អានតួអត្ថបទ
កម្ពុជា សង្គម

ក្រសួងយុត្តិធម៌ និងសាលាក្រុង ព្រមានចាត់វិធានការលើអ្នកតវ៉ានៅមុខតុលាការ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​ក្រសួង​យុត្តិធម៌​ នៅ​ថ្ងៃ​ចន្ទ​ទី​៣​ខែ​សីហា​នេះ​ បាន​ចេញ​សេចក្តី​ប្រកាស​ដោយ​ឡែក​ពី​គ្នា​ ដើម្បី​ផ្ញើសារ​ទៅ​កាន់​ក្រុម​អ្នក​តវ៉ា​នានា​ នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា​សកម្ម​ភាព​របស់​ពួកគេ​គឺ​ជា​សកម្មភាព​ខុស​ច្បាប់​។ ការ​ចេញ​សេចក្តី​ប្រកាស​ព្រមៗ​គ្នា​របស់​អាជ្ញាធរ​២​ស្ថាប័ន​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​តវ៉ា​ពី​អ្នក​គាំទ្រ​លោក​ រ៉ុង ឈុន និង​ក្រុម​គ្រួសារ​សកម្មជន​គណបក្ស​ប្រឆាំង​ ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​ លោក រ៉ុង ឈុន និង​សកម្មជន​ដែល​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​រួច​ហើយ​។

ប្រជាពលរដ្ឋនាំគ្នាលើកបដាតវ៉ា យ៉ាងកកកុញនៅមុខសាលាដំបូងរាជធានីភ្នំពេញ ជុំវិញករណីចាប់ខ្លួនលោក រ៉ុង ឈុន
ប្រជាពលរដ្ឋនាំគ្នាលើកបដាតវ៉ា យ៉ាងកកកុញនៅមុខសាលាដំបូងរាជធានីភ្នំពេញ ជុំវិញករណីចាប់ខ្លួនលោក រ៉ុង ឈុន © FB
ផ្សាយពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌បានលើកឡើងថា សកម្មភាពក្នុងការប្រមូលផ្តុំមនុស្សនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដែលទាមទារឲ្យតុលាការដោះលែងជនត្រូវចោទ ឈ្មោះ រ៉ុង ឈុន ពុំមែនជាទង្វើត្រឹមត្រូវតាមច្បាប់នោះទេ ប៉ុន្តែជាទង្វើដាក់សម្ពាធលើស្ថាប័នតុលាការ ដែលអាចប្រឈម នឹងការចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌ តាមមាត្រា៥២២នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ក្រសួងយុត្តិធម៌បានអំពាវនាវកុំឲ្យអ្នតវ៉ា ធ្វើសកម្មភាពខុសច្បាប់ខាងលើ ដោយបញ្ជាក់ថាលោក រ៉ុង ឈុន មានសិទ្ធិពេញលេញស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញក្នុងការការពារភាពស្អាតស្អំតាមរយៈមេធាវី។

ជាមួយគ្នានេះ លិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញវិញ ក៏បាននិយាយដែរដោយលើកឡើងពីច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងវិធានការណែនាំនានា ស្តីពីការទប់ស្កាត់ការរីករាលដាលនៃការឆ្លងវីរុសកូវីដ១៩ ដោយតម្រូវឲ្យ ក្រុមបុគ្គលណា ដែលមានបំណងធ្វើបាតុកម្មដោយសន្តិវិធី នៅកន្លែងសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដី មានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ។អាជ្ញាធរក្រុង ក៏ព្រមានដែរថា នឹងចាត់វិធានការតាមផ្លូវច្បាប់ រាល់ការជួបជុំ ប្រមូលផ្តុំ ដែលគ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅរដ្ឋបាលសាលាក្រុង។

ដោយឡែក លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ថ្លែងថាលិខិតទាំងពីររបស់អាជ្ញាធរ គឺអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពមួយចំនួន របស់ពលរដ្ឋ បើផ្អែកទៅលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងរដ្ឋធម្មនុញ្ញ រួមនឹងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស។ លោកថាច្បាប់បាតុកម្មខ្មែរ ក៏ត្រូវមានការសម្របសម្រួលពីសមត្ថកិច្ចដែរ ក្នុងករណីការធ្វើបាតុកម្មដោយសន្តិវិធី ហើយមិនបានជូនដំណឹង។

សូមរំលឹកថា ការចាប់ខ្លួនលោក រ៉ុង ឈុន ជុំវិញសំណុំរឿងព្រំដែនកម្ពុជា-វៀតណាម កាលពីចុងសប្តាហ៍មុន បង្កជាការតវ៉ាពីអ្នកគាំទ្រលោក យ៉ាងសកម្ម ដែលបញ្ហានេះ បង្ហាញពីការប្រឆាំងនឹងចំណាត់ការរបស់តុលាការកាន់តែខ្លាំងទៅៗ ដើម្បីឲ្យដោះលែង លោក រ៉ុង ឈុន ខណៈក្រុមគ្រួសារសកម្មជនបក្សប្រឆាំងជាច្រើននាក់បានធ្វើការតវ៉ាដូចគ្នានេះស្ទើររៀងរាល់ថ្ងៃនៅមុខតុលាការក្រុងភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ