អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

លោកហ៊ុន សែន ផ្លាស់ប្តូរចិត្តមិនស្នើសុំការពន្យាពេលការវិលត្រឡប់មកវិញរបស់កងទ័ពមួកខៀវកម្ពុជា

តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ដឹង​ថា​ នឹង​មិន​ស្នើ​សុំ​អង្គការ​សហប្រជាជាតិ​ ដើម្បី​ពន្យា​ពេល​ការ​វិល​ត្រឡប់​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា​ និង​ការ​បញ្ជូន​កងទ័ព​មួកខៀវ​ទៅ​ជំនួស​នោះ​ទេ​។ ការ​ផ្លាស់ប្តូរ​ចិត្ត​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​រូប​លោក​កាល​ពី​ម្សិលមិញ​ បាន​ស្នើ​ទៅ​ប្រមុខ​អង្គការ​សហប្រជាជាតិ​ឱ្យ​ពន្យា​ពេល​ការ​ផ្លាស់ប្ដូរ​វេន​កងទ័ព​មួកខៀវ​កម្ពុជា​មួយ​រយៈ ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ​១៩​ពី​ក្រៅ​ប្រទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។

កងទ័ព​មួក​ខៀវ​កម្ពុជា​ត្រៀម​ចេញ​ដំណើរ​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ​នា​ពេល​កន្លង​មក​។
កងទ័ព​មួក​ខៀវ​កម្ពុជា​ត្រៀម​ចេញ​ដំណើរ​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ​នា​ពេល​កន្លង​មក​។ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

មូលហេតុដែលលោកប្រមុខរដ្ឋាភិបាលកម្ពុជាសម្រេចផ្លាស់ប្តូរចិត្តនេះ គឺដោយសារតែអង្គការសហប្រជាជាតិបានរៀបចំនូវពេលវេលាជាក់លាក់នៃការវិលត្រឡប់ និងការផ្លាស់ប្តូរកងទ័ពមួកខៀវកម្ពុជា។ បើតាមអង្គការសហប្រជាជាតិ គឺកងទ័ពមួកខៀវកម្ពុជានឹងវិលត្រឡប់មកប្រទេសម៉ាលីនៅក្នុងខែកញ្ញា ឆ្នាំ២០២០ ពីប្រទេសស៊ូដង់ខាងត្បូងនៅក្នុងខែតុលា ប្រទេសអាហ្រ្វិកកណ្តាលនៅក្នុងវិច្ឆិកា និង មកពីប្រទេសលីបង់នៅក្នុងខែមករា ឆ្នាំ២០២១ខាងមុខ។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថា ការរៀបចំពេលវេលារបស់អង្គការសហប្រជាជាតិនេះ គឺផ្តល់ឱ្យអាជ្ញាធរកម្ពុជាអាចរៀ​បចំការធ្វើចត្តាឡីស័កបានងាយស្រួល ដើម្បីទប់ស្កាត់ការនាំចូលកូវីត១៩មកក្នងប្រទេសកម្ពុជា។

ជាមួយនឹងការរៀបចំជាក់លាក់របស់អង្គការសហប្រជាជាតិនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអំពាវនាវឱ្យកងទ័ពមួកខៀវកម្ពុជាដែលកំពុងស្ថិតនៅប្រទេសទាំង៤ខាងលើរៀបចំខ្លួន ដើម្បីវិលត្រឡប់មកប្រទេសកម្ពុជា។ ចំណែក កងទ័ពមួកខៀវកម្ពុជាដែលនឹងត្រូវទៅជំនួស គឺត្រូវរៀបចំខ្លួនចេញដំណើរតាមការចាត់ចែងរបស់ក្រសួងការពារជាតិ និងអង្គការសហប្រជាជាតិ។ បើតាមលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កងទ័ព​មួកខៀវ​របស់​កម្ពុជា​ជាង​៤០០នាក់​ នឹង​ត្រូវដល់​ពេលផ្លាស់​ប្ដូរវេន​គ្នាតាមការចាត់ចែងរបស់អង្គការសហប្រជាជាតិនាពេលខាងមុខនេះ។

គួរបញ្ជាក់ថា នៅក្នុងបេសសកម្មនៅក្រៅប្រទេស កងទ័ពមួកខៀវកម្ពុជាម្នាក់បានស្លាប់ដោយសារតែជំងឺកូវីដ១៩ និងមួយចំនួនទៀតបានឆ្លងជំងឺរាតត្បាតនេះនៅក្នុងប្រទេសកំពុងបេសសកម្ម និង ពេលមកប្រទេសកម្ពុជាវិញ។ បច្ចុប្បន្ន ​កងទ័ពមួកខៀវ​កម្ពុជា៧៨៧​នាក់ កំពុង​បំពេញ​បេសកម្ម​នៅ​ប្រទេស​ចំនួន​៨​គឺ ប្រទេសស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ ស៊ី​ប ស៊ី​រី ឆាដ ម៉ាលី និង​ អាហ្វ្រិក​កណ្តាល​។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីកម្ពុជាជាប្រ​ទេសក្រីក្រ និងកំពុងប្រឈមជាមួយជំងឺកូវីដ១៩ បន្ថែមពីលើប្រទេសដែលកងទ័ពមួកខៀវកម្ពុជាត្រូវទៅកំពុងមានការវាយលុកដោយកូវីដ ១៩ ក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា និងកងទ័ពកម្ពុជាមិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានាក្រោមឆ័ត្ររបស់របស់អង្គការសហប្រជាជាតិនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ