អានតួអត្ថបទ
កម្ពុជា សង្គម

គិតមកដល់ពេលនេះ អាមេរិកបានផ្តល់ជំនួយ១១លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

គិត​មក​ដល់​ពេល​នេះ សហរដ្ឋអាមេរិក​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ចំនួន​១១​លាន​ដុល្លារ​អាមេរិក​ដល់​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​។ នេះ​បើ​តាម​ការ​ប្រកាស​ឱ្យ​ដឹង​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ ក្រៅ​ពី​កម្ពុជា អាមេរិក​ក៏​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ដូចគ្នា​នេះ​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ផង​ដែរ​ដោយ​ចាប់​ពី​ជាង​១​លាន​ដុល្លារ​ដល់​ជិត​២០​លាន​ដុល្លារ​អាមេរិក​។

ទង់ជាតិសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា
ទង់ជាតិសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

«សហរដ្ឋអាមេរិកបានរួមចំណែកជាជំនួយចំនួន១១ លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ នៅប្រទេសកម្ពុជា។ យើងកំពុងតែកៀងគរធនធានចាំបាច់ ហើយធ្វើការជាមួយដៃគូកម្ពុជារបស់យើង ដើម្បីប្រឈមដោះស្រាយវិប​ត្តិផ្នែកសុខភាពសាកលនេះ»។ នេះ គឺជាការអះអាងឱ្យដឹងរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ។ ក្រៅពីប្រទេសកម្ពុជា អាមេរិកក៏បានផ្តល់ជំនួយថវិកាដល់ប្រទេសអាស៊ានដទៃទៀត មានដូចជា ប្រទេសឥណ្ឌូនេស៊ីចំនួន១១លានដុល្លារ ឡាវ ចំនួន៤,៥ លានដុល្លារ ម៉ាឡេស៊ី ចំនួន១,២លានដុល្លារ, មីយ៉ានម៉ា ចំនួន១៦,៥លានដុល្លារ ហ្វីលីពីន១៩,១លានដុល្លារ ថៃចំនួន៨,៥លានដុល្លារ និង វៀតណាម៩,៥លានដុល្លារអាមេរិក។ ចំណែក ប្រទេសទីម័រខាងកើតវិញ អាមេរិកក៏បានផ្តល់ជំនួយចំនួន១,១លានដុល្លារផងដែរ។

សម្រាប់ប្រទេសកម្ពុជា ជំនួយចំនួន១១លានដុល្លារអាមេរិកនេះ គឺសម្រាប់ជួយដល់ការឆ្លើយតប និងការស្តារឡើងវិញក្រោយពីជំងឺកូវីដ ១៩។ តាមស្ថានទូតអាមេរិក មូលនិធិទាំងនេះ គឺជាការបន្ថែមលើជំនួយបច្ចេកទេសដ៏ច្រើន ដែលមានជាយូរមករបស់អ្នកជំនាញឯកទេសរបស់រដ្ឋាភិបាលអាមេរិកាំង។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញធ្លាប់បានគូសបញ្ជាក់ថា ការជួយដល់កម្ពុជាក្នុងការឆ្លើយតប​នឹងជំងឺកូវីដ ១៩នេះ គឺបង្ហាញពីការបន្តកិច្ចសហប្រតិបត្តិការ​ និងភាព​ជាដៃគូដ៏យូរអង្វែងរបស់អាមេរិកលើផ្នែកសុខាភិបាលជាមួយ​កម្ពុជា។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានគូសបញ្ជាក់ឱ្យដឹងទៀតថា ជំនួយ​ជាថវិកានេះ នឹងជួយប្រព័ន្ធសុខាភិបាលកម្ពុជានៅក្នុងការតាមដានជំងឺ ព្យាបាលអ្នកឈឺ និង ការពារកុំឱ្យមានការឆ្លងជំងឺកូវីដ ១៩ បន្ថែមទៀត។ បើតាមលោក W. Patrick Murphy អាមេរិកនៅតែបន្តកិច្ចសហការជាមួយប្រជាជនកម្ពុជាក្នុងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ដើម្បីដោះស្រា​យបញ្ហា​ប្រឈម​នានាដែល​មិន​ធ្លាប់​មាន​ពី​មុនមកនៃជំងឺកូវីដ១៩នេះ។

សូមបញ្ជាក់ថា បន្ថែមពីលើជំនួយរបស់អាមេរិកនេះ កម្ពុជាក៏បានទទួលបានជំនួយជាថវិកាពីសហភាពអឺរ៉ុបមានចំនួនប្រមាណ ៦០​លាន​ដុល្លារអាមេរិក។ រីឯ រដ្ឋាភិបាលអាល្លឺម៉ង់វិញ បានផ្តល់នូវទឹកប្រាក់១លាន៦សែនដុល្លារអាមេរិក ខណៈប្រទេសជប៉ុន និងចិន ជួយផ្តល់គ្រូពេទ្យជំនាញ និងបរិក្ខារពេទ្យចាំបាច់សម្រាប់ប្រទេសកម្ពុជា។ ដោយឡែក ប្រទេសវៀតណាម ក៏បានផ្តល់ថវិកាចំនួន២០​ម៉ឺនដុល្លារដល់កម្ពុជា និង​ឡាវ ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​នៃជំងឺកូវីដ​១៩​នេះដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ