អានតួអត្ថបទ
កម្ពុជា កូរ៉ូណាវីរុស

ឈប់សម្រាក៥ថ្ងៃ៖ ទេសចរសរុប១.៤លានដើរ​កម្សាន្ត​ទូទាំង​ប្រទេស ខណៈសំរាម​ជា​បញ្ហាស្មុគស្មាញ

ការឈប់​សម្រាក​៥ថ្ងៃ​សង​ថ្ងៃ​ចូល​ឆ្នាំ ចាប់ពី​ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែ​សីហា កន្លងទៅ មាន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​​បានដើរ​លេង​កម្សាន្ត​ទូទាំង​ប្រទេស​​សរុប​ជាង ១.៤លាន​នាក់​។ នេះ​បើតាម​របាយ​ការណ៍​របស់​ក្រសួង​ទេសចរណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​។ អ្នក​ជំនាញ​ទេសចរណ៍វិញ ចង់​ឲ្យ​មាន​ការ​សហការ​គ្នា​រវាងរដ្ឋ និង​ឯកជន ដើម្បី​ឲ្យ​មាន​និរន្តរភាព​លើ​វិស័យ​នេះ ក្រោយ​ពី​ផុតថ្ងៃ​ឈប់​សម្រាក​សងចូល​ឆ្នាំ​ទៅ​។

ភ្ញៀវទេសចរ​ដើរ​លេង​កម្សាន្ត​នៅ​សៀមរាប ក្នុងអំឡុងថ្ងៃឈប់​សម្រាក​សងចូល​ឆ្នាំ
ភ្ញៀវទេសចរ​ដើរ​លេង​កម្សាន្ត​នៅ​សៀមរាប ក្នុងអំឡុងថ្ងៃឈប់​សម្រាក​សងចូល​ឆ្នាំ © ក្រសួងទេសចរណ៍កម្ពុជា
ផ្សាយពាណិជ្ជកម្ម

យោង​តាម​របាយ​ការណ៍​បឋម​របស់​មន្ទីរ​ទេស​ចរណ៍​រាជធានី​ខេត្ត ភ្ញៀវ​ទេសចរ ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គោល​ដៅ​ទេស​ចរណ៍​នានា​ទូទាំង​មាន​ចំនួន​ប្រមាណ​ ១លាន​៤៥ម៉ឺន​នាក់ ដែល​ក្នង​នោះ​មាន​ភ្ញៀវជាតិ​ចំនួន​ប្រមាណ ១ ៤៤៥ ២៣៨នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ ​១៤ ១៤៨នាក់​។ តាម​រយៈទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​ដដែល​ឲ្យ​ដឹងថា​ ខេត្ត​ដែល​ទទួល​ភ្ញៀវទេសចរ​ច្រើន​ជាង​គេ​រួម​មាន ខេត្ត​សៀមរាប កំពត កែប បាត់ដំបង និង​ក្រុង​ព្រះសីហនុ។

លោក ហូ វណ្ឌី សហប្រធាន​ក្រុមការងារ​វិស័យ​ទេសចរ​ណ៏​ផ្នែក​ឯកជន​បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី២២ ខែសីហា នេះ​ថា តួលេខ​អ្នក​ទេសចរ​នា​ពេល​នេះ គឺ​មិន​ច្រើន​នោះ​ទេ បើ​ធៀប​នឹង​ចំនួន​ភ្ញៀវទេសចរ​ឆ្នាំ​កន្លង​ទៅ​តាម​រដូវ​កាល​។ លោក ហូ វណ្ឌី បាន​ឲ្យ​ដឹង​ថា​ភ្ញៀវទេសចរ​បំលាស់ទី​ក្នុង​មួយ​ឆ្នាំ​មាន​ប្រមាណ​១០​លាន​នាក់​។

បើតាម​ក្រសួង​ទេសចរណ៍ ក្នុង​រយៈពេល​៥ថ្ងៃ​មក​នេះ មិន​មាន​បញ្ហា​ធំដុំ​ណាមួយ​កើត​ឡើង​ទេ។ ប៉ុន្តែ​សំរាម នៅ​តែ​ជា​បញ្ហា​ស្មុគស្មាញ​នៅ​ឡើយ​ដោយ​នៅ​តាមគោល​ដៅ​មួយ​ចំនួន ភ្ញៀវទេសចរ​មាន​ការ​ទុក​ដាក់​សំរាម​មិន​បាន​ត្រឹម​ត្រូវ​។ ចំណែក​ឯការ​ពាក់ម៉ាស់​របស់​ភ្ញៀវ​នៅ​មិន​ទាន់​មាន​ភាព​ពេញលេញ ហើយ​ការ​រក្សា​គំលាត​សុវត្ថិភាព​នៅ​ពុំទាន់​អនុវត្ត​បាន​ល្អ​ប្រសើរ ជា​ពិសេស​នៅ​តាម​គោលដៅ​ទេសចរណ៍​ដែល​មាន​លក្ខណៈ​ប្រមូល​ផ្តុំ​ច្រើន​។ នេះ​បើ​តាម​ក្រសួង​ទេសចរណ៍​។

រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន​ធ្លាប់​បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ កាល​ពីថ្ងៃទី​១៧ ខែសីហា ថា បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក​សង​ចូល​ឆ្នាំ​នេះ​ទៅ ប្រជា​ពលរដ្ឋ​កម្ពុជា​នឹង​ធ្វើ​ដំណើរ​កម្សាន្ត​ធម្មតា ហើយ​ក្រោយ​ពី​រដូវភ្លៀង​នោះភ្ញៀវទេសចរ​ក្នុង​ស្រុក​នឹង​មាន​ការកើន​ឡើង​កាន់​តែ​ច្រើន។ លោក​បន្ថែម​ថា ប្រសិន​បើ​កូវីដ១៩ កាត់​បន្ថយការ​បារម្ភ នោះ​ក្រសួង​អាច​នឹង​រៀបចំ​ព្រឹត្តិការណ៍​បាន​ខ្លះៗ ដើម្បី​ទាក់​ទាញទេសចរ​ក្នុង​ស្រុក​។

លោក ហូ វណ្ឌី សហប្រធាន​ក្រុម​ការងារ​វិស័យ​ទេស​ចរណ៏​ផ្នែក​ឯកជន បាន​អះអាង​ថា ការ​ធ្វើ​ឲ្យ​មាន​និរន្តរភាព​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​តែ​មាន​ការ​រួម​សហការគ្នា​រវាង រដ្ឋ និង​ឯកជន​។ លោក​បន្ថែម​ថា​អាជ្ញាធរ​នៅ​ក្នុង​តំបន់​ត្រូវ​កែច្នៃ​តំបន់ ដែល​មិនទាន់​ទាក់ទាញ​ខ្លាំង​នា​ពេល​នេះ​ឲ្យ​មាន​ភាព​ទាក់ទាញ​ខ្លាំង​នា​ពេល​ខាងមុខ​ ហើយ​សំរាម​ក៏​ជា​បញ្ហា​មួយ​ដែល​អាជ្ញាធរ​ត្រូវ​តែ​ដោះ​ស្រាយ ដោយ​សហការ​ជា​មួយ​ឯកជន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ