អានតួអត្ថបទ
កម្ពុជា-នយោបាយ

GDP សាទរក្រោយប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ជាអោយមន្ត្រីចុះទៅស្រាវជ្រាវព្រំដែននៅក្នុងខេត្តត្បូងឃ្មុំ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន(GDP) នៅថ្ងៃទី ២៧ សីហានេះ បានធ្វើសន្និសីទកាសែតមួយ ស្តីពី «ក្តីបារម្ភពីស្ថានភាពនយោបាយ និងដំណោះស្រាយ»។ តាមរយៈសន្និសីទកាសែតនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអបអរសាទរ ដែលប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាអោយមន្ត្រីកិច្ចការព្រំដែនកម្ពុជា ចុះទៅស្រាវជ្រាវព្រំដែននៅក្នុងខេត្តត្បូងឃ្មុំ ជាទីដែលមានភាពចម្រូងចម្រាស់ខ្លាំង រហូតដល់មានការចាប់ខ្លួនប្រធានសហជីព លោក រ៉ុង ឈុន និងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន © FB
ផ្សាយពាណិជ្ជកម្ម

បើតាមលោក យ៉េង វីរៈ លោកបានអបអរសាទរដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាអោយប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាលោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង ចុះទៅស្រាវជ្រាវព្រំដែននៅត្រង់ខេត្តត្បូងឃ្មុំ ជាទីដែលមានការចោទប្រកាន់ពីប្រជាពលរដ្ឋថា ពួកគេបានបាត់បង់ដីធ្លី ដោយសារតែការបោះបង្គោលព្រំដែន។

គួរជំរាបជូនថា តាមរយៈកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានបញ្ជាអោយលោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ចុះទៅស្រាវជ្រាវបញ្ហាព្រំដែន​មួយ​ផ្នែកនៅ​ក្នុង​ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ​ ថាតើ​ដូចអ្វី​ដែលប្រជា​ពលរដ្ឋ​អះអាង​ទេថា ​ពួកគេ​បាន​បាត់​ដី​ក្រោយពី​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​​។ បន្ថែមលើនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាថែមទាំងបានណែនាំឲ្យគណៈរដ្ឋមន្ត្រីរបស់លោករៀបចំសិក្ខាសាលាមួយ ដើម្បីពន្យល់ដល់សាធារណៈជន ដែលចង់ដឹងពីបញ្ហាព្រំដែននេះផងដែរ។ បើតាមលោក យ៉េង វីរៈ ប្រសិនបើរដ្ឋាភិបាលកម្ពុជា បានចាប់យកវិធានការនេះ តាំងពីដើមទីមក នោះម្លេះ លោក រ៉ុង ឈុន នឹងមិនត្រូវបានចាប់ខ្លួននោះទេ។ ប៉ុន្តែទន្ទឹមគ្នានឹងការអបអរសាទរនេះ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ដែលគេស្គាល់ថា ជាអតីតប្រធានអង្គការសង្គមស៊ីវិលមួយដែលធ្វើការផ្នែកសិទ្ធិមនុស្សនិងច្បាប់នៅកម្ពុជា បានសំដែងការសោកស្តាយ ដែលតុលាការសាលាឧទ្ធរណ៍ បានបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់លោក រ៉ុង ឈុន កាលពីថ្ងៃទី ២៦ សីហា។

ការលើកឡើងរបស់លោក យ៉េង វីរៈ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនៅព្រឹកថ្ងៃទី ២៧ សីហានេះ ក្រោមប្រធានបទស្តីពី «ក្តីបារម្ភពីស្ថានភាពនយោបាយ និងដំណោះស្រាយ»។ តាមរយៈសន្និសីទកាសែតនេះ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងពីបញ្ហាប្រឈមធំៗចំនួន៣នៅកម្ពុជា គឺទី១.បញ្ហាអរិយភាព ឬការបាក់បែកសាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ទី២.ផលប៉ះពាល់សេដ្ឋកិច្ចក្រោយពីសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA 20% ពីកម្ពុជា និងទី៣.គឺបញ្ហាកេរ្តិ៍ឈ្មោះសិទ្ធិមនុស្សរបស់កម្ពុជានៅលើឆាកអន្តរជាតិ ពិសេសទាក់ទងនឹងស្ថានភាពចុងក្រោយដែលមានការចាប់ខ្លួនអ្នកតវ៉ាទាមទារអោយមានការដោះលែងលោក រ៉ុង ឈុន ជាអ្វីដែលលោក យ៉េង វីរៈ បានចាត់ទុកថា គឺជាការដើរថយក្រោយនៃសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។

ទោះជាយ៉ាងនេះក្តី បើតាមប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះ រដ្ឋាភិបាលកម្ពុជានៅមិនទាន់ ហួសពេលនោះទេ ក្នុងការស្តារស្ថានភាពនយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។ នោះគឺតាមរយៈដំណោះស្រាយធំរួមមួយ គឺធ្វើយ៉ាងណាអោយការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងជាប្រព័ន្ធនៅកម្ពុជានេះ វិលមករកស្ថានភាពល្អប្រសើឡើងវិញ។ ដោយឡែក លើរឿងព្រំដែនវិញ គណបក្សនៅក្រៅរដ្ឋាភិបាលមួយនេះបានអះអាងថា នឹងបន្តតាមដានរឿងនេះបន្តទៀត ដោយរំពឹងទុកថា ប្រជាពលរដ្ឋផ្សេងទៀត និងនៅទីកន្លែងផ្សេងទៀត ដែលធ្លាប់អះអាងពីការបាត់ដី នឹងមិនត្រូវរងការចាប់ខ្លួនឬចោទប្រកាន់ពីបទញុះញង់ដោយសារតែរឿងព្រំដែនទៀតនោះទេ។ ផ្ទុយទៅវិញ ពួកគេនឹងទទួលបានការឆ្លើយតបជាវិជ្ជមាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ