អានតួអត្ថបទ
បទយកការណ៍

លោក ហង់ ជួនណារ៉ុន៖ ចេញមកបង្រៀនសិស្សលើមុខវិជ្ជាគណិតជាបំណងប្រាថ្នារបស់ខ្ញុំជាយូរមកហើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​តាំង​ពី​ឡើង​កាន់​ដំណែង​ជា​រដ្ឋ​មន្ដ្រី​អប់រំ​នៅ​ឆ្នាំ​២០១៣ លោក ហង់ ជួនណារ៉ុន បានមូរ​ដៃ​អាវ​ប្រឡូក​ក្នុង​ការងារ​កែ​ទម្រង់​វិស័យ​អប់រំ​យ៉ាង​ជោគជាំ រហូត​ទទួល​បាន​ការ​កោត​សរសើរ​និង​លើក​ទឹក​ចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន​។ ថ្មីៗនេះ លោករដ្ឋមន្ដ្រី​បានសាងភាពភ្ញាក់ផ្អើលមួយទៀត តាម​រយៈ​ការ​ចេញមក​បង្រៀនមុខវិជ្ជាគណិតដល់សិស្សថ្នាក់ទី១២។  នៅ​ក្នុង​ជំនួប​ជាមួយ អេង គីមហុង លោក ហង់ ជួនណារ៉ុន គូស​បញ្ជាក់​ថា ការងារ​បង្រៀន​សិស្ស​នេះ មិនមែនកើត​ឡើង​ដោយ​ចៃដន្យទេ។ វា​ជាបំណង​របស់​លោក ដែល​ប៉ង​បង្រៀន​សិស្ស​លើ​មុខ​វិជ្ជា​គណិត​ជា​យូរ​មក​ហើយ រាប់​ចាប់​តាំង​ពី​លោក​ឡើង​មក​អង្គុយ​កៅអី​រដ្ឋមន្ត្រី​អប់រំនៅ​ក្នុង​ឆ្នាំ​២០១៣​មក​ម្ល៉េះ​។

លោក ហង់ ជួនរ៉ុន នៅក្នុងសកម្មភាពត្រៀមបង្រៀនសិស្ស
លោក ហង់ ជួនរ៉ុន នៅក្នុងសកម្មភាពត្រៀមបង្រៀនសិស្ស © FB/MoEYS Cambodia
ផ្សាយពាណិជ្ជកម្ម

«សូម​ជម្រាបសួរលោកគ្រូ អ្នកគ្រូ ជាទីគោរព! ប្អូនៗ​សិស្សា​នុសិស្ស​ជាទី​មេត្រី! ថ្ងៃ​នេះ​យើង​ជួប​គ្នា​ម្ដង​ទៀត​ហើយ ដែល​មេរៀន​ទី២​របស់​យើង​នៅ​ពេល​នេះ គឺ​ផ្ដោត​ទៅ​លើ​លីមីត្រ​នៃ​អនុគមន៍​ត្រីកោណ​មាត្រ។ នៅ​ក្នុង​មេរៀន​នេះ មាន​ពីរ​ចំណុចសំខាន់ គឺទី១​ប្អូន​ត្រូវ​ចេះ​មេរៀន​ត្រី​កោណមាត្រ និង​លីមីត្រ ហើយ​មេរៀន​នេះ​តែង​តែ​ចេញ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយ​ភូមិ ឬ​បាក់​ឌុប​នៅ​រៀង​រាល់​ឆ្នាំ។» នេះ​ជា​កិច្ច​អន្តរាគមន៍​បើក​ឆាក​បង្រៀន​មុខ​វិជ្ជា​គិណិត​វិទ្យា​របស់​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និងកីឡា តាម​រយៈ​វីដេអូ​ថត​នៅ​ការិយាល័យ​របស់​លោក​ផ្ទាល់​តែ​ម្ដង នៅ​ក្រសួង​អប់រំ​។ សកម្មភាព​នៃ​ការ​បង្រៀន​របស់​លោករដ្ឋមន្ត្រី​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ទំព័រ​ហ្វេសប៊ុក​ក្រសួង​អប់រំ​ដែល​មាន​រយៈ​ពេល​ជាងមួយ​ម៉ោង។

នៅ​ក្នុង​ការិយាល័យផ្ទាល់ខ្លួន ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយសៀវភៅ​និង​ឯកសារ​រាប់​មិន​អស់ លោកហង់ ជួនណារ៉ុន ឆ្លៀត​ផ្ដល់​បទសម្ភាស​ដល់​អ្នក​យកព័ត៌មាន​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFIថា ៧​ឆ្នាំ​ក្នុង​បេសកកម្ម​កំណែ​ទម្រង់​វិស័យអប់រំ​នៅ​កម្ពុជា លោក ហង់ ជួនណារ៉ុន មើល​ឃើញ​ថា អត្រា​សិស្ស​ប្រឡង​ជាប់​មុខ​វិជ្ជា​គណិត​មាន​ចំនួន​តិចតួច​នៅឡើយ ដោយ​រាប់​ចាប់​តាំង​ពី​ឆ្នាំ២០១៣​មក​ដល់​ឆ្នាំ២០១៩ អត្រា​សិស្ស​ប្រឡង​ជាប់​មុខ​វិជ្ជា​គណិត​មាន​ចំនួន​តែ​២០​ភាគរយ​ប៉ុណ្ណោះ​​។ ដូច្នេះ​ហើយ​ទើបលោក​ជ្រើស​យក​មុខ​វិជ្ជា​គណិតវិទ្យា​ថ្នាក់​ទី​១២ មក​បង្រៀន​សិស្ស។«អត្រា​ប្រឡង​ជាប់​នៅ​កម្រិត​ទាប​បែប​នេះ​ព្រោះ​មុខ​វិជ្ជាគណិត​ពិបាក​ក្នុង​ការ​រៀន។ ដូច្នេះ​ដើម្បី​អាច​រៀន​គណិតវិទ្យា​ឲ្យ​ពូកែ​និង​ធ្វើ​លំហាត់​ពេល​ប្រឡង​បាក់ឌុប​ឲ្យ​បាន​ចប់ គឺ​ទាម​ទារឲ្យ​សិស្ស​ត្រូវ​រៀន​មូលដ្ឋាន​គ្រឹះ​តាំង​ពី​ថ្នាក់​ទី​៧​មក។»

លោករដ្ឋមន្ត្រីក្រសួងអប់រំ នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានវិទ្យុបារាំង ក្នុងពេលថ្មីៗនេះ
លោករដ្ឋមន្ត្រីក្រសួងអប់រំ នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានវិទ្យុបារាំង ក្នុងពេលថ្មីៗនេះ © សហការី

មូលដ្ឋាន​គ្រឹះ​រឹង​មាំ​នៃ​មុខ​វិជ្ជា​គណិត​ជា​ស្ពាន​ចម្លង​សិស្ស​សម្រេច​បំណង​រៀន​ផ្នែក​វិស្វករ និង​ផ្នែក​សេដ្ឋកិច្ច​ខណៈ​ធនធានមនុស្ស​ដែល​មាន​ជំនាញ​លើ​ផ្នែក​នេះ​នៅ​មានកម្រិត​នៅ​ឡើយ​សម្រាប់​កម្ពុជា។ ហើយ​មែន​ទែន​ទៅ ការ​ចេញ​មក​បង្រៀន​សិស្សលើ​មុខ​វិជ្ជា​គណិត​នាកាលៈ​ទេសៈ​កូវីដ១៩​នេះ សម្រាប់លោក ហង់ ជួនណារ៉ុន មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ ពោល​គឺលោក​តាំង​ចិត្ត​បង្រៀន​សិស្ស​ក្នុង​នាម​ជា​គ្រូ​ស្ម័គ្រ​ចិត្ត​តាំង​តែ​ពី​ចាប់​ផ្ដើម​ចូល​ប្រឡូក​ក្នុង​វិស័យ​អប់រំ​ក្នុង​នាម​ជា​រដ្ឋ​មន្ដ្រី​ក្នុងឆ្នាំ២០១៣មក​ម្ល៉េះ​។ «ចំ​ពេល​កូវីដ​នេះ ការងារ​ខ្ញុំ​ឯ​ទៀត​បាន​កាត់​បន្ថយ! ដូច្នេះ​ខ្ញុំ​មាន​ពេល​ច្រើន​ដល់​ទៅ​៣​ខែ​ឯណោះ​ ដើម្បីសង្ខេប​មុខ​វិជ្ជា​គណិតវិទ្យា​រហូត​ដល់​ទៅ​១៥​មេរៀន សម្រាប់​ធ្វើ​បទ​បង្ហាញ​ដូច​យើង​គ្រប់​គ្នា​បាន​ឃើញ​អ៊ីចឹង! ហើយ​បទ​បង្ហាញរបស់​ខ្ញុំ​ទាំង​ប៉ុន្មាន គឺ​សុទ្ធ​តែ​ត្រៀម​ចេញ​សម្រាប់​ពេល​ប្រឡង់​បាក់​ឌុប​នៅ​ចុង​ឆ្នាំ​នេះ»។

គណិតវិទ្យា គឺ​ជា​មុខ​វិជ្ជា​សំណព្វ​ចិត្ត ដែល​លោក ហង់ ជួនណារ៉ុន ចូលចិត្ត​រៀន​តាំង​ពី​ឆ្នាំ​៣០​មុន​រហូត​មក​ទល់​ពេលបច្ចុប្បន្ន​។ ត្រឡប់​ទៅ​អតីតកាល​បន្តិច​ចន្លោះ​ឆ្នាំ​១៩៨០​ដល់​១៩៨១ ដោយសារ​តែ​ជា​សិស្ស​ពូកែ​គណិត យុវជន ហង់ ជួនណារ៉ុន ដែល​កំពុង​រៀន​នៅ​ថ្នាក់​ទី៩ សម្រេច​ចិត្ត​រៀន​ផ្លោះ​ចូល​ថ្នាក់​ទី​១២​តែ​ម្ដង​ដើម្បី​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ។ គឺ​តាមរយៈ​មុខ​វិជ្ជា​គណិត​នេះ​ដែ​រ ដែល​បានត្រួស​ត្រាយ​ផ្លូវ​ឲ្យ​លោក ​ហង់ ជួនណារ៉ុន ក្លាយ​ខ្លួន​ជា​​អ្នកសេដ្ឋកិច្ច ហើយ​ធ្លាប់​បំរើ​ការងារ​នៅ​ក្រសួងសេដ្ឋ​កិច្ច​ថែម​ទៀត មុនពេល​ក្លាយខ្លួន​ជារដ្ឋមន្ត្រីអប់រំនា​ឆ្នាំ​២០១៣រហូត​មក​ទល់​បច្ចុប្បន្ន​។  «ខ្ញុំ​នៅ​ចាំ​អ្វី​ដែល​ធ្លាប់​រៀន​កន្លង​មក ហើយ​ពេល​ចេញ​មក​បង្រៀន​នេះ ខ្ញុំ​គ្រាន់​តែ​រំឭក​វា​បន្តិច គឺ​ចាំ​តែ​ម្ដង ដោយ​សារ​ជា​មុខ​វិជ្ជា​ខ្ញុំ​ចូល​ចិត្ត។»

លោក ហង់ ជួនណារ៉ុន ដែលអញ្ជើញប្រគល់កុំព្យូទ័រដល់សាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០
លោក ហង់ ជួនណារ៉ុន ដែលអញ្ជើញប្រគល់កុំព្យូទ័រដល់សាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ © FB/MoEYS Cambodia
នៅក្នុងកាយវិការសាមញ្ញនិង​ទន់ភ្លន់ ខ្សែ​វីដេអូ​​បង្រៀន​មុខ​វិជ្ជា​គណិត​វិទ្យា​ដោយ​លោក​រដ្ឋ​មន្ដ្រីគ្រូ ហង់ ជួនណារ៉ុន នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​ប្រព័ន្ធអនឡាញ​ដល់​ចុង​ឆ្នាំ​២០២០ ជា​ពេល​ដែល​សិស្ស​ទី​១២​ត្រូវ​ប្រឡង​យក​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឬ​បាក់​ឌុប។ គួរ​កត់​សម្គាល់​ដែរ​ថា ក្រៅ​ពី​មុខ​វិជ្ជា​គណិត លោក ហង់ ជួនណារ៉ុន មិន​ទាន់​មាន​គម្រោង​បង្រៀន​មុខវិជ្ជា​ដទៃ​ទេ ដោយ​លោក​ចង់​ឆ្លៀត​យក​ពេល​ខ្លះ​សម្រាប់​បណ្ដុះ​បណ្ដាល​សមត្ថភាព​គ្រូ​នៅ​កម្ពុជា​​វិញ​ម្ដង​។«ខ្ញុំ​មិន​ទាន់​មានគម្រោង​បង្រៀន​មុខ​វិជ្ជា​ផ្សេង​ទេ តែ​នឹង​យក​ពេល​វេលា​ទំនេរ​អំឡុង​ពេល​កូវីដ​គិត​គូរ​ពង្រឹង​ការ​បណ្ដុះ​បណ្ដាល​គ្រូ​នៅ​កម្ពុជា ព្រោះ​ថា​គុណភាព​គ្រូ​គឺសំខាន់​ណាស់​ដើម្បី​ឲ្យ​សិស្ស​មាន​គុណភាព​។»

រូបតំណាង សកម្មភាពគ្រូរៀបចំការបង្រៀនតាមប្រព័ន្ធអនឡាញ
រូបតំណាង សកម្មភាពគ្រូរៀបចំការបង្រៀនតាមប្រព័ន្ធអនឡាញ © FB/MoEYS Cambodia
ក្រសួង​អប់រំ​យុវជន​និង​កីឡា​មាន​ផែនការ​ស្វែង​រក​គ្រូ​ស្ម័គ្រ​ចិត្ត​បង្រៀន​បំប៉ន​សិស្ស​ដើម្បី​ត្រៀមប្រឡង។ ផ្ដើម​ចេញ​ពី​ខ្លួន​ឯងមុនគេ​ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ លោក ហង់ ជួនណារ៉ុន ជ្រើស​រើស​យក​វិធី​នេះ ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​គ្រូស្ម័គ្រ​ចិត្ត​កាន់​តែច្រើន​ ដើម្បី​ធ្វើ​យ៉ាង​ណា​ទាញ​យក​អត្រា​សិស្ស​ប្រឡង​ជាប់​មុខ​វិជ្ជា​គណិត​ឲ្យ​បាន​លើស​២០​ភាគរយ។ «នៅ​វិទ្យា​ល័យ​មួយស្ថិត​ស្រុក​កង​មាស ខ្ញុំ​នាំ​គ្រូ​ស្ម័គ្រ​ចិត្ត​ទៅ​ជាមួយ ហើយ​អត្រា​សិស្ស​ប្រឡង​ជាប់​មាន​ជាង​៩០​ភាគរយ។ ដូច្នេះ​មាន​ន័យ​ថា សិស្ស​ណា​ដែល​គាត់​ទទួល​បាន​ការ​បំប៉ន​បន្ថែម​លើ​មេរៀន​សំខាន់ៗ អត្រា​ប្រឡង​ជាប់​មាន​ការ​កើន​ឡើង​ខ្ពស់។»

កូវីដ​១៩ ជា​ការ​ពិត គឺ​ជា​វិបត្តិ​ដ៏​ធំ​នៅ​ចំពោះ​មុខ​វិស័យ​អប់រំ​របស់​កម្ពុជា​។ ប៉ុន្តែ​លោក​រដ្ឋ​មន្ដ្រី ហង់ ជួនណារ៉ុន មាន​ការ​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការ​​ប្រែ​ក្លាយ​វិបត្តិនេះ​ទៅ​ជា​ឱកាស ដោយ​បញ្ជ្រាប​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ទៅ​កាន់​លោក​គ្រូ​អ្នកគ្រូ។ «នៅ​តាម​សាលា​រៀន យើង​នឹង​ស្នើ​ឲ្យ​បង្កើត​បន្ទប់​ឌីជីថល​មួយ​ដើម្បី​ដាក់​ឯកសារ​និង​វីដេអូ​សម្រាប់​សិស្ស​ដែល​គ្មាន​អ៊ីនធើណេត​មក​រៀន​នៅ​ទីនោះ​បាន។ ចំណែក​លោក​គ្រូ​អ្នក​គ្រូវិញ! យើង​នឹង​បង្រៀន​គាត់​ឲ្យ​ចេះ​ប្រើ​បច្ចេក​វិទ្យា ក្នុង​ការ​បង្រៀន​តាម​អនឡាញ ហើយ​ខ្ញុំ​ក៏​សុំ​កោត​សសើរ​ដែរ ព្រោះ​ខ្ញុំ​ចុះ​ទៅ​តាម​សាលា​មួយ​ចំនួន​ឃើញ​ថា គ្រូ​មួយ​ចំនួន​មិន​ធ្លាប់​ប្រើប្រាស់​បច្ចេក​វិទ្យាពី​មុន​មក​ផង តែ​គាត់​អាច​បង្រៀន​សិស្ស​តាម​រយៈ​ហ្វេស​ប៊ុកឡាយ​បាន។  ដូច្នេះ​យើង​គិត​មើល​ទៅ ​បើ​គ្មាន​កូវីដ១៩ទេ គ្មានសម្ពាធ​ណា​មួយ​បង្ខំ​ឲ្យ​យើង​ប្រឹង​ប្រែង​ទាំង​អស់​គ្នា ក្នុង​ការ​ប្រើប្រាស់​បច្ចេកទេស​ឡើយ។ ហើយ​ម្យ៉ាង​ទៀត​ ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា សម្រាប់​គ្រូ​នៅ​ពេល​នេះ ធ្វើ​ឡើង​មុន​១០​ឆ្នាំ​មុនពេល​កំណត់។»

រូបភាពតំណាង
រូបភាពតំណាង © FB/MoEYS Cambodia
សូមជម្រាបជូនថា ការ​បង្រៀន​តាម​អនឡាញ​របស់​លោក ហង់ ជួនណារ៉ុន នៅ​ក្នុង​កាលៈ​ទេសៈ​កូវីដ១៩​នៅ​ពេល​នេះ នឹងត្រូវ​រក្សា​ទុក​ជា​ឯកសារ​បង្រៀន​និង​រៀន​សម្រាប់​គ្រូ​និង​សិស្ស តាម​ការ​អប់រំ​បែប​សម័យ​ឌី​ជីថល។ ហើយ​មួយ​ផ្នែក​នៃ​ការបង្រៀន​តាម​អន​ឡាញ​នេះ លោក ហង់ ជួនណារ៉ុន នឹង​បោះពុម្ព​ជា​ឯកសារ​សម្រាប់​សិស្សា​នុ​សិស្ស​សម្រាប់​ធ្វើ​ស្វ័យ​សិក្សាដោយ​ខ្លួន​ឯង​ផង​ដែរ​។ បើ​តាម​លោក​រដ្ឋមន្ត្រី មេរៀន​ដែល​លោក​បង្រៀន​ទាំង​អស់​នេះ នឹង​ក្លាយ​ជា​លំហាត់​ត្រៀម​ប្រឡងមុខ​វិជ្ជា​គណិត​វិទ្យា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិស្សា​ទុតិយភូមិ ឬ​បាក់​ឌុប​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ