អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

អ្នកនាំពាក្យក្រសួងសុខាភិបាលទាត់ចោលព័ត៌មានស្តីពីការឆ្លងរាលដាលកូវីដ១៩លើមន្ត្រីក្រសួងមហាផ្ទៃ និងស្នើឲ្យសមត្ថកិច្ចចាត់វិធានការ

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅរសៀលថ្ងៃចន្ទនេះ បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការលើអ្នកបំពុលសង្គម ជុំវិញព័ត៌មានដែលថាមានការឆ្លងវីរុសកូវីដ១៩ពីមន្ត្រីក្រសួងមហាផ្ទៃ លោក មិញ សុធីវណ្ណ។ ការថ្លែងរបស់លោកស្រី ឱ វណ្ណឌីន គឺធ្វើឡើងបន្ទាប់ពីមហាជនបានបង្ហោះសារតៗគ្នាតាមបណ្តាញសង្គម ថាលោក មិញ សុធីវណ្ណ ដែលជាអ្នកលេងភ្លេង និងជាឧត្តមសេនីយ៍ក្រសួងមហាផ្ទៃ បានឆ្លងវីរុសកូវីដ១៩ពីភរិយារបស់គាត់ ដែលទើបនឹងមកពីសហរដ្ឋអាមេរិក ដែលមានតេស្តវិជ្ជមានកូវីដ១៩។សារស្តីពីការចម្លងកូវីដ១៩ដ៏ខ្លី ដែលគេអះអាងថាបានមកក្រៅផ្លូវការពីក្មួយបង្កើត លោក មិញ សុធីវណ្ណ សរសេរថា ឥឡូវនេះអង្គភាពធ្វើការរបស់លោក មិញ សុធីវណ្ណ នៅក្រសួងមហាផ្ទៃត្រូវបានបញ្ជាឲ្យបិទ៣ថ្ងៃ ហើយគាត់អាចចម្លងទៅក្រុមគ្រួសារ កូនរបស់គាត់ សហការីរួមការងារ និងសហគមន៍ នៅក្នុងបុរីដែលគាត់រស់នៅដោយគាត់បានចូលរួមពិធីជប់លៀង ជួបជុំគ្នាជាហូរហែរប៉ុន្មានថ្ងៃមុននេះ។ ក៏ប៉ុន្តែ លោកស្រី ឱ វណ្ណឌីន បានច្រានចោលទាំងស្រុងនូវព័ត៌មាននេះ ថាជាព័ត៌មានមិនពិត។ដោយឡែក លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ ដែលជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលដែរនោះ បញ្ជាក់ប្រាប់អ្នកកាសែតបន្ថែមថា ក្រុមរបស់លោកមិញ សុធីវណ្ណ ចំនួន៩នាក់ ត្រូវបានក្រុមការងាររបស់លោកស្រី ហៅឲ្យទៅធ្វើតេស្តម្តងហើយកាលពីថ្ងៃទី២២កក្កដា ដោយមានលទ្ធផលអវិជ្ជមាន។ លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា នៅថ្ងៃស្អែកអ្នកទាំង៩នឹងត្រូវប្រាប់ឲ្យទៅធ្វើតេស្តម្តងទៀត៕

រូបភាព​៖លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
រូបភាព​៖លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល © FB
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ