អានតួអត្ថបទ
កម្ពុជា-សង្គម

CamboJA រិះគន់ការកាត់ទោសអ្នកកាសែតតាមច្បាប់ព្រហ្មទណ្ឌ និងស្នើឲ្យដោះលែងអ្នកកាសែតផ្សេងទៀត ដែលជាប់ឃុំ

សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (CamboJA) បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​​ក្រោយ​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រើ​ក្រម​ព្រហ្មទណ្ឌ​ កាត់ទោស​ឱ្យ​លោក ​សុវណ្ណ រិទ្ធី អតីត​និពន្ធ​នាយក​សារព័ត៌មាន ​TVFB ​មាន​ទោស​ជាប់​ពន្ធនាគារ​១៨​ខែ​ ពី​បទ​ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម ​។ សេចក្តី​ថ្លែងការណ៍​របស់​ CamboJA ​ធ្វើឡើង​បន្ទាប់​ពី​ចៅក្រម​សាលា​ដំបូង​រាជធានីភ្នំពេញ ​សម្រេច​ផ្តន្ទាទោស ​លោក​សុវណ្ណ រិទ្ធី ​នៅ​ថ្ងៃ​ចន្ទ​នេះ​ រយៈពេល​១៨​ខែ​ ប៉ុន្តែ​ទោស​នេះ​ តុលាការ​ឱ្យ​អនុវត្ត​តែ​ ៥​ខែ​២៨​ថ្ងៃ​ប៉ុណ្ណោះ ​ហើយ​ទោស​សល់​ប៉ុន្មាន​ត្រូវ​ព្យូរ​។

លោក សុវណ្ណ រិទ្ធី អតីតនិពន្ធនាយកសារព័ត៌មាន TVFB
លោក សុវណ្ណ រិទ្ធី អតីតនិពន្ធនាយកសារព័ត៌មាន TVFB © FB
ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) ដែលបានតាមដានករណីលោក សុវណ្ណ រិទ្ធី យ៉ាងយកចិត្តទុកដាក់ បានសម្តែងការស្វាគមន៍ចំពោះការប្រកាសសាលក្រមរបស់តុលាការក្រុងភ្នំពេញ ដោយបានដោះលែងលោក សុវណ្ណ រិទ្ធី អតីត​និពន្ធនាយកសារព័ត៌មាន TVFB ឱ្យ​មានសេរីភាពឡើងវិញនេះ។

ទោះយ៉ាងណា CamboJA មានការខកចិត្ត​ចំពោះ​​ការ​កំណត់​ឱ្យ​លោក សុវណ្ណ រិទ្ធី ​មានទោស​ដាក់ពន្ធនាគារ​រហូតដល់​ទៅ​១៨ខែ​។ នេះគឺជាករណីទី១ ដែលអ្នកយកព័ត៌មាន​ត្រូវ​បាន​កាត់ឱ្យមានទោស​ក្នុង​អំឡុងពេលដែលគាត់រាយការណ៍ពី​កូវីដ១៩។  តាមលិខិតរបស់ CambodJA នេះគឺជាការ​គំរាម​កំហែង​ដល់ការ​បន្ត​ប្រើ​ប្រាស់​សេរីភាព​របស់លោក សុវណ្ណ រិទ្ធី ផ្ទាល់​ក៏ដូចជា​​អ្នក​សារព័ត៌មាន​ដែលកំពុង​បំពេញ​វិជ្ជាជីវៈ​ផ្សេងៗទៀត ហើយ​ដែលកំពុង​រាយការណ៍​ពី​កូវីដ១៩។

លោក ណុប វី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មានកម្ពុជា ថ្លែងថា លោក សុវណ្ណ រិទ្ធី គ្រាន់តែ​បាន​ប្រើ​ប្រាស់​តួនាទី​របស់​គាត់ជាអ្នក​សារព័ត៌មាន​ម្នាក់ ដោយ​ស្រង់​សម្តីរបស់ប្រភព​មក​ផ្សព្វផ្សាយ ដូច្នេះ​ការ​ដាក់ទោសលើ​អ្នក​សារព័ត៌មាន​​ដោយ​ប្រើ​ប្រាស់​ក្រម​ព្រហ្មទណ្ឌ​គឺ​នៅ​តែ​ជាការ​គំរាម​កំហែង​ និង​បង្កើ​តឱ្យ​មានការ​ភ័យខ្លាច​ដល់​អ្នក​សារព័ត៌មាន​ផ្សេងទៀត ហើយ​ឆ្លុះ​បញ្ចាំង​ថា ​ច្បាប់​ស្តី​ពី​របបសារព័ត៌មាន​​មិន​ត្រូវ​បាន​យក​មក​អនុវត្ត​ឡើយ។​

បន្ថែមពីនេះ អង្គការសារព័ត៌មានមួយនេះ ក៏បានអំពាវនាវ និងស្នើ​សុំឱ្យ​តុលាការ​ទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំង​អ្នក​សារព័ត៌មាន​ផ្សេងទៀតដូចជា លោក រស់ សុឃិត  លោក សុខ ឧត្តម  និងអតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​គឺ​លោក​ អ៊ួ​ន ឈិន និង លោក ​យាង សុធា​រិន្ទ (ហៅ​យាង សុជា​មេត្តា) ​លោក អូន ភាព និង​លោក ភីធើ ហ្សំប៊័រ ( Zsombor Peter) អតីតអ្នក​សារព័ត៌មាន​កាសែត​ ឌឹខេមបូឌា ដេលី ​(The Cambodia Daily) ផងដែរ។ លើសពីនេះ CambodJA ក៏បានអំពាវនាវដល់ក្រសួងព័ត៌មាន ផ្តល់ជូនឡើងវិញនូវអាជ្ញាបណ្ណមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដល់លោក សុវណ្ណ រិទ្ធី ដើម្បីឱ្យ​គាត់អាចបន្តអាជីពជាអ្នកសារព័ត៌មានបានជាបន្តទៀត។

សូមបញ្ជាក់ថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២០ នៅនៅក្នុងរាជធានីភ្នំពេញ។ លោកត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់អោយមាន ចលាចលក្នុងសង្គម» បន្ទាប់ពីបានបង្ហោះវីដេអូមួយ ដែលកាត់តធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ