អានតួអត្ថបទ
កម្ពុជា សង្គម

ក្រុមអង្គការសង្គមស៊ីវិល៨០ ថ្លែងការណ៍ជាថ្មីឲ្យរដ្ឋាភិបាលបញ្ឈប់អំពើហិង្សា និងការចាប់ខ្លួនអ្នកតវ៉ាដោយសន្ដិវិធី

ជា​ថ្មី​ម្តង​ទៀត​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​៨០​អង្គការ​ សមាគម​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​មួយ​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ និង​ការ​ចាប់ខ្លួន​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ ព្រម​ទាំង​ស្នើ​ឲ្យ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​ និង​ទំលាក់​ចោល​បទ​ចោទ​ដោយសារ​តែ​ការ​បញ្ចេញ​មតិ​។ ការ​ថ្លែង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដូច្នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ និង​ចាប់​ខ្លួន​អ្នក​តវ៉ា​ ដែល​ជា​យុវជន​ និង​សាច់​ញាតិ​សកម្មជន​ជា​បន្ត​បន្ទាប់​កាល​ពី​ពេល​កន្លង​ទៅ​នេះ​។

ការតវ៉ា​របស់​សង្គម​ស៊ីវិល​នាពេលកន្លងមក (រូបភាពឯកសារ)
ការតវ៉ា​របស់​សង្គម​ស៊ីវិល​នាពេលកន្លងមក (រូបភាពឯកសារ) © សហការី
ផ្សាយពាណិជ្ជកម្ម

ក្រុមអង្គការសង្គមស៊ីវិលប្រមាណជា៨០អង្គការ បានសម្តែងការសោកស្តាយ ចំពោះអាជ្ញាធរ ដែលបានប្រើប្រាស់អំពើហិង្សា​ទៅលើ​អ្នកតវ៉ា​ដោយ​សន្តិវិធី​ និង​ការ​ចាប់ខ្លួន​សកម្មជន​ជាង​១០នាក់​ កាល​ពី​ពេល​ថ្មីៗ​នេះ។​

យោងតាមសេចក្តីថ្លែងការណ៍ កាលពី​ប៉ុន្មាន​សប្ដាហ៍មុន​ អាជ្ញាធរ​បាន​ប្រើប្រាស់​ការបង្រ្កាប​បែប​ហិង្សា​ជាបន្តបន្ទាប់​ទៅលើ​ការតវ៉ា​ដោយសន្ដិវិធី​ ដែល​បាន​ចាប់ផ្ដើម​កើតឡើង​បន្ទាប់ពី​ការចាប់ខ្លួន​ និង​ការឃុំខ្លួន​ លោក រ៉ុង ឈុន មេដឹកនាំសហជីព​ ដាក់ពន្ធនាគារ​ កាល​ពីដើម​ខែសីហានេះ។​ ចាប់តាំងពី​ការចាប់ខ្លួន​លោក រ៉ុង ឈុន​ មនុស្ស​ចំនួន៦នាក់​ទៀត​ ត្រូវបាន​ចាប់ខ្លួន ​និង​បញ្ជូន​ទៅឃុំខ្លួន​ក្នុង​ពន្ធនាគារ​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ ​បន្ទាប់ពី​អ្នកទាំងនោះ​តស៊ូមតិ​ទាមទារឲ្យដោះលែង​លោក រ៉ុង ឈុន វិញ។​ អាជ្ញាធរ​ក៏បាន​ប្រើប្រាស់​អំពើហិង្សា​ និង​ចាប់ខ្លួន​សាច់ញាតិ​របស់​អតីត​សមាជិក​គណបក្ស​ជំទាស់ ​ដែល​ត្រូវបាន​រំលាយ​ផងដែរ​ ខណៈដែល​ពួកគាត់​ភាគច្រើន​ជាស្រ្តី ​កំពុងតវ៉ា​ប្រឆាំងនឹង​ការចាប់ខ្លួន​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគាត់។​ នេះបើតាមសេចក្តីថ្លែងការណ៍។

ក្រុមអង្គការសង្គមស៊ីវិល បានចាត់ទុកការអំពាវនាវ​ឲ្យ​សមាជិក​គ្រួសារ​របស់​អ្នក​តវ៉ាមាន​សេរីភាព​ពី​ពន្ធនាគារ​មកវិញ​ ការសម្ដែង​មតិ​ជំទាស់​ទៅនឹង​ការចាប់ខ្លួន​មិត្តភក្ដិ​ ការឈរគៀកស្មា​គ្នាជាមួយ​មនុស្ស​នៅក្នុង​សហគមន៍​របស់ពួកគេ​ និង​ការ​ទាមទារ​រកយុត្តិធម៌មិនមែន​ជាបទល្មើសនោះទេ។​

ក្រុមសង្គមស៊ីវិលបន្តថា អំឡុងពេល​តវ៉ា​ដោយ​អហិង្សា​ យុវតី ឈឿន ​ដារ៉ាវី​ ដែល​ធ្វើការងារ​យុត្តិធម៌​សង្គម​ និង​បរិស្ថាន ​ត្រូវបាន​បោចសក់​អូស​ចូល​ក្នុងរថយន្ត ​បន្ទាប់ពី​កងសន្ដិសុខខណ្ឌ​បាន​ដកហូត​យក​កាបូបលុយ​របស់នាង​យ៉ាងកម្រោល។​ ក្រោយមក​សកម្មជន​បរិស្ថាន ​លោក ហ៊ុន វណ្ណៈ​ ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ ខណៈដែល​លោក​កំពុង​ផ្សាយផ្ទាល់​ តាម​ហ្វេសប៊ុក​ បណ្ដើរ​ និង​ដើរ​ទៅផ្ទះ​បណ្ដើរ​ បន្ទាប់ពី​ចូលរួម​ការតវ៉ា​។ ករណីចាប់ខ្លួនលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ដោយសារសំណុំរឿងព្រំដែនក៏ត្រូវបានរាប់បញ្ជូលក្នុងសេចក្តីថ្លែងការណ៍នេះដែរ។

ទោះយ៉ាងណាមន្ត្រីរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរដែនដី តែងបានបញ្ជាក់ហើយបញ្ជាក់ទៀតថា ការ​តវ៉ា និង ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ទាំងអស់​នេះ​ គឺ​មិន​មាន​ប្រយោជន៍​អ្វី​នោះ​ទេ​ ពោល​គឺ​គ្មាន​ឥទ្ធិពល​ណា​មួយ​មក​លើ​តុលាការ​កម្ពុជា​ ដើម្បី​ដោះលែង​លោក​រ៉ុង ឈុន និងសកម្មជនដទៃទៀត​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ