គការសង្គមស៊ីវិលទាំង៦ ដែលបានសរសេរលិខិតស្នើសុំអន្តរាគមន៍ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះមាន សហភាពការងារកម្ពុជា សម្ព័ន្ធសហជីព C.CAWDU អង្គការសង់ត្រាល់ សហព័ន្ធសហជីពកម្ពុជា សមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្ព័ន្ធកសិករកម្ពុជា។ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានសម្តែងនូវការព្រួយបារម្ភពីការរំខាន យាយីពីសំណាក់អាជ្ញាធរថ្នាក់ក្រោមជាតិមកលើស្ថាប័នរបស់ពួកគេ។

នៅក្នុងលិខិតចំនួន៣ទំព័រ ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងពីការចុះស្រង់បច្ចុប្បន្នភាពស្ថិតិបុគ្គលិក និយោជកខ្មែរ និងបរទេស ដែលកំពុងបំរើការងារក្នុងស្ថាប័នរបស់ពួកគេ ជាពិសេសនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លិខិតដដែលបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលយល់ឃើញថា បេសកម្មរបស់កម្លាំងប៉ូលីសខណ្ឌមានជ័យ និងកម្លាំងប៉ូលីសមូលដ្ឋាន ដែលចុះធ្វើព័ត៌មានលម្អិតអំពីអត្តសញ្ញាណនៃបុគ្គលិកម្នាក់ៗ រួមទាំងថតរូបផងនោះ គឺជាប្រតិបត្តិការ ដែលផ្ទុយពីគោលការណ៍នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមសង្គមស៊ីវិលបន្តថា មានតែក្រសួងមហាផ្ទៃ ក្រសួងការងារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែប៉ុណ្ណោះ ដែលច្បាប់តម្រូវឲ្យពួកគេផ្តល់ព័ត៌មាន អំពីការកែប្រែ ការផ្លាស់ប្តូរ នូវទិន្នន័យដែលតម្រូវដោយច្បាប់។

ទាក់ទងទៅនឹងលិខិតស្នើសុំអន្តរាគមន៍របស់អង្គការសង្គមស៊ីវិលនេះ ក្រសួងមហាផ្ទៃនៅមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ