អានតួអត្ថបទ
កម្ពុជា-សង្គម

ព្រះមហាក្សត្រ៖ សីលធម៌ និងអភិសមាចារក្នុងជីវភាពសង្គម មានការស្រុតចុះគួរឲ្យព្រួយបារម្ភ

អំពើ​ឃាតកម្ម​ដែល​មាន​ទម្រង់​បែប​ព្រៃផ្សៃ​ នៅតែ​បន្ត​កើត​ឡើង​ជា​បន្តបន្ទាប់​គ្នា​នៅ​ក្នុង​សង្គម​ខ្មែរ​នា​រយៈពេល​ចុងក្រោយ​នេះ​។ ជាក់ស្តែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ អំពើ​ឃាតកម្ម​ ២​ករណី​ផ្ទួន​គ្នា​បាន​កើតឡើង​ ហើយ​ជុំវិញ​ឬសគល់​នៃ​ការ​សម្លាប់​នេះ​ គឺ​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​។ ទាំង​ព្រះបរមរាជវាំង​ ទាំង​អ្នក​តាមដាន​សង្គម​ទំនង​យល់​ឃើញ​ដូចគ្នា​ថា​ ឃាតកម្ម​ផ្ទួនៗ​នេះ​ បាន​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​អាក្រក់​ទៅ​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​សង្គម​ ពោល​គឺ​ការ​បាត់បង់​នូវ​សីលធម៌​ និង​គុណធម៌​សង្គម​។

ព្រះមហាក្សត្រ​កម្ពុជា
ព្រះមហាក្សត្រ​កម្ពុជា © Facebook
ផ្សាយពាណិជ្ជកម្ម

អំពើហិង្សាក្នុងទម្រង់ព្រៃផ្សៃដោយការអារ ក និងចាក់សម្លាប់ នៅតែមានការកើនឡើង ជាបន្តបន្ទាប់ក្នុងរយៈមួយសប្តាហ៍កន្លងមកនេះ។ រាប់ចាប់តាំងពីចុងខែសីហាមក ករណីឃាតកម្ម បានកើតឡើងជាបន្តបន្ទាប់រួមមាន ករណីចាក់សម្លាប់នារីកម្មករម្នាក់នៅកំបូល ករណីឪពុកសម្លាប់កូនស្រីបីនាក់ដោយច្របាច់ក ករណីកូនបង្កើតអារកម្តាយ។ ហើយទន្ទឹមនោះឃាតកម្មដ៏កក្រើកមួយទៀត បានកើតឡើងនៅថ្ងៃទី១កញ្ញាដោយ កុមារីវ័យ១៤ឆ្នាំត្រូវបានរំលោភរួចអារកសម្លាប់។

រំលងបានតែមួយថ្ងៃ អំពើព្រៃផ្សៃសាហាវៗដូចនេះ បានបន្តកើតឡើងទៀត ដោយកាលពីថ្ងៃទី៣ កញ្ញា ម្សិលមិញមានករណីឃាតកម្មស្រដៀងគ្នា២ករណីស្ទួន ដែលមួយករណីនោះ គឺបុរសជាប្តីបានចាក់សម្លាប់ប្រពន្ធរួចអារកសម្លាប់ខ្លួនឯង រីឯមួយករណីទៀត គឺជាការចាក់សម្លាប់ប្រពន្ធពីសំណាក់អតីតប្តីរបស់ខ្លួន ហើយករណីទាំងពីរនេះសុទ្ធសឹងតែកើតចេញពីមូលហេតុនៃការប្រច័ណ្ឌដូចគ្នា។

ទំនងជាសំដៅទៅលើហេតុការណ៍ដែលបានកើតឡើងគួរឲ្យសង្វេកទាំងអស់នេះ ឬក៏ជាការសំដៅជាទូទៅនោះទេ ព្រះមហាក្សត្រនៃកម្ពុជា គឺព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានសម្តែងនូវការព្រួយបារម្ហដ៏កំរ ព្រមទាំងមានព្រះបរមរាជឱង្ការតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ព្រះបរមរាជវាំង Royal du Cambodge ថា បច្ចុប្បន្ននេះ សកលលោកយើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការរីកចម្រើន និងជឿនលឿន ដោយមានជំនាញខាងវិទ្យាសាស្ត្រ និងសម្ភារៈ ដែលមិនធ្លាប់មានពីមុនមក។ ប៉ុន្តែទន្ទឹមនឹងការរីកចម្រើនខាងលើនេះ សីលធម៌ និងអភិសមាចារក្នុងជីវភាពសង្គម ក៏មានការស្រុតចុះគួរឲ្យព្រួយបារម្ភណាស់ដែរ។ ភាពអន់ថយនៃសីលធម៌ និងគុណធម៌សង្គម នាំឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងនិរន្តភាពនៃវប្បធម៌ និងចីរភាពរបស់សង្គមនិយមទៅអនាគត។

ជុំវិញអំពើហិង្សាដ៏ព្រៃផ្សៃនេះដែរ លោកបណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិកន្លងទៅនេះដែរថា ករណីទាំងនេះគឺបណ្តាលមកពីការធ្លាក់ចុះផ្នែកសីលធម៌សង្គម និយាយជារួម និងនិយាយដោយឡែក គឺបណ្ដាលមកពីការប្រេះឆាក្នុងសង្គមគ្រួសារ។ ជាមួយគ្នានេះ លោកបណ្ឌិត ប៉ា ច័ន្ទរឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា ក៏បានលើកឡើងដែរថា កត្តាដែលបណ្តាលឲ្យកើតអំពើឃាតកម្មមានការកើនឡើង គឺកត្តាផ្លូវចិត្ត ដែលបណ្តាលមកគ្រឿងញៀន និងគ្រឿងស្រវឹង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ