អានតួអត្ថបទ
កម្ពុជា សង្គម

តុលាការថៃសម្រេចទទួលយកបណ្តឹងសមូហភាពរបស់ពលរដ្ឋខ្មែរដែលរងគ្រោះដោយក្រុមហ៊ុនស្ករអំពៅថៃ

នៅ​ទី​បំផុត​ទៅ ​តុលាការ​សាលា​ឧទ្ធរណ៍​របស់​ថៃ ​បាន​សម្រេច​ទទួល​យក​បណ្តឹង​សមូហភាព​របស់​ពលរដ្ឋ​ខ្មែរ​ជាង​៧០០​គ្រួសារ ​ដែល​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ពី​សំណាក់​ក្រុមហ៊ុន​ស្ករ​អំពៅ​ថៃ​ដ៏​ធំមួយ​ឈ្មោះ​ មីត្រ ផុល។ អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្វាគមន៍​ និង​បាន​ចាត់​ទុក​សេចក្តី​សម្រេច​នេះ​ថា​ ជា​ប្រវត្តិសាស្ត្រ​ និង​បើក​ផ្លូវ​អោយ​ជន​រងគ្រោះ​ឈាន​ទៅ​ទទួល​បាន​នូវ​យុត្តិធម៌​មួយ​។

ក្រុមប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះ ដោយក្រុមហ៊ុនស្ករអំពៅថៃ
ក្រុមប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះ ដោយក្រុមហ៊ុនស្ករអំពៅថៃ © សហការី
ផ្សាយពាណិជ្ជកម្ម

ភាគីដើមបណ្តឹងជាពលរដ្ឋខ្មែរ អ្នកស្រី ហូយ ម៉ៃ តំណាងអោយក្រុមគ្រួសារកសិកររងគ្រោះប្រមាណជា៧០០គ្រួសារស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ បានឈ្នះបណ្តឹងឧទ្ធរណ៍នៅក្នុងតុលាការថៃ ដែលអនុញ្ញាតអោយពួកគេបន្តឆ្ពោះទៅរកការដាក់ពាក្យបណ្តឹងជាសមូហភាព នៅថ្ងៃទី ៣១ កក្កដា ដើម្បីប្រឆាំងនឹងក្រុមហ៊ុនមីត្រផូល (Mitr Phol) ដែលជាក្រុមហ៊ុនស្ករសដ៏ធំបំផុតរបស់ថៃនិងនៅតំបន់អាស៊ី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលកម្ពុជានៅថ្ងៃទី ៣១ កក្កដា ដែលរួមមានជាអាទិ៍ អង្គការសមធម៌កម្ពុជា សមាគមការពារសិទ្ធិមនុស្សអាដហុក អង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការ idi និងអង្គការសង្គមស៊ីវិលកម្ពុជាមួយចំនួនទៀត។

បើតាមសេចក្តីថ្លែងការណ៍ បានចាត់ទុកបណ្តឹងសមូហភាពឆ្លងដែនដែលតំណាងដោយអ្នកស្រី ហូយ ម៉ៃ និងបុគ្គលផ្សេងទៀតជាមួយនឹងក្រុមហ៊ុនមីត្រផុលនេះ គឺជាប្រភេទបណ្តឹងឆ្លងដែនលើកដំបូងមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បណ្តឹងសមូហភាពនេះ ត្រូវបានដាក់ក្រោមច្បាប់របស់ប្រទេសថៃ ដែលអនុញ្ញាតអោយភាគីដើមបណ្តឹងជាជនបរទេស ដាក់ពាក្យបណ្តឹងសមូហភាព ពីបទរំលោភបំពានដែលធ្វើឡើងដោយក្រុមហ៊ុនរបស់ថៃនៅក្រៅប្រទេស។ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋកម្ពុជាទាំង៧០០គ្រួសារតំណាងដោយអ្នកស្រី ហូយ ម៉ៃ បានចោទប្រកាន់ក្រុមហ៊ុនមីត្រផុល ពីបទពាក់ព័ន្ធអោយមានការរុះរើលំនៅដ្ឋានរបស់ក្រុមគ្រួសារកសិករខ្មែរប្រមាណ៧០០គ្រួសារដោយបង្ខំ ដើម្បីយកដីរបស់ពួកគេមកធ្វើជាកសិឧស្សាហកម្មដំណាំអំពៅ ស្ថិតនៅក្នុងឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ នៅចន្លោះពីឆ្នាំ ២០០៨ ដល់ ឆ្នាំ២០០៩។

លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការឈ្នះក្តីថ្ងៃនេះ គឺជាជំហានឆ្ពោះទៅមុខដ៏ធំមួយសម្រាប់ភាគីដើមបណ្តឹង និងប្រជាពលរដ្ឋទាំងអស់ដែលជាជនរងគ្រោះពីការបណ្តេញចេញ។ លោកបន្តថា សេចក្តីសម្រេចរបស់តុលាការថៃបង្ហាញថា លទ្ធភាពទទួលបានយុត្តិធម៌អាចទៅរួច និងថា ការតស៊ូអស់រយៈពេលមួយទសវត្សរបស់ពួកគាត់នឹងមិនឥតប្រយោជន៍នោះទេ។

គួរជំរាបជូនថា ក្រុមហ៊ុន មីត្រ ផូល (Mitr Phol Co.LTD) គឺជាក្រុមហ៊ុនស្ករសដ៏ធំមួយនៅក្នុងតំបន់អាស៊ី ដែលមានបុត្រសម្ព័ន្ធបីទៀត គឺក្រុមហ៊ុន Angkor sugar, Tonle Sugar និង Cane And Sugar Valleyជាដើម។ ប៉ុន្តែក្រោយមក គឺនៅឆ្នាំ២០១៥ ក្រុមហ៊ុនថៃដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជាប្រមាណជា១ម៉ឺនហិចតានេះ បានដកខ្លួនថយទៅវិញ។ ប៉ុន្តែទោះជាយ៉ាងនេះ នៅឆ្នាំ២០១៥ដដែល គណៈកម្មការសិទ្ធិមនុស្សថៃបានរកឃើញថា ក្រុមហ៊ុនមីត្រ ផុល ត្រូវទទួលខុសត្រូវចំពោះការទន្ទ្រានដីធ្លី និងបានអំពាវនាវអោយក្រុមហ៊ុននេះ ធ្វើការកែតម្រូវ និងដោះស្រាយផលប៉ះពាល់ ប៉ុន្តែក្រុមហ៊ុនបានបដិសេធយ៉ាងដាច់អហង្កា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ