អានតួអត្ថបទ
កម្ពុជា-សង្គម

អង្គការសិទ្ធិមនុស្សអន្តរជាតិពីរ អំពាវនាវឲ្យដោះលែងយុវជន និងសកម្មជនបរិស្ថាន ដោយឥតលក្ខខណ្ឌ

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​២​ស្ថាប័ន​ នៅ​ថ្ងៃ​ទី​១០​ និង​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​នេះ​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​ ចំពោះ​យុវជន​ និង​សកម្មជន​បរិស្ថាន​យ៉ាង​តិច​១០​នាក់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ ចាប់​តាំង​ពី​ខែ​សីហា​មក​។ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ឬ​បង្គាប់​បញ្ជា​ឲ្យ​មាន​ការ​ដោះលែង​ ទម្លាក់​បទ​ចោទ​ មិនមែន​ជា​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​ ដែល​ជួយ​ជន​ជាប់​ចោទ​ទេ​។

ក្រុមយុវជនខ្មែរថាវរៈ ដែលធ្វើការប្រមូលផ្តុំធ្វើការតវ៉ាកន្លងមក ត្រូវបានសមត្ថកិច្ចរារាំង
ក្រុមយុវជនខ្មែរថាវរៈ ដែលធ្វើការប្រមូលផ្តុំធ្វើការតវ៉ាកន្លងមក ត្រូវបានសមត្ថកិច្ចរារាំង © FB
ផ្សាយពាណិជ្ជកម្ម

លោក ហ្វីល រ៉ូបឺតសុន  នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃទី១១ ខែកញ្ញានេះ បានលើកឡើងថា រលកនៃការចាប់ខ្លួនសកម្មជននាពេលចុងក្រោយនេះ បានបង្ហាញថាអាជ្ញាធរកម្ពុជាមិនត្រឹមតែមិនគោរពលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំទេ តែថែមទាំងមិនគោរពសិទ្ធិដីធ្លី និងបរិស្ថានផងដែរ។  អាជ្ញាធរគួរតែបញ្ឈប់ការប្រើប្រាស់បទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌមិនត្រឹមត្រូវស្តីពីការញុះញង់ ដើម្បីរារាំងការរិះគន់ដោយសន្តិវិធី ក្នុងការទាមទារទៅកាន់រដ្ឋាភិបាល។

លោកស្រី មីង យូអា នាយករងប្រចាំតំបន់ទទួលបន្ទុកយុទ្ធនាការនៃអង្គការលើកលែងទោសអន្តរជាតិ កាលពីថ្ងៃទី១០ ខែកញ្ញា បានលើកឡើងថាការចាប់ខ្លួនសកម្មជននាពេលនេះ គឺជារឿងគួរឲ្យភ្ញាក់ផ្អើល​ និងជាការវាយប្រហារមកលើយុវជនកម្ពុជា។ លោកស្រីបន្ថែមថាជំនួសឱ្យការលើកទឹកចិត្តយុវជនកម្ពុជាជំនាន់ថ្មីឱ្យចូលរួមយ៉ាងពេញលេញក្នុងការកសាងអនាគតប្រទេសជាតិ រដ្ឋាភិបាលរបស់លោកហ៊ុន សែន ប្តេជ្ញាចិត្តលុបបំបាត់ការខ្វែងគំនិតគ្នា នាគ្រប់មជ្ឈដ្ឋាននៃប្រជាជនកម្ពុជាចាប់ពីបព្វជិតសាសនា រហូតដល់អ្នកធ្វើការក្នុងវិស័យសិល្បៈ។

បើតាមការកត់សំគាល់របស់ក្រុមអង្គការសង្គមស៊ីវិល ចាប់តាំងពីមានយុទ្ធនាការទាមទារអោយមានការដោះលែងលោក រ៉ុង ឈុន កាលពីខែសីហាមក យ៉ាងហោចណាស់យុវជន និងសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ចំនួន១៤នាក់ហើយ ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួន និងចោទប្រកាន់ពីបទ «ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬញុះញង់អោយមានភាពវឹកវរដល់សង្គម»តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា សកម្មភាពរបស់ពួកគេមិនមែនជាការអនុវត្តសេរីភាពនៃការជួបជុំ និងបញ្ចេញមតិតាមផ្លួវច្បាប់ទេ ក៏ប៉ុន្តែជាការប្រព្រឹត្តិបទល្មើស ដែលត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ហើយសមត្ថកិច្ចមានមូលដ្ឋានច្បាស់លាស់ចំពោះចំណាត់ការ និងវិធានការច្បាប់ ប្រឆាំងទៅនឹងអំពើល្មើសទាំងអស់នោះ។

លោកបន្ថែមថា មធ្យោបាយជួយសកម្មជនទាំងនោះបាន គឺមានតែការចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ពោលគឺត្រូវបង្ហាញភស្តុតាងឲ្យបានរឹងមាំប្រសិនបើខ្លួនយល់ថាមិនបានប្រព្រឹត្តិបទល្មើស។ ចំណែការចេញសេចក្តីថ្លែងការណ៍ ឬបង្គាប់បញ្ជាឲ្យមានការដោះលែង ទម្លាក់បទចោទនោះ មិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ ដែលជួយជនជាប់ចោទទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ