អានតួអត្ថបទ
កម្ពុជា សង្គម

ក្រុមយុវជនស្វែងរកការអន្តរាគមន៍ពីអង្គការសហប្រជាជាតិ ដើម្បីឱ្យដោះលែងលោករ៉ុង ឈុន

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ក្រុម​យុវជន​ និង​សាច់​ញាតិ​លោក​រ៉ុង ឈុន បាន​ទៅ​ជួប​ជុំ​គ្នា​នៅ​មុខ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​។ ការ​ជួប​ជុំ​គ្នា​នេះ​ គឺ​ដើម្បី​ដាក់​ញត្តិ​ស្នើ​សុំ​ឱ្យ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ជួយ​អន្តរាគមន៍​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង​លោក​រ៉ុង ឈុន​។ លោក​រ៉ុង ឈុន ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ និង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ បន្ទាប់​ពី​និយាយ​រឿង​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​។

ក្រុមយុវជនកាន់ញត្តិដាក់នៅតាមស្ថានទូតនានា ដើម្បីសុំជួយអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន
ក្រុមយុវជនកាន់ញត្តិដាក់នៅតាមស្ថានទូតនានា ដើម្បីសុំជួយអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន © សហការី
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីតវ៉ាបរាជ័យនាពេលកន្លងមក នៅពេលនេះ ក្រុមយុវជននិង សាច់ញាតិលោករ៉ុង ឈុន បានងាកមកស្វែងរកការជួយអន្តរាគមន៍ពីសំណាក់អង្គការសហប្រជាជាតិវិញម្តង។ ពួកគេបានទៅប្រមូលផ្តុំគ្នានៅពីមុខការិ​យាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃចន្ទនេះ ដើម្បីដាក់ញត្តិស្នើសុំឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិនេះជួយអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលកម្ពុជាឱ្យដោះលែងលោករ៉ុង ឈុនឱ្យមានសេរីភាពឡើងវិញ។ សម្រាប់ពួកគេ លោករ៉ុង ឈុន មិនមានទោសពៃអ្វីនោះទេ។

ក្រៅពីស្នើសុំលើករ​ណីលោករ៉ុង ឈុននេះ តំណាងក្រុមយុវជននិង សាច់ញាតិលោករ៉ុង ឈុនបានអះអាងថា ពួកគេក៏ស្នើសុំឱ្យការិយា​ល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាជួយរំឮកប្រាប់រដ្ឋាភិបាលឱ្យគោរពសិទ្ធិមនុស្ស និង ងាកមករកមាគ៌ាប្រជាធិបតេយ្យឡើងវិញ។

តំណាងការិយា​ល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានទទួលយកញត្តិរបស់ពួកគេ និង បានអះអាងថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីលោករ៉ុង ឈុន។ បើតាមតំណាងក្រុមយុវជននិង សាច់ញាតិលោករ៉ុង ឈុន តំណាងការិយា​ល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាប្រាប់ពួកគេថា នឹងជួយអន្តរាគមន៍លើបញ្ហាលោករ៉ុង ឈុននេះ។

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអះអាងថា ការដាក់ញត្តិរបស់ក្រុមយុវជន និងសាច់ញាតិលោករ៉ុង ឈុននេះ គឺជាសិទ្ធិសេរីភាពរបស់ពួកគេ។ ប៉ុន្តែលោកថា គ្មានស្ថាប័នអន្តរជាតិណាមួយអាចមកអន្តរាគមន៍ ឬ ជ្រៀតជ្រែកកិច្ចការរបស់តុលាការកម្ពុជាបានឡើយ។ លោកគូសបញ្ជាក់ថា ការិយា​ល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាមិនត្រូវបានផ្តល់អាណត្តិដោយអង្គការសហប្រជាជាតិ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយទេ។

លោករ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជាត្រូវបានសាលាដំបូង​រាជធានី​ភ្នំពេញ​ឃុំខ្លួនជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ​ដោយចោទប្រកាន់ពី​បទ​ចោទ​ញុះញង់​ឱ្យ​មាន​ការ​ប្រព្រឹត្តបទ​ឧក្រិដ្ឋជាអាទិ៍​។ ពាក់ព័ន្ធនឹងសំណុំរឿងលោក រ៉ុង ឈុន នេះ​​គឺ​មានសកម្មជន​ជាង១០​នាក់​ត្រូវបានចាប់​ខ្លួន ​និង​រង​អំពើ​ហិង្សា​​ជា​បន្ត​បន្ទាប់​ ខណៈពួកគេ​នាំគ្នាតវ៉ាករណី​ចាប់​ខ្លួន​អ្នករិះគន់​បញ្ហាព្រំដែនរូបនេះ។ ក្នុង​នោះ​មាន​មនុស្ស​៦​នាក់​ត្រូវបាន​ឃុំ​ខ្លួនជាបណ្តោះ​អាសន្ន​នៅពន្ធនាគារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ