អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

រដ្ឋាភិបាលកម្ពុជាត្រៀមកញ្ចប់ថវិកាជាង១ពាន់លានដុល្លារសម្រាប់ទប់ទល់នឹងការបាត់បង់ផ្នែកខ្លះនៃប្រព័ន្ធEBA

នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា​ សប្តាហ៍ក្រោយ​នេះ​ គឺ​ជា​កាល​កំណត់​នៃ​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​របស់​អឺរ៉ុប​ចំពោះ​កម្ពុជា​។ រដ្ឋាភិបាល​កម្ពុជា​ និង​ មជ្ឈដ្ឋាន​ដទៃ​ខ្លះ​បាន​សន្មត់​ហើយ​ថា​ ការ​កំណត់​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ​EBA​នេះ​ ទំនង​ជា​គ្មាន​អ្វី​ប្រែប្រួល​នោះ​ឡើយ​។ បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​បាន​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​កញ្ចប់​ថវិកា​ប្រមាណ​១​ពាន់​១៦៤​លាន​ដុល្លារ​អាមេរិក​រួចរាល់​ហើយ​សម្រាប់​ទប់ទល់​នឹង​ការ​បាត់​ផ្នែក​ខ្លះ​នៃ​EBA​នេះ​ និង​ បញ្ហា​ផ្សេង​ទៀត​ដែល​ប៉ះពាល់​ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩​។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ © FB
ផ្សាយពាណិជ្ជកម្ម

លោកមាស សុខសេនសាន អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសុក្រនេះថា រដ្ឋាភិបាលកម្ពុជាបានត្រៀមកញ្ចប់ថវិកាប្រមាណ១ពាន់១៦៤លានដុល្លារអាមេរិកសម្រាប់ជួយសង្រ្គោះនៅពេលដែលសហភាពអឺរ៉ុបដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជា។ កញ្ចប់ថវិកានេះ ក៏នឹងប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហានានានៅក្នុងប្រទេសកម្ពុជាដោយសារតែជំងឺកូវីដ ១៩ផងដែរ។ ក៏ប៉ុន្តែ ការដោះស្រាយបញ្ហាទាំងពីរដោយរបៀបណាជាមួយកញ្ចប់ថវិកាទាំងនេះ លោកអ្នកពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុរូបនេះមិនអាចបញ្ជាក់ឱ្យដឹងច្បាស់នៅឡើយទេ ដោយហេតុថា នៅពេលននេះ គណៈកម្មការទទួលបន្ទុកបញ្ហាទាំងនេះកំពុងសិក្សា និងវាយតម្លៃលម្អិត។

បើទោះបីកាលកំណត់នៅថ្ងៃទី១២ សីហា មិនទាន់ចូលមកដល់ក៏ដោយ ក៏លោកមាស សុខសេនសាន តាមរយៈវិទ្យុបារាំងអន្តរជាតិបានសម្តែងនូវការសោកស្តាយរួចស្រេចទៅហើយបើអឺរ៉ុបដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBAតាមការគ្រោងទុក ក្រោយពីរដ្ឋាភិបាលបានខិតខំសម្របសម្រួលអស់ពីលទ្ធភាពរបស់ខ្លួន។ លោកបានប៉ាន់ប្រមាណថា នៅពេលEBA ត្រូវបានដក នោះរោងចក្រមួយចំនួនអាចនឹងផ្អាកការងារ មួយចំនួននឹងបន្តបង់ពន្ធតាមការសម្រេចរបស់អឺរ៉ុប ហើយមួយចំនួនទៀត​ អាចនឹងផ្លាស់ប្តូរចង្វាក់ផលិតកម្មរបស់ខ្លួនទៅផលិតអ្វីផ្សេងវិញ។ ប៉ុន្តែសម្រាប់កម្មករ កម្មការិនីដែលអស់ការងារធ្វើ រដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់កញ្ចប់ថវិកា១ពាន់១៦៤លានដុល្លារនេះជួយសង្រ្គោះដល់ពួកគេ។ នេះបើតាមការគូសបញ្ជាក់របស់លោកមាស សុខសេនសាន។

តាមគម្រោង បើក្នុងអំឡុងពេលនេះ​ សភា​និង​ក្រុម​ប្រឹក្សា​អឺរ៉ុប​មិន​ជំទាស់​ទេនោះ គណៈកម្មការអឺរ៉ុបនឹងអនុវត្តដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBA«ជាបណ្ដោះអាសន្ន»ពីកម្ពុជានៅថ្ងៃទី១២ ខែសីហាតាមការសម្រេចកាលពីថ្ងៃទី១២ ខែកុម្ភកន្លងទៅ។ ទំនិញកម្ពុជាចំនួន៤០ប្រភេទ ក្នុងនោះផលិតផល​ខ្លះ​ក្នុង​ផ្នែក​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង ផលិ​តផល​សម្រាប់​ធ្វើ​ដំណើរ និង​ស្ករ នឹងត្រូវយកពន្ធឡើងវិញនៅពេលនាំចូលទៅកាន់ទីផ្សារអឺរ៉ុប។ ផលិតផលទាំងអស់នេះ នាំចេញពីកម្ពុជាទៅអឺរ៉ុបក្នុងតម្លៃសរុបប្រមាណ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ។ ការសម្រេ​ចរបស់អឺរ៉ុបនេះ គឺឈរលើហេតុផលថា កម្ពុជាបាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ។

កាលពីខែកុម្ភៈ ពោល គឺក្រោយពីគណៈ​កម្មការអឺរ៉ុបសម្រេចដកការអនុ​គ្រោះពន្ធ២០ភា​គរយពី​កម្ពុជាភា្លមៗ លោកនា​យករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសប្រកាន់ជំហរដាច់ណាត់មិនធ្វើតាមការចង់បានណាមួយរបស់អឺរ៉ុបឡើយ។ លោ​កអះអាងថា កម្ពុជាសុខ​ចិត្តបង់ពន្ធប្រមា​ណ១០០លាន​ដុល្លារអាមេរិកស​ម្រាប់នាំទំ​និញទៅកាន់ទី​ផ្សារអឺរ៉ុប តែ​កម្ពុជាមិនយ​កអធិតេយ្យ​ភាពរបស់ខ្លួ​នទៅដោះដូ​រជាដាច់ខាត។ ប៉ុន្តែនៅពេលសួរថា តើរដ្ឋាភិបាលកម្ពុជានឹងជួយក្រុមហ៊ុនឯកជនក្នុងការជួយបង់ពន្ធ១០០លានដុល្លារនេះដែរឬទេ? លោកមាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចមិនទាន់អាច​បញ្ជាក់បាននៅឡើយទេ ដោយថា គណៈកម្មការកំពុងជជែកពីការដោះស្រាយបញ្ហាប្រឈមទាំងអស់នេះហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ