អានតួអត្ថបទ
អប់រំ-កូវីដ១៩

កូវីដ១៩៖ សាលារៀនមួយ​ចំនួននៅ​កម្ពុជា​បើក​ទ្វារ​វិញ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​ក្រោយ​បិទ​ទ្វារ​៦​ខែ

គ្រឹះស្ថាន​សិក្សា​សាធារណៈ​និង​ឯកជន​មួយ​ចំនួន​នឹង​បើក​ទ្វារ​ទទួល​សិស្ស​ចូល​រៀន​ឡើង​វិញ នៅ​ថ្ងៃ​ទី​៧​កញ្ញាស្អែក​នេះ ក្រោយ​បិទ​ទ្វារ​អស់​រយៈ​ពេល​៦ខែ​ដោយ​សារ​កូវីដ១៩។ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នៅ​ថ្ងៃ​អាទិត្យ​ទី​០៦​កញ្ញា​នេះ​ថា ទាំង​គ្រឹះ​ស្ថាន​សិក្សា​សាធារៈនិង​ឯកជន​ត្រៀម​ខ្លួន​រួច​រាល់សម្រាប់​ទទួល​សិស្ស​ចូល​រៀន​ឡើងវិញ ជាមួយ​វិធានការណ៍​សុវត្ថិភាព​ខ្ពស់។ 

សិស្ស​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​អង្គុយ​ក្នុង​ថ្នាក់​រៀន​ដោយ​មាន​ពាក់​ម៉ាស​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​។ ថ្ងៃ​អង្គារ ទី​២៨ ខែ​មករា ឆ្នាំ​២០២០​។
សិស្ស​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​អង្គុយ​ក្នុង​ថ្នាក់​រៀន​ដោយ​មាន​ពាក់​ម៉ាស​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​។ ថ្ងៃ​អង្គារ ទី​២៨ ខែ​មករា ឆ្នាំ​២០២០​។ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

សិស្ស​ថ្នាក់​ទី​៩​និង​ថ្នាក់​ទី​១២​នៅទូទាំង​ប្រទេស នឹង​អនុញ្ញាត​ឲ្យ​ចូល​រៀន​ឡើង​វិញនៅ​ថ្ងៃ​ចន្ទទី​០៧​កញ្ញា​​ស្អែក​នេះ ​សម្រាប់​ដំណាក់​កាល​ទី២។  ចំណែក​ការ​អនុញ្ញតឲ្យ​សិស្ស​គ្រប់​កម្រិត​ពី​ទី១​ដល់​ទី​១២​ចូល​រៀន​ឡើង​វិញ​ មាន​សម្រាប់​តែ​ខេត្ត​ចំនួន៤​ទេ​ គឺ​ ក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី។ នេះ​ក៏​ដោយ​សារ​តែ​ខេត្ត​ទាំង​៤​មាន​​ហានីភ័យ​ឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​កម្រិត​ទាប។ ក្រៅ​ពី​នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ពិនិត្យ​លទ្ធភាព​ជាក់ស្តែង​បើក​ដំណើរការ​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ​តាម​រាជធានី-ខេត្ត​ផ្សេង​ទៀត​តាម​ទ្រង់​ទ្រាយ​តូច។

ក្រៅ​ពី​គ្រឹះស្ថាន​សិក្សា​រដ្ឋ ​គ្រឹះស្ថាន​សិក្សា​ឯកជន​ចំនួន​៣០០​កន្លែង ពី​កម្រិត​មត្តេយ្យ​ដល់​ឧត្តម​សិក្សា នឹង​បើក​ដំណើរ​ការឡើង​វិញ សម្រាប់​ដំណាក់​កាល​ទី​២ នៅ​ថ្ងៃ​ចន្ទ​ទី​០៧​កញ្ញា​ស្អែក​នេះ​ដែរ​ បន្ទាប់​ពី​ក្រសួង​អប់រំ​ចុះ​ពិនិត្យនិង​វាយ​តម្លៃ​ដោយផ្ទាល់​ដល់​ទី​តាំង​សាលា អំពី​ការ​អនុវត្ត​វិធាន​ការណ៍​សុវត្ថិភាព។

សូមជម្រាបជូនថា  ទាំង​គ្រឹះ​ស្ថាន​សិក្សា​រដ្ឋ និង​ឯកជន​ដំណើរ​ការ​ឡើង​វិញ​បាន ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់ក្រសួង​អប់រំ​ជា​សំខាន់​នោះ​គឺ ត្រូវ​រៀប​ចំ​តុ​កៅ​អី​អង្គុយ​នៅ​ក្នុង​បន្ទប់​រៀន ដោយ​ត្រូវ​រក្សា​គម្លាត​សុវត្ថិ​ភាព​យ៉ាង​ហោច​ណាស់​២ម៉ែត្រ និង​ចំណុះ​សិស្ស​មិន​ឲ្យ​លើស​ពី២០​នាក់​ក្នុង​មួយ​បន្ទប់។ ជាក់​ស្ដែង​វិទ្យាល័យ​បាក់ទូក ស្ថិតក្នុង​ខណ្ឌ​៧មករា ដែល​នឹង​ត្រៀម​ខ្លួន​បើក​ទ្វារ​ទទួល​ថ្នាក់​ទី៩​និង​ថ្នាក់​ទី១២នៅ​ចន្ទ​ស្អែក គឺ​អនុញ្ញាត​ឲ្យ​សិស្ស​តែ២០​នាក់​ប៉ុណ្ណោះ​អង្គុយ​រៀន​ក្នុង​មួយ​ថ្នាក់​ ដោយ​មាន​​ម៉ោង​សិក្សា​ត្រឹម​៣​ម៉ោង​ក្នុង​១សប្តាហ៍។ វិទ្យាល័យ​បាក់ទូក​ក៏បំពាក់​នូវ​គ្រឿង​ឧបករណ៍​ដើម្បី​បង្ការ​ទប់​ស្កាត់​នូវ​ជំងឺ​កូវីដ១៩ ដែល​តម្រូវ​ឱ្យ​មាន​ច្រក​ចេញ​ចូល​តែ​មួយ ដោយ​មានការ​បាញ់​អាល់​កុល​សម្លាប់​មេរោគជា​ដើម។  

ជាមួយ​គ្នា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​លោក រស់ សុវាចា រំពឹងថា ដំណើរ​ការ​បើក​សាលា​រៀនឡើង​វិញ​នៅ​ដំណាក់​កាល​ទី២​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដូច​គ្នា​នឹង​ដំណាក់​កាល​ទី១​ដែរ។

គួររម្លឹកថា ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​សម្រេច​ផ្អាក​ដំណើរ​ការ​សាលា​រៀន​ទាំង​អស់​នៅ​កម្ពុជា ចាប់​តាំង​ពីថ្ងៃ​ទី​១៦​ខែ​មីនា ដើម្បី​បង្ការ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។ នៅ​ក្នុង​ពេល​បិទ​សាលា​រៀន​កន្លង​មកនេះ ក្រសួង​អប់​រំ​បាន​ដាក់​ចេញ​នូវ​យន្ត​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ជា​ច្រើន​ទម្រង់សម្រាប់​សិស្ស​និស្សិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ