អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្ពុជា និងកូរ៉េខាងត្បូងគ្រោងប្រើពេល៤ថ្ងៃក្នុងសប្តាហ៍នេះ ដើម្បីចរចាពាណិជ្ជកម្មសេរីទ្វេភាគីដំណាក់កាលទី២

នៅ​ក្នុង​សប្តាហ៍​នេះ​ ក្រុម​ការងារ​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​និង​កូរ៉េខាងត្បូង​គ្រោង​បើក​កិច្ចចរចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នៅ​ដំណាក់​កាល​ទី​២​។ ប៉ុន្តែ​ កាលបរិច្ឆេទ​ច្បាស់លាស់​ថា​ នៅ​ថ្ងៃណា​នោះ​នៅ​មិនទាន់​មាន​ការ​បញ្ជាក់​ឱ្យ​ដឹង​នៅ​ឡើយ​ ខណៈ​ភាគី​កូរ៉េខាងត្បូង​គ្រាន់​តែ​បាន​បង្ហាញ​ថា​ ការចរចា​ដំណាក់កាល​ទី​២​នេះ​ នឹង​ធ្វើ​ឡើង​រយៈ​ពេល​៤ថ្ងៃ​តាមរយៈ​វីដេអូ​អនឡាញ​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកប្រធានាធិបតី កូរ៉េខាងត្បូង ម៉ូន ជេអ៊ិន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកប្រធានាធិបតី កូរ៉េខាងត្បូង ម៉ូន ជេអ៊ិន © សហការី
ផ្សាយពាណិជ្ជកម្ម

ដំណឹងនៃការចរចាដំណាក់កាលទី២នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ត្រូវបានចុះផ្សាយឱ្យដឹងដោយសារព័ត៌មានYonhapរបស់កូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ។ សារព័ត៌មាននេះ បានអះអាងថា ការចាប់ផ្តើមចរចាដំណាក់កាលទី២នេះ គឺស្របពេលដែលប្រទេសកូរ៉េខាងត្បូងកំពុងខិតខំប្រឹងប្រែងពង្រីកការនាំចេញរបស់ខ្លួន ដើម្បីស្រោចស្រង់សេដ្ឋកិច្ចដែលធ្លាក់ចុះដោយសារវិបត្តិជំងឺកូវីដ១៩។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូងបានបញ្ជាក់ប្រាប់សារព័ត៌មានYonhapថា ការចរចាដំណាក់កាលទី២នេះ នឹងធ្វើការសិក្សាលម្អិតបន្ថែមទៀតអំពីកិច្ចព្រមព្រៀងសេរីទ្វេភាគីនៃប្រទេសទាំងពីរ ដោយកូរ៉េខាងត្បូង និងកម្ពុជានឹងផ្លាស់ប្តូរយោបល់ស្តីពីការកំណត់វិសាលភាពនៃផលិតផល ក៏ដូចជាមធ្យោបាយផ្សេងទៀត ដើម្បីពង្រឹងចំណងសេដ្ឋកិច្ចទ្វេភាគី។

ចំពោះការចរចានេះ លោកសៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាមិនអាចទាក់ទងសុំព័ត៌មានបន្ថែមបាននៅឡើយទេ។ សូមបញ្ជាក់ថា កម្ពុជា និងកូរ៉េខាងត្បូងបានប្រកាសចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពា​ណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងដំណាក់កាលទី១ កាលពីថ្ងៃទី០៩ ខែកក្កដា។ ក្រសួងពា​ណិជ្ជកម្មកម្ពុជាបានបង្ហាញឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងអាចជាកាតាលីករជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្មនិងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប(GDP) ផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ។

សម្រាប់កម្ពុជា កូរ៉េខាងត្បូង គឺជាប្រទេសគោលដៅទី២ដែលកម្ពុជាចរចាយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ខណៈទី១ គឺចិនដែលកម្ពុជាបានបញ្ចប់ការចរចាដោយជោគជ័យ ប៉ុន្តែមកដល់ពេលនេះមិនទាន់បានចុះកិច្ចព្រមព្រៀងនៅឡើយ។ សម្រាប់កូរ៉េខាងត្បូងវិញ កម្ពុជា គឺជាប្រទេសទិសដៅនាំចេញលំដាប់ថ្នាក់ទី៥៨របស់ខ្លួន។ ប្រសិនបើកម្ពុជា និងកូរ៉េខាត្បូងទទួលបានជោគជ័យលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នា នោះកម្ពុជានឹងត្រូវបញ្ចូលទៅក្នុងបញ្ជីដៃគូរពាណិជ្ជកម្មសេរីទ្វេភាគីរបស់កូរ៉េខាងត្បូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីវៀតណាម និងសិង្ហបុរី។ ស្របពេលនេះ កូរ៉េខាងត្បូងក៏កំពុងបន្តការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសហ្វីលីពីន និង ម៉ាឡេស៊ីផងដែរ ខណៈរង់ចាំចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយជាមួយប្រទេសឥណ្ឌូនេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ