អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

កូវីដ១៩៖ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាង៩០%នៅកម្ពុជា បានផ្អាកដំណើរការ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ទេសចរណ៍​បាន​លើកឡើង​ថា​ យ៉ាង​ហោច​ណាស់​ សណ្ឋាគារ​ ផ្ទះ​សំណាក់​ និង​ភោជនីយដ្ឋាន​ជាង​៩០%​នៅ​កម្ពុជា​ បាន​ផ្អាក​ដំណើរការ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ ​ដោយសារ​តែ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​។ បន្ថែម​លើ​នេះ​ បុគ្គលិក​ កម្មករ​ នៅ​ក្នុង​វិស័យ​សេវាកម្ម​ទេសចរណ៍​ ប្រមាណ​ជាង​៥​ម៉ឺន​នាក់​ ក៏​បាត់បង់​ការងារ​ផង​ដែរ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ សកម្មភាព​នេះ ​បាន​ចាប់ផ្តើម​កំរើក​ឡើងវិញ​ បន្ទាប់​ពី​មាន​ចរន្ត​ទេសចរណ៍​ផ្ទៃក្នុង​ប្រមាណ​ជា​១លាន៤សែននាក់​ កាល​ពី​អំឡុង​ខែ​សីហា​កន្លង​ទៅ​។​ បើ​តាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ទេសចរណ៍​ ក្រសួង​កំពុង​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ ពិសេស​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​។

ភ្ញៀវទេសចរ​ដើរ​លេង​កម្សាន្ត​នៅ​សៀមរាប ក្នុងអំឡុងថ្ងៃឈប់​សម្រាក​សងចូល​ឆ្នាំ
ភ្ញៀវទេសចរ​ដើរ​លេង​កម្សាន្ត​នៅ​សៀមរាប ក្នុងអំឡុងថ្ងៃឈប់​សម្រាក​សងចូល​ឆ្នាំ © ក្រសួងទេសចរណ៍កម្ពុជា
ផ្សាយពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជារំពឹងទុកថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌក្នុងរយៈពេលជាងកន្លះខែខាងមុខនេះ គឺជាឱកាសថ្មីនៃការជំរុញកំណើនទេសចរណ៍ផ្ទៃក្នុងកម្ពុជា ក្នុងបរិបទនៃជំងឺកូវីដ១៩ ខណៈវិបត្តិនៃជំងឺកូវីដ១៩នេះ បានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍កម្ពុជា។ ក្នុងនោះ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ប្រមាណជាង៩០%បានបិទទ្វារ ហើយបុគ្គលិកកម្មករនៅក្នុងវិស័យសេវាកម្មទេសចរណ៍ប្រមាណជាង៥ម៉ឺននាក់ បានបាត់បង់ការងារ។ នេះបើតាមការលើកឡើងរបស់លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍កម្ពុជា នៅក្នុងសន្និសីទកាសែតដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ០៣ កញ្ញា ស្តីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេលជំងឺកូវីដ១៩»។ ប៉ុន្តែនៅក្នុងសន្និសីទកាសែតនេះ លោក ទិត ចន្ថា បានថ្លែងថា តាមរយៈការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង កាលពីខែសីហាកន្លងទៅនេះ វាបានជួយស្រោចស្រង់ផលប៉ះពាល់នេះបានប្រមាណជា៣០%។

គួរជំរាបជូនថា ក្នុងអំឡុងពេលឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរកាលពីខែសីហាកន្លងទៅនេះ គឺជាលើកទីមួយហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបើកអោយមានទេសចរណ៍ផ្ទៃក្នុង ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩នៅខែមករា ឆ្នាំ ២០២០មក។ ក្នុងនោះ មានភ្ញៀវទេសចរណ៍ប្រមាណជា ១លាន៤សែននាក់ ក្នុងនោះ១០% ឬ ១ម៉ឺន៤ពាន់នាក់ គឺជាភ្ញៀវទេសចរណ៍បរទេស ដែលស្នាក់នៅកម្ពុជា បានទៅទស្សនាកំសាន្តនៅតាមរមណីយដ្ឋាននានា ដោយបានរួមចំណែកអោយមានចរន្តសេដ្ឋកិច្ចផ្ទៃក្នុងប្រមាណជា១០០លានដុល្លារក្នុងរយៈពេល៩ថ្ងៃ ក្នុងនោះ ខេត្តកំពត និងខេត្តសៀមរាប បានទទួលភ្ញៀវទេសចរណ៍ច្រើនជាងគេ។ បើតាមលោក ទិត ចន្ថា ក្នុងអំឡុងពេលនោះ មានផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋានប្រមាណជា៣០% បានបើកទ្វារឡើងវិញ ដែលតាមរយៈទេសចរណ៍ផ្ទៃក្នុងនេះ នឹងជួយកាត់បន្ថយផលប៉ះពាល់លើវិស័យទេសចរណ៍កម្ពុជាបានខ្លះ។

មានការវាយតម្លៃថា កម្ពុជាបានបាត់បង់ចំណូលប្រមាណជា៥ពាន់លានដុល្លារពីវិស័យទេសចរណ៍ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩នេះ។ យ៉ាងណាក្តី ក្រសួងទេសចរណ៍កម្ពុជារំពឹងទុកថា ការស្តារវិស័យទេសចរណ៍កម្ពុជាអោយមានសកម្មភាពជាធម្មតាឡើងវិញ នឹងអាចធ្វើទៅបានរហូតដល់ឆ្នាំ២០២២ នោះប្រសិនបើពិភពលោករកឃើញវ៉ាក់សាំងការពារជំងឺកូវីដ១៩បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ