អានតួអត្ថបទ
កម្ពុជា សង្គមស៊ីវិល​

ក្រសួងយុត្តិធម៌៖ រយៈពេល១០០ថ្ងៃ សំណុំរឿងដែល​កកស្ទះ​នៅតាម​តុលាការ​៦៣%​ត្រូវ​បាន​ដោះ​ស្រាយ

យ៉ាងហោចណាស់​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន ៨ ១១៣ ស្មើនឹង៦៣% នៃ​សំណុំរឿង​ដែល​កកស្ទះនៅ​ក្នុង​តុលាការ​សាលា​ដំបូង​រាជធានីខេត្តនៅទូទាំងប្រទេស ត្រូវ​បាន​ដោះ​ស្រាយ​។ ប៉ុន្តែ​សេចក្តី​ប្រកាស​របស់​ក្រសួង​យុត្តិ​ធម៌ កាលពីថ្ងៃទី ២៨ សីហា នៅមិនទាន់បញ្ជាក់នៅឡើយទេ​ថា តើ​មាន​អ្នក​ជាប់​ឃុំ​ចំនួន​ប៉ុន្មាន​នាក់ ត្រូវ​បាន​ដោះលែង​នៅ​ឡើយទេ ខណៈមន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ បាន​ស្វាគមន៍​លទ្ធផល​រយៈពេល​១០០​ថ្ងៃ​មក​នេះ ប៉ុន្តែ​បាន​អំពាវនាវ​អោយ​ពន្លឿនការដោះស្រាយបន្ថែមទៀត និង​ប្រកប​ដោយ​យុត្តិ​ធម៌​។

អ្នកទោសពន្ធនាគារ
អ្នកទោសពន្ធនាគារ @The Cambodia Daily
ផ្សាយពាណិជ្ជកម្ម

យោង​តាម​លទ្ធផល​រយៈ​ពេល​១០០ថ្ងៃ​នៃ​ការ​អនុវត្ត​យុទ្ធនាការ​ដោះស្រាយការកកស្ទះសំណុំ​រឿង​នៅ​តាម​តុលាការ​សាលា​ដំបូង​រាជ​ធានី​ខេត្ត​នៅ​ទូទាំង​ប្រទេស យ៉ាងហោចណាស់មានសំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ចំនួន​៨ ១១៣ ស្មើ​នឹង​៦៣% ត្រូវ​បាន​ដោះ​ស្រាយ​។ បើតាមក្រសួងយុត្តិធម៌ដដែល លទ្ធ​ផល​នេះ គឺ​បាន​មក​ពី​កិច្ច​ខិត​ខំប្រឹង​ប្រែង​ដោះ​ស្រាយ ជាមួយនឹងបញ្ហាប្រឈមនានានៅ​តាម​បណ្ដា​សាលា​ដំបូង​រាជ​ធានី ខេត្ត ដោយ​ក្រុម​ការងារ​ទាំង​៤​និង​លេខាធិកា​រដ្ឋាន​របស់​គណៈកម្មការដឹកនាំយុទ្ធនា​ការ​ដោះ​ស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជ​ធានី ខេត្ត (គ.យ.ក.ស) និង​ជា​ពិសេសដោយមានការ​ចូល​រួម​ដ៏​សកម្ម​ប្រកប​ដោយ​ឆន្ទៈ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ពីសំណាក់ចៅក្រម ព្រះរាជអាជ្ញា ក្រឡា​បញ្ជី អាជ្ញា​សាលា មន្ត្រី រាជការ នៃ​អង្គភាព​រដ្ឋ​បាល​នៃ​សាលាជម្រះក្ដីទាំងអស់ រួមទាំងស្ថាប័ន​ពាក់​ព័ន្ធ​នានា​ផង​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់ក្រសួងយុត្តិធម៌ កាល​ពី​ថ្ងៃទី ២៨ សីហា។

គួរជំរាប​ជូន​ថា ក្រសួង​យុត្តិធម៌​បាន​ប្រកាស​ដាក់​ចេញ​យុទ្ធនាការ​ដោះ​ស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលា​ដំបូង​រាជ​ធានី​ខេត្ត កាល​ពីថ្ងៃទី ១៨ ខែ​ឧសភា កន្លង​ទៅ​។​ យុទ្ធនាការ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​រិះគន់​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល ជុំវិញ​កំណើន​អ្នក​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស កាល​ពី​ខែ​មករា ឆ្នាំ ២០១៧មក​។  ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ ២០១៧មក មាន​មនុស្ស​ប្រមាណ​ជា ៥៥ ៧៧០​នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន និង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ និង​នៅ​មជ្ឈ​មណ្ឌល​បន្សាប​គ្រឿង​ញៀន ដែល​មាន​សភាព​ចង្អៀត​ណែន​ខ្លាំង និង​គ្មាន​អនាម័យ​ស្រាប់​ទៅ​ហើយ​នោះ​។ បើ​ផ្អែក​តាម​ការ​អង្កេត​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​បាន​កើន​ឡើង​ពី​ចំនួន​២១ ៩០០នាក់ នៅ​ចុង​ឆ្នាំ ​២០១៦ ដល់​ចំនួន ​៣៨ ៩៩០នាក់ គិត​ត្រឹម​ខែ​មីនា ឆ្នាំ​ ២០២០ បើទោះបី​ជា​ពន្ធនាគារ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណថា​ អាច​ផ្ទុក​មនុស្ស​បាន​ត្រឹម​តែ​២ ៦៥៩៣នាក់​ក្តី​។​

យ៉ាង​ណាក៏​ដោយ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អុំ សំអាត បាន​ស្វាគមន៍​ចំពោះ​លទ្ធផល​រយៈ​ពេល​១០០​ថ្ងៃ​នៃ​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំ​រឿង​នៅ​តាម​តុលាការ​សាលា​ដំបូង​រាជធានី ខេត្ត​នេះ ដែល​ជា​មធ្យោបាយ​មួយ​ដើម្បី​ដោះស្រាយ​ការ​ឃុំ​ខ្លួន​មនុស្ស​នៅ​ក្នុង​ពន្ធនាគារ​លើស​លុប។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ លោក អុំ សំអាត បាន​អំពាវនាវ​អោយ​គណៈកម្មការ​នេះ ពន្លឿន​ការ​ដោះ​ស្រាយ​សំណុំ​រឿង​បន្ថែម​ទៀត និង​ប្រកប​ដោយ​យុត្តិធម៌ ខណៈ​គណៈកម្មការ​ដឹក​នាំ​យុទ្ធនាការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង នៅ​តាម​សាលា​ដំបូង​រាជធានី ខេត្ត​រំ​ពឹង​ទុក​ដែរ​ថា សាលា​ដំបូង​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស នឹង​បន្ត​ខិត​ខំ​ដោះ​ស្រាយ​ការ​កកស្ទះ​សំណុំ​រឿង​នៅ​តាម​អង្គភាព​អោយ​បាន​ចប់​សព្វ​គ្រប់ នៅ​ត្រឹម​ដំណាច់​ឆ្នាំ២០២០​នេះ ដោយ​ប្រកាន់​ខ្ជាប់​នូវ​អភិក្រម​ការងារ​បួន នៅ​ក្នុង​យុទ្ធនាការ​នេះ គឺ «លឿន ត្រឹម​ត្រូវ យុត្តិធម៌ និង​មិន​ពុក​រលួយ​»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ