អានតួអត្ថបទ
ទេសចរណ៍-សៀមរាប

ក្រសួង​សុខាភិបាល​បារម្ភ​ចំពោះ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ទៅ​ក្នុង​សហគមន៍

បុរស​ជន​ជាតិ​ហុងគ្រី​ម្នាក់​ដែល​សង្ស័យ​ថា មាន​វិជ្ជមាន​កូវីដ១៩ និង​ដែល​បាន​រត់​ចេញ​ពី​ការ​ធ្វើ​ចត្តាឡីស័ក ត្រូវបាន​អាជ្ញាធរ​ខេត្តសៀមរាប​រក​ឃើញ​ហើយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។ នៅ​ចំពោះ​មុខ​ករណី​នេះក្រសួង​សុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​ដដែល​នេះ បាន​សម្ដែង​ពី​ក្ដី​បារម្ភ​ចំពោះ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ទៅ ក្នុងសហគមន៍ ប្រសិន​បើ​គាត់​ធ្វើ​ដំណើរ​ច្រើន និង​ជួប​មនុស្ស​ច្រើន។ 

បុរសហុងគ្រីដែលភៀសខ្លួនទៅធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះជួលមួយកន្លែងនៅក្នុងក្រុងសៀមរាប
បុរសហុងគ្រីដែលភៀសខ្លួនទៅធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះជួលមួយកន្លែងនៅក្នុងក្រុងសៀមរាប © ហ្វេសបុក អធិការដ្ឋាននគរបាលក្រុងសៀមរាប
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​រក​ឃើញ​បុរស​ជនជាតិ​ហុងគ្រី​អាយុ​៧០​ឆ្នាំ​រូប​នេះ ខណៈដែល​គាត់​កំពុង​អនុវត្ត​វិធាន​ការ​ការ​ពារ​ខ្លួន​បាន​ត្រឹមត្រូវ​តាមរយៈ​ការពាក់ម៉ាស់ និង​មិន​បាន​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ទូទៅ​ឡើយ ក្រៅ​តែ​ពី​ស្ត្រី​ម្នាក់​ដែល​បំរើ​ការងារ​ផ្ទះ​ឲ្យ​គាត់។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច បុរស​ជនជាតិ​ហុងគ្រី​រូបនេះ​បាន​ថ្លែង​ពន្យល់​ទៀត​ថា គាត់​ក៏​ជា​វិជ្ជបណ្ឌិត​ម្នាក់​ដែរ ហើយ​គាត់​មិន​បានគេច​ខ្លួន​ឡើយ ដោយ​គ្រាន់​តែ​ចង់​ឃុំ​ខ្លួន​ឯង​នៅ​ដោយ​ឡែក​ពី​គេ​នៅ​ផ្ទះ​ជួល​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាមស្នង​ការ​នគរបាល​ខេត្ត​សៀមរាប​លោកទិត្យ ណារ៉ុង បាន​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ។

បន្ទាប់​ពី​រក​ឃើញ បុរស​ជនជាតិ​ហុងគ្រី រូប​នេះ ត្រូវ​បាន​នាំ​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប ដើម្បី​រង់ចាំ​លទ្ធផល​តេស្តន៍​ស្វែង​រក​កូវីដ​១៩​លើក​ទី៣ ដែល​នឹង​ចេញ​នៅ​ល្ងាច​ថ្ងៃសៅរ៍​នេះ ពី​មន្ទីរ​ពិសោធន៍​ក្រុងភ្នំពេញ។

សូមជម្រាបជូនថា ជាជន​ជាតិ​ហុង​គ្រី​រូប​នេះ​មាន​អាយុ​៧០​ឆ្នាំ ​មាន​អាស័យដ្ឋាន​នៅ​ភូមិ​គ្រួស ឃុំ​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប។ បុរស​រូប​នេះ​ធ្វើ​ដំណើរ​ពីប្រទេស​បារាំង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៣​កញ្ញា រក​ឃើញ​អវិជ្ជ​មាន​កូវីដ១៩។ ប៉ុន្តែ​១៣ថ្ងៃ​ក្រោយ​ពី​ការ​ធ្វើ​ចត្តាឡីស័ក នៅ​កន្លែង​ស្នាក់នៅ​ផ្ទាល់​ខ្លួន លទ្ធផល​តេស្តន៍​លើកទី២របស់​គាត់ បង្ហាញ​សញ្ញា​សង្ស័យ​ថា វិជ្ជមាន​កូវីដ១៩ ទើប​អាជ្ញាធរ​សុខាភិបាល​សម្រេចបញ្ជូន​សំណាក​បុរស​រូប​នោះ​មក​មន្ទីរ​ពិសោធន៍​នៅ​ភ្នំពេញ​ដើម្បី​ធ្វើ​តេស្តន៍​លើកទី៣។

ក្នុង​ករណី​មាន​ពលរដ្ឋ​រូបណា​ដែល​បាន​ប៉ះ​ពាល់​ជាមួយ​បុរស​ជនជាតិ​ហុង​គ្រី​រូប​នេះ ក្រសួង​សូម​ចិត្ត​ពួក​គេ​ឲ្យ​ចូល​មក​បង្ហាញ​ខ្លួន​នៅ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ធ្វើ​តេស្តន៍​រក​វីរុស​កូវីដ១៩ ដើម្បី​រួម​គ្នា​បញ្ចៀស​បាន​នូវ​ការ​ចម្លង​ចូល​សហគមន៍។  ប្រឈម​នឹង​ក្ដី​ព្រួយ​បារម្ភ​ពី​ចម្លង​ចូល​សហគមន៍ ក្រសួង​សុខាភិបាល​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ អំពាវនាវ​ដដែល​ជា​ដដែល​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួមអនុវត្តន៍​វិធានការ​ការ​ពារ​ការ​ចម្លង​វីរុស​កូវីដ១៩ ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

គួរបញ្ជាក់​ដែរថា គិត​ត្រឹម​ថ្ងៃ​ទី​២៥​ខែ​កញ្ញា កម្ពុជា​មិនមាន​រក​ឃើញ​ករណី​វិជ្ជមាន​ថ្មី​នៃ​ជំងឺ​កូវីដ១៩​ទេ។ ចំនួន​ករណី​កូវីដ១៩​សរុប​នៅ​កម្ពុជា​មាន ២៧៥ករណី ក្នុងនោះ​២៧៤​ករណី​ត្រូវបាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ នៅ​សល់​១ករណី​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ក្នុង​ទី​ក្រុង​ភ្នំពេញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ