អានតួអត្ថបទ
កម្ពុជា សង្គម

មន្រ្តីជំនាញច្បាប់និងសិទ្ធិមនុស្សកម្ពុជាអះអាងថា របាយការណ៍របស់អង្គការសិទ្ធិមនុស្សអាចបង្កអស្ថិរភាពក្នុងសង្គម

លោក​ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ និង​ ជា​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​យប់​មិញ​នេះ ​បាន​ចេញ​មក​ប្រតិកម្ម​ទៅ​នឹង​របាយការណ៍​ឃ្លាំ​មើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ សមាគម​អាដហុក​ និង​មជ្ឈមណ្ឌល​សាមគ្គីភាព​។ ជា​ប្រតិកម្ម​ដែល​ចាត់​ទុក​របាយការណ៍​នេះ​ថា ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ និង​អាច​នាំ​មាន​អស្ថិរភាព​នៅ​ក្នុង​សង្គម​។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អង្គការ​សង្គម​ស៊ីវិល​ទាំង​៣​បាន​ចេញ​ផ្សាយ​របាយការណ៍​នេះ​កាល​ពី​ថ្ងៃ​ទី​២៨​ និង​ ២៩​ ខែ​កក្កដា​។

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និង ជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និង ជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា © FB/Malin Chin
ផ្សាយពាណិជ្ជកម្ម

១ថ្ងៃបន្ទាប់ពីការចេញផ្សាយនូវរបាយការណ៍ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា លោកជិន ម៉ាលីន ដែលអ្នកនាំពាក្យក្រសួងយុត្តិធម៌ និង ជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងបានប្រើប្រាស់គណនីហ្វេសប៊ុកច្រានចោលនូវរបាយការណ៍នេះ។ ច្រានចោល ដោយលោកសំអាងថា របាយការណ៍របស់អង្គការទាំង៣នេះ គឺមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងទាំងស្រុងនោះទេ បើផ្អែកលើទស្សនទាននៃសិទ្ធិមនុស្ស និងវិធីសាស្រ្តស្រាវជ្រាវបែបវិទ្យាសាស្រ្ត។ លោកជិន ម៉ាលីន បានបកស្រាយថា  របាយការណ៍នេះ គ្រាន់តែធ្វើការប្រមូលបូកសរុបនូវព្រឹត្តិការណ៏ និងធ្វើការសន្និ​ដ្ឋានតែលើរូបភាពខាងក្រៅតែប៉ុណ្ណោះ គឺមិនបានសិក្សាលើមូលហេតុ និងមូលដ្ឋានលម្អិត ទិដ្ឋភាព និងនីតិវិធីច្បាប់ អង្គហេតុនៃបទល្មើស និងអំពើដែលជាធាតុផ្សំនៃបទល្មើសនោះទេ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាពនៅក្នុងសប្តាហ៍នេះបានចេញផ្សាយនូវរបាយការណ៍ការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជាសម្រាប់ឆ្នាំទី៤។ អង្គការទាំង៣បានរកឃើញពីការរឹតត្បិតជាប្រចាំលើសេរីភាពមូលដ្ឋានដែលបង្ហាញពីកង្វះខាតការអនុវត្តច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់ជាតិ។ អង្គការទាំង៣ក៏បានកត់សម្គាល់ឃើញថា រដ្ឋាភិបាលកម្ពុជាហាក់ដូចជាប្រើប្រាស់ច្បាប់មិនមែន ដើម្បីការពារសេរីភាពមូលដ្ឋានទេ តែផ្ទុយទៅវិញ គឺកាត់បន្ថយនូវលំហនៃការរអនុវត្តសិទ្ធិពលរដ្ឋ និងរឹតត្បិតការអនុវត្តសេរីភាពមូលដ្ឋាន។

ក៏ប៉ុន្តែ លោកជិន ម៉ាលីន បានឆ្លើយតបទៅវិញថា នៅពេលដែលអាជ្ញាធរអនុវត្តច្បាប់ទៅលើជនសង្ស័យល្មើសច្បាប់ជាសកម្មជនអតីតបក្សប្រឆាំង សកម្មជនអង្គការសង្គមស៊ីវីលដែលមាននិន្នាការប្រឆាំង គឺអង្គការទាំង៣នេះតែងតែធ្វើការសន្និដ្ឋាន និងចោទប្រកាន់ថាជាការរំលោភសិទ្ធិមនុស្ស ដោយមិនខ្ចីអើពើ និងពិចារណារពីទិដ្ឋភាពច្បាប់។ លោកថា​ នេះ គឺជាទម្លាប់របស់ពួកគេទៅហើយ។ ចំពោះបញ្ហានេះ អង្គការសង្គមស៊ីវិលទាំង៣បានគូសបញ្ជាក់ថា របាយការណ៍របស់ពួកគេ គឺធ្វើឡើងតាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយធ្វើការវិភាគលើអត្ថបទសារព័ត៌មានពាក់ព័ន្ធ១,១៩៤អត្ថបទ គិតជាហេតុការណ៍មាន៥៣៧ករណី ទទួលបានរបាយការណ៍ហេតុការណ៍១១៩ករណី ស្ទង់មតិសាធារណជន៧៧៩នាក់នៅទូទាំង២៥ខេត្ត-ក្រុង និងបានស្ទង់មតិថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីព១៤២នាក់។

ប៉ុន្តែ លោកជិន ម៉ាលីន បានអះអាងតបទៅវិញថា ការធ្វើរបាយការណ៍នេះ គឺដកស្រង់យកតែទស្សនមួយជ្រុង និងជួបសម្ភាសន៍ជាមួយមនុស្សមួយក្រុម និងអង្គការមួយចំនួនដែលជាបក្ខពួករបស់ខ្លួន និងមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលតែប៉ុណ្ណោះ ដោយមិនមានការចូលរួម និងធាតុចូលពីតំណាងរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធដ៏ទៃទៀតឡើយ។ ដូច្នេះហើយ លោកចាត់ទុករបាយការណ៍នេះថា មិនគ្រប់ជ្រុងជ្រោយ លំអៀង និងមានគោលដៅវាយប្រហាររដ្ឋាភិបាល។

សម្រាប់លោកជិន ម៉ាលីន របាយការណ៍បែបនេះ អាចនឹងនាំឱ្យមានគ្រោះថ្នាក់ និងអស្ថិរភាពក្នុងសង្គម ព្រោះបើតាមមន្រ្តីជំនាញច្បាប់ និងសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជារូបនេះ គឺរបាយការណ៍នេះហាក់ ដូចជាការពារ និងលើកទឹកចិត្តដល់ក្រុមប្រឆាំងដែលតែងតែធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗបង្កភាពចលាចលក្នុងសង្គម។ បើតាមលោកជិន ម៉ាលីន  របាយការណ៍របស់អង្គការទាំង៣ គួរតែអប់រំ និងណែនាំក្រុមដែលបំពានច្បាប់ឱ្យគោរពច្បាប់ឱ្យបានខ្ចាប់ខ្ចួន ប្រើប្រាស់សិទ្ធិឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ដោយមិនបំពានសិទ្ធិសេរីភាពអ្នកដ៏ទៃ និងប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ