អានតួអត្ថបទ
កម្ពុជា សង្គម

ថ្ងៃបុណ្យភ្ជុំបិណ្ឌ៖ អ្នកនយោបាយផ្ញើសារជូនពរពលរដ្ឋកម្ពុជារៀងៗខ្លួន ខណៈអ្នកវិភាគសុំអោយមានឯកភាពជាតិ

ថ្ងៃទី ​១៧ ​កញ្ញានេះ ​គឺជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ​ឬ​ភ្ជុំធំ ​ដែលប្រជាពលរដ្ឋកម្ពុជា​កំពុង​​ប្រារព្ធធ្វើឡើង​ទាំង​នៅក្នុង​និង​ក្រៅ​ប្រទេស​។​ នៅថ្ងៃនេះ ​ប្រមុខរដ្ឋាភិបាល​​កម្ពុជា ​និង​អតីត​ប្រធានគណបក្សប្រឆាំង​បាន​ផ្ញើសារជូនពរ​ដល់ប្រជាពលរដ្ឋ​កម្ពុជា​រៀងៗ​ខ្លួន ​ខណៈ​អ្នកវិភាគ​សង្គម​​នយោបាយ​វិញ ​បានអំពាវនាវ​អោយអ្នក​នយោបាយ​មានឯកភាពជាតិ​នៅក្នុងស្មារតី​នៃ​បុណ្យភ្ជុំបិណ្ឌ​។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​ភរិយា ​ចូលរួម​ពិធី​បុណ្យភ្ជុំបិណ្ឌ​នៅ​វត្តវាំងចាស់ ​ស្រុក​ឧដុង្គ​ ខេត្ត​កំពង់ស្ពឺ ​ថ្ងៃទី ​១៧ ​កញ្ញា​ ឆ្នាំ ​២០២០​។​
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​ភរិយា ​ចូលរួម​ពិធី​បុណ្យភ្ជុំបិណ្ឌ​នៅ​វត្តវាំងចាស់ ​ស្រុក​ឧដុង្គ​ ខេត្ត​កំពង់ស្ពឺ ​ថ្ងៃទី ​១៧ ​កញ្ញា​ ឆ្នាំ ​២០២០​។​ © FB
ផ្សាយពាណិជ្ជកម្ម

«​ដោយសារ​ប្រទេសយើង​មានសុខ​សន្តិភាព​ពេញលេញ ​ទើបយើង​មានឱកាស​ប្រារព្ធពិធី​បុណ្យ​តូចធំ​ជាច្រើន​ដោយគ្មាន​ការភ័យខ្លាច​»​។ ​នេះគឺ​ជា​សារ​​របស់​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែលបាន​សរសេរ​នៅលើ​គណនីយ​ហ្វេសប៊ុក​របស់លោក​កាលពីថ្ងៃទី ​១៦ ​កញ្ញា​។​ ក្រៅពី​បាន​សួរសុខ​ទុក្ខជន​រួមជាតិ​របស់ខ្លួន​ហើយ​ លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ឆ្លៀត​​នៅក្នុងឱកាស​នេះ ​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ចំពោះ​បញ្ហា​អគ្គិភ័យ ​ដែលអាច​បណ្តាលមក​ពីការដុតធូប ​ទៀន ​នៅតាម​ទីកន្លែង​សក្ការៈបូជា​ផ្សេងៗ​។ ​ទន្ទឹមនឹង​នេះ ​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ក្រើនរំលឹក​អោយ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សុខភាព ​កុំអោយ​ឆ្លងជំងឺ​កូវីដ​-​១៩​ (Covid-19) ​ផងដែរ​។ ​សម្រាប់​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅថ្ងៃបុណ្យ​ភ្ជុំបិណ្ឌនេះ ​លោករួមជាមួយ​ភរិយា ​ព្រមទាំង​ក្រុមគ្រួសារ​សាច់ញាតិ ​និង​មន្ត្រី​អ្នកមុខ​អ្នកការ​ជាច្រើន​រូបទៀត​ បានអញ្ជើញ​ទៅចូលរួម​ពិធី​បុណ្យភ្ជុំបិណ្ឌ ​ជាមួយ​ពុទ្ធបរិស័ទ​នៅក្នុងវត្ត​ហរិរក្សជិនី ​(វត្តវាំងចាស់) ​ស្ថិតនៅ​ឃុំវាំងចាស់ ​ក្នុងស្រុកឧដុង្គ ​ខេត្តកំពង់ស្ពឺ​។​ វត្តវាំងចាស់ ​គឺជាវត្តមួយ​ដែលលោក​នាយករដ្ឋ​មន្ត្រី​និង​ភរិយា ​ពុំដែល​​ខកខាន​ទៅមួយឆ្នាំ​ណាសោះ​ឡើយ​។

ពីចំណែក​លោក កឹម សុខា ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​វិញ​ នៅថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ​ថ្ងៃ ​១៥​រោច ខែភទ្របទ​ ឆ្នាំជូត ​ទោស័ក​ ព.ស.២៥៦៤ ​ត្រូវនឹង​ថ្ងៃទី ​១៧ ​ខែកញ្ញា ​ឆ្នាំ២០២០នេះ ​លោកក៏​បាន​អញ្ជើញទៅ​បុណ្យភ្ជុំបិណ្ឌ ​នៅក្នុង​វត្តស្វាយទោង ​ស្ថិតក្នុង​ខេត្តកំពង់ចាម​ផងដែរ​។ ​តាមរយៈទំព័រ​ហ្វេសប៊ុក​របស់ខ្លួន ​លោក កឹម សុខា ​បានបួងសួង​ដល់គុណ​បុណ្យព្រះរតនត្រ័យ ​បារមីវត្ថុស័ក្តិសិទ្ធិ ​អោយជួយ​ប្រោះព្រំ​ប្រទេស​កម្ពុជា ​និង​ប្រជាពលរដ្ឋខ្មែរ ​ជួបតែ​សេចក្តីសុខ ​សេចក្តីចម្រើន ​ជាពិសេស​សូមឲ្យចៀស​ផុត​ពីគ្រោះមហន្តរាយ​ទាំងឡាយ​។ ​ដោយឡែក​ពី​ក្រៅប្រទេស​ឯណោះវិញ ​លោក សម រង្ស៊ី ​អតីត​ប្រធាន​គណ​បក្សប្រឆាំង ​ទោះបី​ជាមិន​បានចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅក្នុង​ប្រទេស​កម្ពុជាក្តី ​ប៉ុន្តែលោក​ក៏​បាន​ចូលរួម​កាន់បិណ្ឌ​នៅក្នុង​វត្តធម្មរង្សី​ ក្បែរទីក្រុង​ប៉ារីស​ប្រទេសបារាំង ​កាលពីថ្ងៃ ​១៣​ កញ្ញា ​ផងដែរ។​ ថ្លែងទៅកាន់​ពុទ្ធបរិស័ទ​ខ្មែរ ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌនោះ ​លោក សម រង្ស៊ី ​បានលើក​ឡើងថា​ ពិធី​បុណ្យភ្ជុំបិណ្ឌ ​គឺជាការរំលឹក​នឹកគុណ​ដល់​បុព្វបុរស ​ជីដូនជីតា ​និង​ជាពិសេស​រំលឹកគុណ​ដល់វីរៈបុរសខ្មែរ ​ដែលបាន​លះបង់ជីវិត​ដើម្បីការពារ​ប្រទេស​កម្ពុជា​។ ​សម្រាប់​អតីត​ប្រធានគណបក្ស​ប្រឆាំងរូបនេះ ​លោកបាន​អំពាវនាវអោយកូនខ្មែរ ​យកគំរូតាម​វីរៈបុរសខ្មែរ​ដែល​ហ៊ានលះបង់​អាយុជីវិត ​ដើម្បីការពារ​ប្រទេសជាតិ​អោយ​គង់វង្ស​តទៅមុខ​ទៀត​។ ​ដោយឡែក​អ្នកវិភាគ​នយោបាយ​ជើងចាស់ ​លោកបណ្ឌិត ​ឡៅ ម៉ុងហៃ ​ឯណោះវិញ ​ក៏បានសរសេរ​នៅលើទំព័រហ្វេសប៊ុក​របស់លោកដែរ​ថា​ ភ្ជុំបិណ្ឌ ​គួរដោត​ទង់ជាតិ​និង​ទង់ព្រះពុទ្ធសាសនា​គ្រប់ផ្ទះ ​ដើម្បី​បង្ហាញ​សេចក្តីស្នេហាជាតិ​និង​ឯកភាពជាតិ ​ក្រោម​ព្រះឆ័ត្រ​និង​ក្រោមព្រះពុទ្ធសាសនា ​ដែលជាគោលបំណង​របស់ព្រះបាទ​ អង្គ ឌួង​ ដែល​បានរៀបចំ​ឲ្យធ្វើបុណ្យ​ពុទ្ធសាសនា​ដ៏ធំពិសេស​ខុសផ្លែក​ពី​នៅប្រទេស​កាន់ព្រះពុទ្ធសាសនា​ឯទៀតៗ​។ ​ឆ្លៀងនៅក្នុង​ឱកាសនេះ ​អ្នកវិភាគ​នយោបាយ​ជើងចាស់​​រូបនេះ ក៏បាន​អំពាវនាវ​អោយ​អ្នកនយោបាយមាន​ឯកភាពជាតិ ​នៅក្នុងស្មារតី​នៃ​បុណ្យ​ភ្ជុំបិណ្ឌ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ