អានតួអត្ថបទ
កម្ពុជា សង្គម

ក្រុមការងារអន្តរក្រសួងចុះស្រាវជ្រាវបញ្ហាដីធ្លីនៅខេត្តមណ្ឌលគិរីមុនគេ

បញ្ហា​អាកាសធាតុ​ភ្លៀង​ជាប់​មិន​រាំង​ក្នុង​ខេត្ត​មណ្ឌលគិរី​ បាន​បង្ខំ​ឲ្យ​ក្រុម​ការងារ​ចុះ​ឆ្វៀល​ដី​របស់​រដ្ឋាភិបាល​ត្រឡប់​មក​ភ្នំពេញ​វិញ​។  លោក សេង ឡូត  អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូបនីយកម្ម​ និង​សំណង់​បាន​ឲ្យ​ដឹង​ថា​ ឆ្លើយ​តប​នឹង​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​កាល​ពី​ខែ​មុន​  ក្រុម​ការងារ​អន្តរ​ក្រសួង​ចុះ​វាស់វែង​កំណត់​ដី​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​មុន​គេ។  ខេត្ត​មណ្ឌលគិរី​ជា​ទីតាំង​មួយ​ដែល​មន្ត្រី​រដ្ឋាភិបាល ​និង​សង្គម​ស៊ីវិល​ទទួល​ស្គាល់​ដូច​គ្នា​ ត្រូវ​បាន​អ្នក​ធំៗ​កំពុង​ប្រជែង​គ្នា​ទៅ​ចាប់​ដី​នៅ​ទីនោះ​។

រូបគោព្រៃតំណាងខេត្តមណ្ឌលគិរី (រូបភាពតំណាង)
រូបគោព្រៃតំណាងខេត្តមណ្ឌលគិរី (រូបភាពតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ផ្ដើមចេញពីខេត្តមណ្ឌលគិរីរដ្ឋមន្ត្រីក្រសួងដែនដី កសិកម្ម និងបរិស្ថានបានដឹកដៃគ្នាចុះទៅទីនោះ កាលពីថ្ងៃទី២៨ខែកក្កដា ដើម្បីទៅមើលបញ្ហាដីធ្លីជាក់ស្ដែង មុនបញ្ជូនក្រុមការងារអន្តរក្រសួងចុះទៅ​ស្រាវជ្រាវបន្ត តែដោយបញ្ហាអាកាសធាតុភ្លៀងជាប់មិនរាំងក្នុងខេត្តមណ្ឌលគិរី បានបង្ខំឲ្យក្រុមការងារចុះឆ្វៀលដីរបស់រដ្ឋាភិបាលត្រឡប់មកភ្នំពេញវិញ។  ក្រៅតែពីខេត្តមណ្ឌលគិរី ខេត្តកោះកុងជាគោលដៅបន្ទាប់ ខណៈខេត្តដទៃក្រុមការងារអន្តរក្រសួងក៏កំពុងចុះស្រាវជ្រាវដែរ។ នេះបើតាមឲ្យដឹងរបស់លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីនៅថ្ងៃអង្គារ៍នេះ។

ពាក់ព័ន្ធទំនាស់ដីធ្លីនៅខេត្តមណ្ឌលគិរី ដែលភាគច្រើនសុទ្ធតែមន្ត្រីធំៗប្រជែងគ្នាចុះទៅចាប់ដីនោះ លោក ស្វាយ សំអ៊ាង អភិបាល​ខេត្ត​មណ្ឌលគីរី​ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ​អាជ្ញាធរ​ខេត្ត​បាន​ដក​ហូត​ដី​ ដែល​ត្រូវ​បាន​កាន់​កាប់​ខុស​ច្បាប់​ចំនួន​២​ពាន់​ហិកតា​ មក​ជា​សម្បត្តិ​រដ្ឋ​វិញ​។ ​ ​ទោះយ៉ាងណា​ លោក​អភិបាល​ខេត្ត​មណ្ឌលគីរី​ ស្វាយ សំអ៊ាង ​បាន​អះអាង​ថា ​អាជ្ញាធរ​លោក​ បាន​ចាត់​វិធាន​ការ​ដោយ​ស្មើភាព​គ្នា ​ចំពោះ​អ្នក​ដែល​រំលោភ​យក​ដី​រដ្ឋ ​មិន​គិត​ថា​ជា​អ្នក​តូច​ ឬ​អ្នក​ធំនោះ​ទេ​។

កន្លងមករដ្ឋមន្ត្រីក្រសួងកសិកម្មធ្លាប់បានប្រាប់វិទ្យុបារាំង ដោយលើកយកទីតាំងមួយ នៅខេត្ត​មណ្ឌលគិរី គឺពលរដ្ឋ​បាន​ចុះ​កាន់​កាប់​ដី​ដោយ​ខ្លួន​ឯង​នៅ​តំបន់ស្រល់ ដោយមានការជម្រុញឈ្មួញ។ តំបន់​ស្រល់​ជា​ទីតាំង​ពី​មួយ​ដែល​ព្រះមហាក្សត្រ​កម្ពុជា ធ្លាប់​យាង​ទៅ​ដាំ​ដើម​ស្រល់កាល​ពី​អតីត​កាល។

គួរជម្រាបជូនថា ក្នុងខេត្តមណ្ឌលគិរី ដីតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗគ្រប់គ្រងរួមគ្នាដោយក្រសួងកសិកម្ម និងបរិស្ថានមានចំនួនជាង១លានហិកតា។ ក្នុងនោះដី​ព្រៃឈើ ​មាន​ទំហំ​ជាង២៥ម៉ឺន​ហិ​កតា គ្រប់គ្រង​ដោយ​ក្រសួង​កសិកម្ម ដោយ​ក្នុង​នោះ​ក្រសួង​បាន​បែងចែក​ជា​ដីសម្បទាន​សេដ្ឋកិច្ច​មាន​ចំនួន២៥គម្រោង លើ​ផ្ទៃដី​តាម​កិច្ចសន្យា​ទំហំ​ជាង១៥ម៉ឺន​ហិ​កតា។ ចំណែកដីដែក្រសួងបរិស្ថានកំពុងគ្រប់គ្រង និងអភិរក្សទាំងអស់ចំនួន ៦៩ កន្លែង និងមានទំហំសរុប ៧,៣ លានហិកតា នៅក្នុង ២០ខេត្ត។

សូមជម្រាបជូនថា កាលពីខែមុនប្រមុខរដ្ឋាភិបាលបានចេញបទបញ្ជាផ្ទាល់មាត់ដល់ទៅ២ដង ទៅក្រសួងបរិស្ថាន ដែនដី កសិកម្ម និងអាជ្ញាធរត្រូវធ្វើការឲ្យបានហ្មត់ចត់ ចំពោះដំណើរការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ