អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

ក្រសួងទេសចរណ៍៖ពលរដ្ឋដែលដើរលេងកម្សាន្ត មិនទាន់អនុវត្តគម្លាតសុវត្ថិភាពបានពេញលេញនៅឡើយទេ

ថ្ងៃ​ទី​១៧​ ខែ​សីហា​ ដែល​ជា​ថ្ងៃ​ទី​១​នៃ​វិស្សមកាល​ឈប់​សម្រាក​ពេញ​មួយ​សប្តាហ៍​នេះ​ ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ជាង​២៣​ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​នៅតាម​រមនីយដ្ឋាន​នានា​ទូទាំង​ប្រទេស​កម្ពុជា​។ រមនីយដ្ឋាន​ជាច្រើន​បាន​អនុវត្ត​នៅ​វិធានការ​សុវត្ថិភាព​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​ ប៉ុន្តែ​ក្រសួង​ទេសចរណ៍​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​មិនទាន់​បាន​អនុវត្ត​គម្លាត​សុវត្ថិភាព​បាន​ពេញលេញ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ឡើយ​ទេ​។

ភ្ញៀវទេសចរ នាំគ្នាដើរកម្សាន្តយ៉ាងកកកុញ នៅតំបន់Pub Street នាខេត្តសៀមរាប កំឡុងពេលឈប់សម្រាកសងថ្ងៃចូលឆ្នាំ ស្របនឹងវិបត្តិកូវីដ១៩ នៅតែជាហានិភ័យ
ភ្ញៀវទេសចរ នាំគ្នាដើរកម្សាន្តយ៉ាងកកកុញ នៅតំបន់Pub Street នាខេត្តសៀមរាប កំឡុងពេលឈប់សម្រាកសងថ្ងៃចូលឆ្នាំ ស្របនឹងវិបត្តិកូវីដ១៩ នៅតែជាហានិភ័យ © FB
ផ្សាយពាណិជ្ជកម្ម

ក្រសួងទេសចរណ៍បានអះអាងនៅព្រឹកថ្ងៃអង្គារនេះថា ការរក្សាគម្លាតសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលដើរលេងកម្សាន្តនៅមិនទាន់អនុវត្តបានពេញលេញនៅឡើយទេ ជាពិសេស គឺការអង្គុយទទួលទានអាហារជុំគ្នាច្រើនជាក្រុមក្រុមគ្រួសារ ឬក្រុមរបស់ពួកគេតែមួយ។ ចំណែក រមណីយដ្ឋានខ្លះមានសភាពហួសចំណុះផ្ទុកធម្មតាដោយសារភ្ញៀវទេសចរមកលេងច្រើនក្នុងពេលតែមួយ ខណៈដែលអ្នកគ្រប់គ្រងគោលដៅទេសចរណ៍ និងមន្ត្រីជំនាញនឹងបន្តខិតខំណែនាំបន្ថែមទៀតឲ្យមានការចែករំលែក និងបង្វែរទស្សនកិច្ច ដើម្បីសម្រួលកុំឱ្យមានការផ្ទុកលើសពី ៥០%។

បើទោះបីការអនុវត្តរក្សាគម្លាតសុវត្ថិភាពរបស់ពលរដ្ឋខ្លះនៅមានកម្រិត ប៉ុន្តែក្រសួងទេសចរណ៍ក៏បានសង្កេតឃើញថា ពលរដ្ឋខ្លះមានការយល់ដឹងប្រសើរអំពីការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេស​ចរណ៍អំពីជំងឺកូវីដ១៩ ។ រដ្ឋបាលខេត្តនីមួយៗក៏បានណែនាំ និងជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍យ៉ាងសកម្មផងដែរ។ ក្រសួងទេសចរណ៍អះអាថា គោលដៅទេសចរណ៍នានាក៏បានខិតខំអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ជាពិសេសការស្កេនកម្ដៅ បាញ់អាល់កុល កត់ឈ្មោះភ្ញៀវ និងការជំរុញឲ្យភ្ញៀវទេសចរពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជាប្រចាំ ហើយរមណីយដ្ឋានខ្លះក៏បានដាក់រថយន្តពេទ្យប្រចាំការថែមទៀត ដើម្បីត្រៀមជួយសង្គ្រោះជាយថាហេតុ។

សូមជម្រាបជូនថា នៅថ្ងៃទី១ នៃវិស្សមកាលមួយសប្តាហ៍នេះ មានប្រជាពលរដ្ឋជាង២៣ម៉ឺន៣ពាន់នាក់(២៣៣,៣២៩នាក់)បានធ្វើដំណើរទៅលេងកម្សាន្តនៅតាមបណ្តាខេត្តនានានៅក្នុងប្រ​ទេសកម្ពុជា។ តាមក្រសួងទេសចរណ៍ ខេត្តដែលសម្បូរភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេរួមមាន ខេត្តកំពតមានជាង៣ម៉ឺននាក់(៣០,៨០៤នាក់) ខេត្តសៀមរាបមានជាង២ម៉ឺន៨ពាន់នាក់(២៨,១៤០នាក់) ខេត្តព្រះសីហនុជាង១ម៉ឺន៨ពាន់នាក់(១៨,៦០៤នាក់)  ខេត្តកែបជាង១ម៉ឺន៨ពាន់នាក់(១៨,៥៥៧នាក់) ខេត្តបាត់ដំបងមានជាង១ម៉ឺន៤ពាន់នាក់(១៤,៦២៧នាក់) រាជធានីភ្នំពេញមានជាង១ម៉ឺន៤ពាន់នាក់(១៤,២៥៤នាក់) ខេត្តព្រះវិហារជាង១ម៉ឺននាក់(១០,៤៧០នាក់) ខេត្តមណ្ឌលគិរីជាង៨ពាន់នាក់(៨,៨២៨នាក់) និង ខេត្តខេត្តរតនគិរីជាង៨ពាន់នាក់(៨,២០៨នាក់)។

ក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា សម្រាប់វិស្សមកាលនេះ រាជធានី និងខេត្តមួយចំនួនបានរៀបចំអភិវឌ្ឍជាផលិ​តផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជាសួនទឹកកម្សាន្ត(Garden City) នៅរាជធានីភ្នំពេញ រមណីយដ្ឋានព្រីនមាន័រ (Prince Manor) នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល រមនីយដ្ឋានផ្ទះផ្កា នៅក្នុងខេត្តបាត់ដំបង បឹងលំកុដ នៅក្នុងខេត្តរតនគិរី រមណីយដ្ឋានកែច្នៃសមុទ្រឈើ នៅក្នុងខេត្តមណ្ឌលគិរី និង រមណីយដ្ឋានទេសចរណ៍ថ្មីៗនៅកោះរ៉ុងជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ