អានតួអត្ថបទ
កម្ពុជា សង្គម

កូវីដ ១៩៖ មន្ទីរពេទ្យកុមារអង្គរ កំពុងប្រឹងប្រែងរកជំនួយក្នុងស្រុក ៦សែនដុល្លារ សម្រាប់ដំណើរការឲ្យចប់ឆ្នាំ ២០២០

ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ ​ដែល​ធ្វើ​ឲ្យ​ការ​ទទួល​ជំនួយ​ពី​ក្រៅ​ប្រទេស ​ធ្លាក់​ចុះ​ មន្ទីរពេទ្យ​កុមារ​អង្គរ​ ដែល​ជា​មន្ទីរពេទ្យ​ ពិនិត្យ​ ព្យាបាល​ជំងឺ​កុមារ​ដោយ​ឥត​គិត​ថ្លៃ​ តាំង​ពី​ឆ្នាំ​ ១៩៩៩​ បាន​នឹង​កំពុង​ព្យាយាម​កៀង​គរ​ជំនួយ​ក្នុង​ស្រុក​ ដើម្បី​ទ្រទ្រង់​ដល់​ដំណើរ​ការ​របស់​មន្ទីរពេទ្យ រហូត​ដល់​ចប់​ឆ្នាំ​ ២០២០​នេះ​។ មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ បាន​សម្រេច​រៀបចំ​ពិធីបុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី​ នៅ​ថ្ងៃ​ទី​ ៣០​ខែ​សីហា​ ក្នុង​វត្ត​រាជបូណ៌ ក្រុង​សៀមរាប​ ដោយ​រំពឹងថា​ នឹង​ទទួល​បាន​ជំនួយ​ក្នុង​ស្រុក​ចំនួន ៦​សែន​ដុល្លារ​ សម្រាប់​ដំណើរការ​ទៅមុខ​ ក្នុងការឆ្លើយ​តប​នឹង​ភាព​ខ្វះ​ខាត នៅ​ពេល​បច្ចុប្បន្ន។

ពិធីបុណ្យផ្កាដែលមន្ទីរពេទ្យកុមារអង្គរនឹងរៀបចំនៅថ្ងៃទី៣០ខែសីហានេះ
ពិធីបុណ្យផ្កាដែលមន្ទីរពេទ្យកុមារអង្គរនឹងរៀបចំនៅថ្ងៃទី៣០ខែសីហានេះ © FB
ផ្សាយពាណិជ្ជកម្ម

ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំ ទី ៧ របស់​មន្ទីរពេទ្យ​កុមារអង្គរ (Angkor Hospital for Children) ដែល​គ្រោង​ធ្វើនៅថ្ងៃទី ៣០ខែសីហា រំពឹងថា នឹងអាចរៃអង្គាស​ថវិកា ដើម្បីយកទៅ​ប្រើប្រាស់ ក្នុងការផ្តល់សេវាសុខភាពជួយសង្គ្រោះជីវិតកុមារកម្ពុជា ដោយ​ឥតគិតកម្រៃ ប្រកបដោយ​គុណភាពខ្ពស់ និងក្តីមេត្តា​ យ៉ាងតិចណាស់ ៤០០នាក់ ក្នុងមួយថ្ងៃៗ។

តំណាង​មន្ទីរពេទ្យ​កុមារអង្គរ បាន​ឲ្យ​ដឹងថា វិបត្តិ​កូវីដ ១៩ បាន​ញុំាងឲ្យ​មន្ទីរពេទ្យ​ត្រូវ​កាត់បន្ថយ​គម្រោង​ថវិកាប្រចាំឆ្នាំ ពី ៦លាន​៥សែន​ដុល្លារ មក​នៅត្រឹម​តែ ៥លាន​៩សែន​ដុល្លារ ក្នុងឆ្នាំ ២០២០នេះ។ យ៉ាងណាមិញ លោក​ទេព ណាវី នាយក​ប្រតិបត្តិ​មន្ទីរពេទ្យ​កុមារអង្គរ បាន​ឲ្យ​ដឹងថា នៅមាន​សប្បុរសជន​ ឬ អង្គភាព​មូលនិធិក្រៅប្រទេសមួយចំនួន បាន​បន្ត​ប្តេជ្ញាផ្តល់​ជំនួយ ៣លាន​៣សែន​ដុល្លារ ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​ សម្រាប់ឆ្នាំ ២០២០នេះ។

ដូច្នេះថវិកានៅសេសសល់ គឺតម្រូវឲ្យ​មន្ទីរពេទ្យ ត្រូវព្យាយាម​កៀងគរពីជំនួយ​ក្នុងស្រុក។ បើតាម​លោក ទេព ណាវី មន្ទីរពេទ្យ បានព្យាយាម​ស្វែងរក​ថវិកាប្រមាណ ៦សែន​ដុល្លារពីសប្បុរសជន​ក្នុងស្រុក ខណៈថវិកា​ដែលខ្វះខាតផ្សេងទៀត មន្ទីរពេទ្យ នឹងព្យាយាម​រកពីខាងក្រៅបន្តទៀត។

គួរជម្រាបជូនថា មន្ទីរពេទ្យកុមារអង្គរ ជាអង្គភាពមិនស្វែងរកប្រាក់ចំនេញ ដែលមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប។ មិន​ត្រឹម​តែផ្តល់​សេវាសុខាភិបាលដល់​​កុមារ តាំងពីជាង ២០​ឆ្នាំមកទេ តែមន្ទីរពេទ្យ​កុមារអង្ករ ក៏ជាមជ្ឈមណ្ឌល​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ​ របស់​សិស្ស និស្សិត​ និង​មន្ត្រីសុខាភិបាល​ផ្សេងទៀតផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ