អានតួអត្ថបទ
កម្ពុជា ច្បាប់

ក្រុមអង្គការសង្គមស៊ីវិលជំរុញឱ្យក្រសួងមហាផ្ទៃពន្លឿនការធ្វើវិសោធនកម្មច្បាប់NGOsឱ្យបានលឿន

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​បាន​រៀប​ចំ​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តី​ពី​សំណើ​អនុសាសន៍​ ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​សណ្ឋាគារ​សាន់វេយ៍​ រាជធានីភ្នំពេញ​។ សិក្ខាសាលា​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ចប់​ការ​ផ្តល់​យោបល់​ដល់​ក្រសួង​មហាផ្ទៃ​ ដើម្បី​ជំរុញ​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​នេះ​។ មក​ដល់​ពេល​នេះ​ ក្រសួង​មហាផ្ទៃ​មិនទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​ពន្លឿន​តាក់តែង​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​នេះ​។

ក្រសួងមហាផ្ទៃកម្ពុជា
ក្រសួងមហាផ្ទៃកម្ពុជា @RFI
ផ្សាយពាណិជ្ជកម្ម

លោកយង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍ និងសន្តិភាព បានអះអាងឱ្យដឹងថា មកដល់ពេលនេះ ក្រុមអង្គការសង្គមស៊ីវិលមិនទាន់​ទទួលបានការឆ្លើយតបណាមួយទៅនឹងសំណើរសុំ​ធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និង អង្គការមិនមែនរដ្ឋាភិបាលពីសំណាក់ក្រុមការងារ​រាជរដ្ឋាភិបាល​​​​​ឡើយ ដោយគ្រាន់តែបញ្ជាក់ថា ​នឹងដាក់អនុសាសន៍​របស់ក្រុមអង្គការសង្គមស៊ីវិលជូនរាជ​រដ្ឋាភិបាល​​​​ ដើម្បីធ្វើការសម្រេច។ ក្រុមអង្គការសង្គមស៊ីវិលបានបិទបញ្ចប់ការពិគ្រោះ និងផ្តល់យោបល់ និងដាក់អនុសាសន៍ដល់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី០៧ ខែកក្កដាកន្លងទៅ ក្នុងគោលបំណងជម្រុញឱ្យក្រសួងមហាផ្ទៃធ្វើវិសោធនកម្មច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

លោកប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលទទួលខុសត្រូវជួបប្រជុំពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិលពាក់ព័ន្ធនឹងបញ្ហាវិសោធនកម្មច្បាប់នេះ មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយបាននៅឡើយទេនៅព្រឹកថ្ងៃអង្គារនេះ។ យ៉ាងណាក៏ដោយ ក្រុមអង្គការសង្គមស៊ីវិលអះអាងថា នឹងបន្តតាមដាន និងជំរុញឱ្យមានការពន្លឿនការតាក់​តែងសេចក្តីព្រាង និងការធ្វើវិសោធនកម្មច្បាប់នេះឱ្យបានឆាប់បំផុត។ ម្យ៉ាងទៀត នឹងបន្តសហការក្នុងការជជែកលើខ្លឹមសារនៃសេចក្តីព្រាងវិសោធនកម្មច្បាប់មួយនេះ។

ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាប្រមាណ៥០០ បានស្នើសុំឱ្យក្រសួងមហាផ្ទៃធ្វើវិសោធនកម្មច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលលើមាត្រាចំនួន១៤ គឺមាត្រា១,៧,៨,៩,១០,១១,២០,២៤, ២៥, ២៦,៣០,៣១,៣២ និងមាត្រា៣៥។​ តាមក្រុមអង្គការសង្គមស៊ីវិល មាត្រាទាំង១៤នេះ គឺមានឧបសគ្គនៅក្នុងការចុះបញ្ជី ការចូល​រួម​នៅ​ក្នុង​ការ​អភិ​វឌ្ឍ​ផ្សេងៗ កិច្ចសហការ​រវាង​អង្គការសង្គមស៊ីវិល ហើយមាត្រាខ្លះបានផ្តល់ឱកាស​ឱ្យ​មន្ត្រីរដ្ឋាភិបាល​បក​ស្រាយ​​កាលៈទេសៈ ឬស្ថានភាព​នយោបាយ។  លើសពីនេះទៅទៀត ពួកគេថា ​ការតម្រូវ​ឱ្យដាក់របាយការណ៍ និង​ការជូនដំណឹង​ពីការផ្លាស់​ប្តូរលក្ខន្តិកៈ ទីស្នាក់ការ ឬពត៌មានគណនី គឺបានបង្កឱ្យមានភាព​មិនច្បាស់លាស់នៃ​ស្វ័យ​ភាព​​របស់សមា​គម និងអង្គការ​មិនមែនរដ្ឋាភិបាល ថាតើ​ពួកគេជាស្ថាប័នចំណុះ​ឱ្យ​ស្ថាប័ន​រដ្ឋ ឬជាស្ថាប័ន​ឯក​រាជ្យដែលដៃគូ​ជាមួយ​រដ្ឋាភិបាលកម្ពុជា។

សម្រាប់លោកយង់ គឹមអេង ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺជាច្រកទា្វរនៃសេរីភាពរបស់សង្គមស៊ីវិល ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងក្លាយជាដៃគូពិតប្រាកដជាមួយរដ្ឋាភិបាល។ លោកបានគូសបញ្ជាក់ថា ច្រកទ្វារមួយនេះ បើកចំហធំឬតូចអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអង្គការសង្គមស៊ីវិល ក៏ដូចជាដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ