អានតួអត្ថបទ
កម្ពុជា-សង្គម

ភរិយារបស់សកម្មជនបក្សប្រឆាំងម្នាក់បានរងរបួស បន្ទាប់ពីរងអំពើហិង្សាក្នុងពេលតវ៉ាអោយដោះលែងស្វាមីរបស់ខ្លួន

​ម្នាក់​ដែល​គេ​ស្គាល់ថា​ ជាភរិយា​របស់​លោក ស៊ុន ធន់ គ្រូបង្រៀន​និង​ជា​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​បាន​រង​របួស​ បន្ទាប់​ពី​រង​អំពើ​ហិង្សា​ពី​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​៧មករា​ ក្នុង​អំឡុងពេល​ដែល​ពួក​គេ​តវ៉ា​អោយ​មាន​ការ​ដោះលែង​ស្វាមី​របស់​ខ្លួន​។ សូមបញ្ជាក់ថា​ ចាប់តាំង​ពី​ដើម​ខែ​មិថុនា​ឆ្នាំ​២០២០​មក​ ក្រុម​គ្រួសារ​របស់​អតីត​សមាជិក​គណបក្ស​ប្រឆាំង​ជា​ច្រើន​រូប​ បាន​រង​ការ​បង្ក្រាប​ពី​កង​កម្លាំង​សន្តិសុខ​ ខណៈ​ពេល​ពួកគេ​បាន​ចេញ​តវ៉ា​ទាមទារ​អោយ​មាន​ការ​ដោះលែង​ឳពុក​ និង​ស្វាមី ​របស់​ពួកគេ​។

អ្នកស្រី សេង ចាន់ថន ដែលបានរងអំពើហិង្សាពីសំណាក់កងកម្លាំងសន្តិសុខខណ្ឌ៧មករា
អ្នកស្រី សេង ចាន់ថន ដែលបានរងអំពើហិង្សាពីសំណាក់កងកម្លាំងសន្តិសុខខណ្ឌ៧មករា © LICADHO/លីកាដូ
ផ្សាយពាណិជ្ជកម្ម

អ្នកស្រី ​សេង ចាន់ថន​​ អាយុ៤៩ឆ្នាំ ដែលគេស្គាល់ថា ជាភរិយារបស់លោក ស៊ុន ធន់ ជាគ្រូបង្រៀន និងជាសកម្មជនអតីតគណបក្សប្រឆាំងនៅក្នុងខេត្តកំពង់ធំ ត្រូវបាន​បញ្ជូនទៅសង្គ្រោះនៅឯ​មន្ទីរពេទ្យ ​បន្ទាប់ពីអ្នកស្រីបានរងអំពើហិង្សាពីសំណាក់កងកម្លាំងសន្តិសុខខណ្ឌ៧មករា នៅក្នុងអំឡុងពេលនៃការតវ៉ានៅមុខតុលាការក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៤ កញ្ញា។

អ្នកស្រី​ សេង ចាន់ថន​ ភរិយា​របស់​លោក​ ស៊ុន ធន់​ អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​ និង​ជាសមាជិក​សមាគម​គ្រូបង្រៀនក​ម្ពុជាឯករាជ្យ​ ត្រូវបាន​រាំងខ្ទប់​ដោយកម្លាំង​សន្ដិសុខ​ខណ្ឌ៧មករា​ ពីការតវ៉ា​ជាសាធារណៈ​នៅខាងក្រៅ​សាលាដំបូង​រាជធានីភ្នំពេញ ​រួមជាមួយ​ក្រុមស្ដ្រី​ និងសាច់ញាតិ​ដទៃទៀត​របស់អតីត​សមាជិក​គណបក្ស​ប្រឆាំង​ដែលត្រូវបាន​រំលាយ ។​ ខណៈដែល​កម្លាំងសន្ដិសុខ​ជាច្រើន​ប៉ះទង្គិចគ្នា​ជាមួយ​ក្រុមស្រ្តី ​សន្តិសុខ​ម្នាក់​បានចាប់​បោកអ្នកស្រី ចាន់ថន​ យ៉ាងហិង្សា​ផ្ទប់ទៅនឹងថ្នល់។​ អ្នកស្រី​ ត្រូវបាន​បញ្ជូន​ទៅព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ​​នេះបើតាមការសរសេររៀបរាប់របស់អង្គការសិទ្ធិមនុស្សលីកាដូ តាមរយៈគណនីយហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី ០៤ កញ្ញានេះ។ បើតាមលីកាដូ ស្វាមីរបស់​អ្នកស្រី សេង ​ចាន់ថន​ គឺលោក ស៊ុន ធន់ ត្រូវបាន​ឃុំខ្លួន​ក្នុងពន្ធនាគារ​ តាំងពីដើម​ខែមិថុនា​មក ដោយរងការ​ចោទប្រកាន់ពី​បទរួមគំនិតក្បត់​ បទញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍​ និងបទញុះញង់​កុំឱ្យ​យោធិន​ស្ដាប់បង្គាប់។​ ក្នុងនោះ​មានបទចោទខ្លះ​ ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹងសកម្មភាព​តាំងពីខែកក្កដា​ ឆ្នាំ២០១៨។​

បើតាមការកត់សំគាល់របស់អង្គការសិទ្ធិមនុស្សលីកាដូនេះ គឺចាប់តាំង​ពីដើមខែមិថុនា​ឆ្នាំ២០២០​មក ក្រុមគ្រួសារ​របស់អតីត​សមាជិក​គណបក្សប្រឆាំង ​ត្រូវបាន​អូស ​ទាញ ទាត់​ និងវាយដំ​ ក្នុងអំឡុងពេល​ដែលពួកគេ បាន​តវ៉ាដោយ​សន្ដិវិធី​ ដើម្បី​អំពាវនាវ​អោយដោះលែង​សមាជិក​គ្រួសារពួកគេ។ កាលពីថ្ងៃទី ១៤ សីហា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជា បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា គោរពសិទ្ធិរបស់អ្នកតវ៉ាក្នុងការជួបប្រជុំ និងឲ្យការពារអ្នកដែលប្រើសិទ្ធិជួបប្រជុំនេះ បន្ទាប់ពីការិយាល័យនេះ បានសង្កេតឃើញថា បើទោះបីជាការជួបប្រជុំដោយសន្តិវិធី ដែលរៀបចំដោយបុគ្គលផ្សេងៗមានលក្ខណៈសន្តិវិធីក្តី ក៏គេបានឃើញនូវការចាប់ខ្លួន និងឧប្បត្តិហេតុមួយចំនួននៃការប្រើប្រាស់កម្លាំងហួសប្រមាណទប់ទល់នឹងក្រុមបាតុករដែលភាគច្រើនជាស្ត្រី និងយុវជនកម្ពុជា។

គួរជំរាបជូនថា ​ គិតមក​ទល់ពេលនេះ ​មានអតីត​សមាជិក​គណបក្សសង្គ្រោះជាតិ​ចំនួន២៣នាក់​ហើយ ​ត្រូវបានចាប់និងឃុំខ្លួន​ក្នុងពន្ធនាគារ ខណៈយុវជននិង​អ្នកតវ៉ាផ្សេងៗទៀត​ប្រមាណជាង​១០នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ ​បន្ទាប់ពីពួកគេចូលរួមនៅក្នុងសកម្មភាពតវ៉ាអោយមានការដោះលែង​លោក រ៉ុង ឈុន នារយៈពេលចុងក្រោយនេះ។ សម្រាប់អាជ្ញាធររដ្ឋាភិបាលវិញបានចាត់ទុកថា សកម្មភាពតវ៉ាទាំងនេះ គឺធ្វើឡើងដោយខុសច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ